ព័ត៌មានជាតិ
ប្រុងប្រយ័ត្ន!ក្រសួងសុខាភិបាលថា ប៉ុន្មានខែចុងក្រោយនេះកម្ពុជាមានការឆ្លងថ្មីវីរុសកូវីដ-១៩
ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនពីការចម្លងវីរុសកូវីដ ១៩ ខណៈប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានរកឃើញការចម្លងថ្មីនៃជំងឺកូវីដជាបន្តបន្ទាប់ ស្របពេលដែលវីរុសបំប្លែងខ្លួនក៏កំពុងផ្ទុះរីករាលដាលជាថ្មីក្នុងកម្រិតតំបន់ និងលើពិភពលោក។

សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ស្តីពីការបង្កើនការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ចុះថ្ងៃទី ១២ ខែឧសភា បានអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងផ្នែកសាធារណៈនិងឯកជន អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់ខ្លួន និងទីកន្លែងធ្វើការរបស់ខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នា ដើម្បីបញ្ចៀសនូវការ រីករាលដាលក្នុងសហគមន៍ ដែលអាចកើតមានជាយថាហេតុ។
ក្រសួងបញ្ជាក់ថា៖« នៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ»។

ការក្រើនរំឭកជាថ្មីនេះ ខណៈស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។
បច្ចុប្បន្ន អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទ (JN.1) ត្រូវបានរកឃើញមានជាង ១៥ភាគរយនៃករណីជំងឺកូវីដ ដែលបានរកឃើញនៅទូទាំងពិភពលោក។
ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ិន១ នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអ៊ិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទអូមីក្រុងពីមុននោះទេ។
ទោះជាយ៉ាងណាក៏ដោយ ជេអ៊ិន១ បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស។
ថ្វីត្បិតតែជេអ៊ិន១ មានហានិភ័យសុខភាពសាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។

គិតត្រឹម ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកឆ្លងសរុប ១៣៩ ៣៤២ នាក់ ព្យាបាលជាសះស្បើយ ១៣៦ ២៧៧ នាក់ និងករណីស្លាប់ ៣ ០៥៦ នាក់ ។ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ២១ ២៤៦ និង ករណីឆ្លងក្នុងសហគមន៍ ១៧ ៥១២ នាក់ ហើយកាលពីថ្ងៃទី ១០ ឧសភា មានករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ៣នាក់ បន្ថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


