ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌា បន្តពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំជាមួយគ្នាឱ្យកាន់តែរីកចម្រើន
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ ជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត ឥណ្ឌា ប្រចាំកម្ពុជា ដើម្បីបន្តពង្រឹងកិច្ចសហការជាមួយគ្នាបន្ថែមទៀតក្នុងវិស័យអប់រំ។

ក្រសួងអប់រំ បានបញ្ជាក់ថា នេះគឺជាលើកដំបូងរបស់ លោក Vanlalvawna Bawitlung ក្នុងនាមជាឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំនៅកម្ពុជា ចាប់តាំងពីខែកុម្ភៈមក ជួបពិភាក្សាការងារជាមួយក្រសួងអប់រំ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ រវាងប្រទេសទាំងពីរ ដោយបានរំលេចពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏សម្បូរបែប លើវិស័យវប្បធម៌ និងសាសនា ជាមួយកម្ពុជា ជាពិសេស ទំនាក់ទំនងជាច្រើនសតវត្សរវាងប្រជាជន និងប្រជាជន។ លោកក៏បានបញ្ជាក់ ពីចំណាប់អារម្មណ៍ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំឱ្យកាន់តែប្រសើរផងដែរ។

ជាមួយគ្នានេះ បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកឡើងពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងឥណ្ឌា ជាពិសេស ឥទ្ធិពលវប្បធម៌ឥណ្ឌាមានមកលើកម្ពុជា ហើយតាមរយៈទំនាក់ទំនងនេះ គឺជាគ្រឹះដ៏រឹងមាំឆ្ពោះទៅរកការអភិវឌ្ឍ និងវឌ្ឍនភាពនៃប្រទេសទាំងពីរ។ លោក ហង់ជួន ណារ៉ុន បន្ថែមថា៖ “កិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្តូរបទពិសោធនៃការសិក្សារវាងប្រទេសទាំងពីរ ការចែករំលែកចំណេះដឹងក្នុងវិស័យអប់រំឌីជីថល ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលជាផ្នែកសំខាន់សម្រាប់ឱ្យយុវជនកម្ពុជា ត្រៀមខ្លួនរួចរាល់ទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង”។

ក្រសួងអប់រំ ក៏បានគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗដែលស្ថាប័ន និងវិទ្យាស្ថានឥណ្ឌាមានបំណងចង់មកវិនិយោគលើវិស័យអប់រំក្នុងប្រទេសកម្ពុជាថែមទៀតផង។ លោកក៏បានអរគុណប្រទេសឥណ្ឌា ដែលតែងតែជួយគាំទ្រលើវិស័យអប់រំនៅកម្ពុជា តាមរយៈឱកាសអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាជាដើម។ លោក ហង់ជួន ណារ៉ុន សង្ឃឹមថា ប្រទេសទាំងពីរ នឹងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីភាពរីកចម្រើននៃប្រទេសទាំងពីរ៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


