Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ការទូត​កំពូល​អាមេរិក ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សន្តិភាព​អ៊ុយក្រែន​នៅ​តួកគី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលហើយ​ ដើម្បីចូលរួមការចរចាសន្តិភាព​រវាងរុស្ស៊ី និងអ៊ុយក្រែន ដែល​​មាន​តួកគីធ្វើជាម្ចាស់ផ្ទះ។ កិច្ចចរចា​សន្តិភាព​នេះ គ្រោង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​១៦ខែ​ឧសភា​ឆ្នាំ​២០២៥​នេះ នៅ​ឯ​​ការិយាល័យ​ប្រធានាធិបតី Dolmabahçe ដែល​នេះ​គឺ​ជា​ការ​ពិភាក្សាដោយផ្ទាល់​លើកដំបូងរវាង​ក្រុង​កៀវ និង​ក្រុង​មូស្គូ​ក្នុងរយៈពេលជាង​៣​ឆ្នាំ​បន្ទាប់ពី​ផ្ទុះ​សង្គ្រាម។

លោក Rubio កំពុង​ចុះ​ពី​លើ​យន្តហោះ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល (រូបថត៖ Hurriyet)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​នេះ មាន​ដូចជា រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan, គណៈប្រតិភូអាមេរិកដឹកនាំដោយ​លោក Rubio, គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov និងគណៈប្រតិភូរុស្ស៊ីដឹកនាំដោយ​​លោក Vladimir Medinsky ដែល​ជា​ទីប្រឹក្សាប្រធានាធិបតី​ វ៉្លាឌីមៀរ ពូទីន។

លោក Rubio បាននិយាយថា គណៈប្រតិភូអាមេរិកនឹងជួបជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីអ៊ុយក្រែន និងចូលរួមក្នុងការចរចា​រវាង​រុស្ស៊ី-អ៊ុយក្រែន។

ថ្វី​ត្បិត​​នេះ​គឺ​ជា​កិច្ច​ពិភាក្សា​ដោយ​​ផ្ទាល់​រវាង​ភាគី​ជម្លោះ លោក Rubio បានសម្តែងការមន្ទិលសង្ស័យអំពីការសម្រេចបាននូវ​ការ​ឯកភាព​​គ្នា ដោយលើកឡើងពីអវត្តមានរបស់ប្រធានាធិបតី ពូទីន និង​ការ​បញ្ជូន​តំណាងថ្នាក់ទាប​ពេក​របស់​រុស្ស៊ី។ លោក​បាន​សង្កត់​ធ្ងន់​ថា ដំណើរការ​​​ដែល​មាន​ប្រយោជន៍​ ទំនង​ជា​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ផ្ទាល់​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ ពូទីន។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បានរិះគន់គណៈប្រតិភូរុស្ស៊ីផងដែរ ដោយ​ហៅ​ពួក​គេ​ថា​ជា «ទីងមោង»និងចោទសួរអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូចំពោះដំណើរការសន្តិភាព។

លោក ពូទីន, លោក ត្រាំ និង​លោក ហ្សេលេនស្គី (រូបថត៖ ABC News)

សូមជម្រាបជាថ្មី កាលពីសប្តាហ៍មុន លោក ពូទីន បានស្នើ​ឲ្យ​​មាន​​កិច្ច​ចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅ​ទីក្រុង​ អ៊ីស្តង់ប៊ុល ដោយ​​និយាយ​ថា ការ​ពិភាក្សា​​មិន​គួរ​ពន្យារ​ពេល​​ត​ទៅ​ទៀត​ទេ ​បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​ក្នុងខែកុម្ភៈឆ្នាំ​២០២២។

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនមានឈ្មោះក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ីដែលនឹងត្រូវទៅប្រទេសតួកគីទេ ផ្ទុយទៅវិញ គណៈប្រតិភូនេះនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតី ហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin, អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេចារកម្មយោធា Igor Kostyukov ផងដែរ។

ដូច្នេះហើយ គេមើលឃើញថា ជំនួបកំពូលនេះបានដួលរលំបាត់ទៅហើយ ព្រោះតែអវត្តមានលោកពូទីន ដែលជំរុញ​ឲ្យ​លោកត្រាំ និង​ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏​​ប្រកាស​ដកខ្លួនចេញដូចគ្នា៕

ដោយ៖ ឈាង

ចុចអាន៖ ហ្សេលេនស្គី ខកចិត្ត​ដែល​​ថា អ៊ុយក្រែន​រង​សម្ពាធការទូត​ច្រើន​ជាង​រុស្ស៊ី​ទៅ​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម