ព័ត៌មានជាតិ
រយៈពេល ៣ខែដើមឆ្នាំ២០២៥ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ កើនឡើង ២០.១%
ភ្នំពេញ ៖ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

លោកបានបន្តថា ទីផ្សារអាស៊ាន មានកំណើន ២៤ភាគរយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨ភាគរយ ដោយឡែកទីផ្សារជប៉ុនក៏មានកំណើន ១៩,៩ភាគរយ។ សូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត ២៥,៧ភាគរយផងដែរ។
លោក ស៊ុន មេសា បានបញ្ជាក់ថា “ក្នុងរយៈពេលបីខែតាមឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការនាំចេញផ្នែកផលិតផលធ្វើដំណើរវាយនភ័ណ្ឌវិស័យកាត់ដេររបស់យើង គឺកើនឡើងប្រមាណជាង ២០ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្ថិតនៅក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជាវិញបានល្អប៉ុណ្ណេះ គួរតែជាទីមោទនៈសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា”។
ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានបញ្ហាអ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ ហើយកំណើនការងារដែលកើតចេញពីវិស័យវាយនភ័ណ្ឌកាត់ដេរ ក៏មានការកើនឡើងជាបន្តបន្ទាប់តាមរយៈលំហូរវិនិយោគពីបរទេស ដោយសារនិយោជកបរទេសមានភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលរក្សាបាននូវសន្ដិភាពពេញលេញ។

លោកបញ្ជាក់ថា “ក្នុងនាមសហជីព ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញតួលេខកំណើននៃនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរជាក់លាក់បែបនេះ ព្រោះជាការបង្ហាញឱ្យឃើញថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានផលប៉ះពាល់អ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ”។

លោកបានគាំទ្រចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជុំវិញកំណើននៃការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា ដោយសារនេះជាស្ថានភាពជាក់ស្ដែងដែលឆ្លុះបញ្ចាំងឱ្យឃើញពីសុខភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា។
លោកបានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្មារតីដើមបំពេញកិច្ចការងាររបស់ខ្លួនទៅមុខទៀត ដោយជៀសវាងការជឿតាមការញុះញង់ពីបុគ្គលមួយចំនួននៅក្រៅប្រទេស និងអង្គការចាត់តាំងក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងតែសន្និដ្ឋានខុសពីការពិតដោយគ្មានភ័ស្ដុតាងជាក់លាក់៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


