ព័ត៌មានអន្ដរជាតិ
នយោបាយពន្ធធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះនៅត្រីមាសទី១ ផ្ទុយពី ត្រាំ សន្យា
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រមាណ ០,៣ ភាគរយ នៅត្រីមាសទី១ចន្លោះពីខែមករាដល់ខែមីនា ដើមឆ្នាំ ២០២៥ នេះ ដោយផ្ទុយពីអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាថានឹងពង្រឹងវាឡើងក្នុងវោហាសាស្រ្តនយោបាយរបស់លោក ដែលនេះបណ្ដាលមកពីផលរំខានលើអាជីវកម្មនៃគោលនយោបាយពន្ធគយរបស់លោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

យោងតាមទិន្នន័យបឋមដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងពាណិជ្ជកម្ម វាគឺជាការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ ២០២២ ដែលកាលនោះ សេដ្ឋកិច្ចពិភពលោកក្រោយវិបត្តិកូវីដ១៩ រងការញុាំញីដោយសង្រ្គាមនៅអ៊ុយក្រែន។ សេដ្ឋកិច្ចអាមេរិក បានកើនឡើង ២,៤ ភាគរយ នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤។
ទិន្នន័យបន្ថែមថា ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង ១,៨ ភាគរយ នៅត្រីមាសទី ១ ដដែល (ធៀបនឹងកំណើន ៤ ភាគរយ នៅត្រីមាសមុន) ដោយខ្សោយបំផុតរាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២៣ ស្របពេលដែលទំនុកចិត្តអាជីវកម្មក្នុងស្រុកអាមេរិកធ្លាក់ចុះដោយសារតែវិធានការពន្ធគយ។
កំណើននៃការនាំចូលរហូតដល់ ៤១ ភាគរយ ពោលគឺខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០២០ (បើមិនរាប់វិបត្តិកូវីដ វាគឺជាអត្រាខ្ពស់បំផុតរាប់តាំងពីឆ្នាំ ១៩៧២) រួមចំណែកដល់ការធ្លាក់ចុះ GDP ប្រមាណ ៥ ពិន្ទុ ឬម្យ៉ាងទៀត អាចនិយាយបានថា ឱនភាពពាណិជ្ជកម្មដោយសារការនាំចូលខ្ពស់ ទម្លាក់ GDP។ មុន ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា មានសេចក្ដីរាយការណ៍ថា ការនាំចូលរបស់សហរដ្ឋអាមេរិកបានកើនឡើងដោយសារតែអាជីវកម្មបង្កើនការបញ្ចូលទំនិញក្នុងស្តុក មុនពន្ធគយទ្រង់ទ្រាយធំចូលមកដល់។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ សេដ្ឋវិទូបានលើកឡើងថា សេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងវិញនៅត្រីមាសទី២នេះ នៅពេលកំណើននៃការនាំចូលធ្លាក់ចុះមកវិញ យ៉ាងណាមិញ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែមាន។
ថ្លែងកាលពីរសៀលថ្ងៃពុធនៅឯព្រឹត្តិការណ៍ក្នុងសេតវិមាន ដែលចូលរួមដោយមេដឹកនាំអាជីវកម្ម លោក ត្រាំ បានស្តីបន្ទោសអតីតប្រធានាធិបតី ចូ បាយដិន ចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជាសេដ្ឋកិច្ចរបស់ បៃដិន ពីព្រោះយើងបានចូលកាន់អំណាចនៅថ្ងៃទី ២០ ខែមករា។ ខ្ញុំគិតថា អ្នកត្រូវតែផ្តល់ពេលឱ្យយើងបន្តិចដើម្បីជំរុញទៅមុខ»។ នេះបើតាមការស្រង់សម្ដីរបស់បណ្ដាញសារព័ត៌មាន BBC។
ការថ្លែងរបស់លោក ត្រាំ ដូច្នេះ ត្រូវបានច្រានចោលដោយអ្នកនយោបាយគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ដែលទាមទារឱ្យលោក ត្រាំ មានទំនួលខុសត្រូវលើបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន។
គួរគូសបញ្ជាក់ថា ទិន្នន័យស្ដីការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិក ចេញផ្សាយឡើងចំពេលដែលពិភពលោកធ្លាក់ចុះទៅក្នុងភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចដោយសារតែគោលនយោបាយពន្ធគយរបស់រដ្ឋបាល ត្រាំ រួមទាំងពន្ធគយបដិការ ដែលដាក់លើស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ទោះបីជាមានការព្រមានផ្សេងៗជុំវិញផលវិបានសេដ្ឋកិច្ចក្នុងស្រុក ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ក៏ដូចជាការធ្លាក់ចុះពាណិជ្ជកម្ម ពីសេដ្ឋវិទូ និងស្ថាប័នជំនាញនានា ក្នុងពេលកន្លងមកក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


