Connect with us

KPT+

កាយវិការស្និទ្ធស្នាលរបស់ លោកត្រាំ និងជំទាវទី១ ​ក្នុងអាណត្តិនេះ ខុស​ឆ្ងាយ​ពី​អាណត្តិ​មុន​

បានផុស

នៅ

យោងតាមកាសែត Daily Mail កាលពីថ្ងៃទី ២៥ ខែមេសា ប្រធានាធិបតីអាមេរិក​ទី​​៤៧ លោក ដូណាល់ ត្រាំ និងជំទាវទី១ មេឡានៀ ត្រាំ បានចាកចេញពីសេតវិមាន ដើម្បីចូលរួមក្នុងពិធីបុណ្យ​​​​ថ្វាយ​ព្រះភ្លើង​របស់​ សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅទីលាន St. Peter’s Square នៃបុរីវ៉ាទីកង់ ខណៈមេដឹកនាំពិភពលោក និងសែរាជវង្សជាច្រើន ក៏បានបង្ហាញវត្តមាននៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី​នោះ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូមួយ គេឃើញប្រធានាធិបតីអាមេរិកវ័យ៧៨ឆ្នាំ បានបង្ហាញសកម្មភាពឱប​ថើប​ប្រពន្ធពីខាងក្រោយ ខណៈគាត់ដើរចូលទៅជិតឧទ្ធម្ភាគចក្រ Marine One ដែលចតនៅលើវាលស្មៅនៃសេតវិមាន។ ​​កាយវិការ​​របស់​​ប្រមុខរដ្ឋអាមេរិក​រូប​នេះ បង្ហាញ​ពី​ពេលវេលាដ៏រ៉ូមែនទិកនិងកម្រមួយរបស់គូស្នេហ៍ដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក ខណៈពេលដែលម្តងម្កាលលោកតែងតែបង្ហាញក្តីស្រលាញ់ចំពោះភរិយាក្នុងទឹកមុខស្ងប់ស្ងាត់ និងចៀសឆ្ងាយពីគ្នាប៉ុណ្ណោះ។

​ក្នុង​ពេល​កាន់អំណាច​របស់​ប្រធានាធិបតី​ត្រាំ​ក្នុង​អាណត្តិដំបូង (២០១៧ -​២០២១​) ប្រព័ន្ធផ្សព្វផ្សាយជាច្រើនធ្លាប់​បានចុះផ្សាយថា ​ជំទាវ​ទី​១​ មេឡានៀ ច្រានចោលការប៉ុនប៉ងរបស់ស្វាមី ដើម្បីកាន់ដៃគាត់​នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ។ អាកប្បកិរិយា​នេះ​បាន​ធ្វើ​ឲ្យ​អ្នកទាំងពីរ ត្រូវ​បាន​គេ​សង្ស័យ​ម្តង​ហើយ​ម្តង​ទៀត​ថា ​មាន​បញ្ហាល្អក់កករក្នុងនាមជាគូស្វាមីភរិយា និងអាចកំពុងត្រៀម​ខ្លួន​សម្រាប់​ការ​លែង​លះថែមទៀតផង។

មិនតែប៉ុណ្ណោះ នៅក្នុងសៀវភៅអនុស្សាវរីយ៍របស់ជំទាវទីមួយអាមេរិក ដែលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ ២០២៤ លោកស្រីបានលើកឡើងពីការចោទប្រកាន់ថា បានទះដៃស្វាមីក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ ២០១៧។

យោងតាមពិធីសារស្វាគមន៍ លោក ត្រាំ ដែលពេលនោះជាប្រធានាធិបតីអាមេរិក ត្រូវដើរទន្ទឹមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្តីប្រពន្ធរបស់ពួកគេនៅពីក្រោយ។ គ្រាន់តែគ្រានោះ លោក Netanyahu បាន​កាន់​ដៃ​ភរិយា​របស់​លោក ដែល​នាំ​ឲ្យ​អ្នក​ទាំង​បី​ដើរ​ទន្ទឹម​គ្នាពុំកើត។

អតីតតារាបង្ហាញម៉ូដរូបនេះថែមទាំង​អះអាងទៀត​ថា «កម្រាលព្រំក្រហមមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកយើងទាំងបួននាក់ដើរក្បែរគ្នានោះទេ។ ខ្ញុំបានអនុញ្ញាតឲ្យស្វាមគីខ្ញុំបន្តដើរជាមួយនាយករដ្ឋមន្រ្តី និងភរិយា ដោយជ្រើសរើសដើរពីក្រោយគាតវិញ។ ពេលប្តីខ្ញុំលើកដៃខ្ញុំបដិសេធដោយនិយាយថា ខ្ញុំសប្បាយចិត្តណាស់ដែលបានដើរដោយខ្លួនឯង។ វាជាកាយវិការតូចមួយ គ្មានអ្វីលើសពីនេះទេ»។

ទោះជាយ៉ាងក៏ដោយ ដំណើរទៅកាន់បុរីវ៉ាទីកង់ក៏ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍មួយចំនួនដែលលោកស្រី មេឡានៀ បានចូលរួមជាមួយលោកត្រាំ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមាន។ ក្នុងអំឡុងពេលអាណត្តិទីពីររបស់ស្វាមី លោកស្រីនៅតែកម្របណ្ដើរគ្នាជាមួយស្វាមីដដែល។ លើកចុងក្រោយដែលស្រ្តីវ័យ៥៥ឆ្នាំបង្ហាញមុខជាសាធារណៈជាមួយស្វាមី គឺនៅក្នុងព្រឹត្តិការណ៍ Easter egg roll កាលពីថ្ងៃទី ២១ ខែមេសា៕

លោកត្រាំ និងភរិយា នៅទីក្រុងរ៉ូមកាលពីថ្ងៃទី ២៥ ខែមេសា រូបថត៖ Shutterstock

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំទាវទី១អាមេរិក នៅតែបញ្ចេញឥទ្ធិពលខ្លាំង និងលេចធ្លោពេលបណ្ដើរជាមួយស្វាមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម