Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញយន្តការមួយចំនួនដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​យន្តការ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ខណៈ​ឆ្នាំ ២០២៤ កន្លង​ទៅ បាន​ដោះស្រាយ​វិវាទ​ការងារ​ជាង ១ ៥០០ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ២៥ មេសា នេះ​ថា យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​រួមមាន ការ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ នៃ​ការ​ចរចា ការ​សម្របសម្រួល ការ​ផ្សះផ្សា គឺជា​យន្តការ​មួយ​ដើម្បី​ជួយ​បង្កើន​នូវ​កិច្ច​សន្ទនា​រវាង​ភាគី​វិវាទ​មាន​ឱកាស​ក្នុង​ការ​ស្វែងយល់​អំពី​កង្វល់ បញ្ហា​ប្រឈម និង​ផល​ប្រយោជន៍​រៀងៗ ខ្លួន។ កាត់បន្ថយ​ភាព​តានតឹង​រវាង​ភាគី​វិវាទ រក្សា​បាន​នូវ​ទំនាក់ទំនង​ល្អ​រវាង​កម្មករ-និយោជិត និង​និយោជក រក្សា​បាន​នូវ​ភាព​ជា​ម្ចាស់ នៃ​ដំណោះស្រាយ​នៅ​ក្នុង​វិវាទ ដោយ​ភាគី​វិវាទ​អាច​បង្កើត​នូវ​វិធាន និង​នីតិវិធី​ដោះស្រាយ​ផ្ទាល់ខ្លួន ដើម្បី​ទទួល​បាន​នូវ​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ បង្ហាញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ភាព​ស្មោះត្រង់ និង​ប្រកបដោយ​មនសិការ ព្រមទាំង​ចំណេញ​ពេលវេលា និង​ថវិកា​ទៀត​ផង។

លោក កត្តា អ៊ន បាន​បន្ត​ថា ក្រៅពី​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជា​បន្តបន្ទាប់​ជាមួយ​អន្តរក្រសួង ដៃគូ​សង្គម និង​ភាគី​ពាក់ព័ន្ធ រួម​ទាំង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា យ៉ាងណាក៏ដោយ ក្រសួង​ការងារ សូម​ស្វាគមន៍​រាល់​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព សម្រាប់​បញ្ហា​ទាំងឡាយ​ស្របតាម​តួនាទី​ភារកិច្ច​របស់​ក្រសួង​ការងារ និង​សូម​ស្វាគមន៍​រាល់​សកម្មភាព​រួមគ្នា ដើម្បី​ជា​ប្រយោជន៍​ជូន​ដល់​កម្មករ-និយោជិត និង​សង្គម​ទាំងមូល ដោយ​ប្រើប្រាស់​កិច្ច​សន្ទនា​សង្គម និង​យន្តការ​ត្រីភាគី​ក្នុង​ការ​អភិវឌ្ឍ​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ធ្វើ​ឱ្យ​សហគ្រាស​មួយ​ក្លាយ​ជា​សហគមន៍​សុខសាន្ត​មួយ។

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួង​ការងារ បាន​ដោះស្រាយ​វិវាទ​ការងារ​សរុប​ចំនួន ១ ៥៧០ ករណី ក្នុង​នោះ សះ​ជា​ចំនួន ១ ៣៤៤ ករណី (​ស្មើនឹង ៨៥,៦១%) មិន​សះ​ជា​ចំនួន ១៥៧ ករណី (​ស្មើនឹង ១០%) និង​មោឃៈ​ចំនួន ៦៩ ករណី (​ស្មើនឹង ៤,៣៩%) ក្នុង​ចំណោម​វិវាទ​ការងារ​សរុប​មាន​វិវាទ​បុគ្គល​ចំនួន ១ ៣៥៧ ករណី (​ស្មើនឹង ៨៦,៤៣%) និង​វិវាទ​ការងារ​រួម មាន​ចំនួន ២១៣ ករណី (​ស្មើនឹង ១៣,៥៧%)។

លោក កត្តា អ៊ន បាន​បន្ថែម​ទៀត​ថា អត្រា​សះ​ជា នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​ទាំង​នៅ​កម្រិត​មន្ត្រី​ផ្សះផ្សា និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ចំនួន ៨៧,៣២% ដែល​នេះ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ នៃ​ការ​កែសម្រួល​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​របស់ ក្រសួង ព្រមទាំង​ការ​យល់ដឹង​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដោះស្រាយ​វិវាទ ដែល​ធ្វើ​ឱ្យ​អត្រា​សះ​ជា​មាន​កម្រិត​ខ្ពស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម