Connect with us

ព័ត៌មានអន្ដរជាតិ

Netanyahu ចោទ ៣ប្រទេស ថា កាន់ជើងក្រុមហាម៉ាស

បានផុស

នៅ

ក្រោយអង់គ្លេស បារាំងនិងកាណាដា ចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងហ្ស៊េរុយសាឡិម នៅតំបន់ហ្គាហ្សានោះ ស្រាប់តែពេលនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បញ្ចេញប្រតិកម្មខ្លាំងៗ ដោយស្តីបន្ទោសចំមុខមេដឹកនាំប្រទេសទាំងបីថា កាន់ជើងក្រុមហាម៉ាស។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារទៅ២០ខែឧសភាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រី​អង់គ្លេស Keir Starmer, ប្រធានាធិបតី​បារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រី​កាណាដា Mark Carney បានចេញមុខថ្កោលទោស​សកម្មភាព​របស់អ៊ីស្រាអែលថា ជា​ទង្វើ​​ហួស​ហេតុ ហើយទាមទារ​ឲ្យ​បញ្ចប់ជាបន្ទាន់ចំពោះប្រតិបត្តិការ​​យោធានិងការរឹតបន្តឹងលើជំនួយ​នៅ​តំបន់​ហ្គាហ្សា។

មេដឹកនាំទាំងបីបានសង្កត់ធ្ងន់ថា ជំនួយមានកម្រិតដែលអនុញ្ញាត​​ឲ្យ​ចូលទៅក្នុងហ្គាហ្សាគឺមិនគ្រប់គ្រាន់​ទេ ចំពេលមានការព្រមានអំពីគ្រោះទុរ្ភិក្សដែលជិតមកដល់។ លើសពីនេះ អ្នកទាំងបីក៏គំរាមចាត់វិធានការ​ខ្លាំងផងដែរ បើមិនបញ្ឈប់ការវាយលុកនិងទប់ស្កាត់ជំនួយ។

លោក Mark Carney, លោក Emmanuel Macron និង​លោក Keir Starmer (រូបថត៖ Reuters)

ការអះអាងបែបនេះ ធ្វើឲ្យលោក Netanyahu ក្តៅស្លឹកត្រចៀក ដោយចោទ Starmer, Macron និង Carney ថា ពួកគេប្រហែលជាចង់ឲ្យក្រុមហាម៉ាស កាន់អំណាចហើយ ព្រមទាំងនិយាយថា ពួកគេកំពុងកាន់ជើងពួកឃាតករ អ្នកចាប់ជំរិតនិងជនរំលោភសេពសន្ថវៈ។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គម X និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រទី២៣ខែឧសភាឆ្នាំ២០២៥ «មេដឹកនាំទាំងបីចង់ឲ្យអ៊ីស្រាអែលចុះចាញ់ ហើយទទួលស្គាល់ថាកងទ័ពនៃពួកឃាតករហាម៉ាស នឹងអាចនៅរស់រានមានជីវិត។ ក្រុមហាម៉ាសចង់កម្ទេចអ៊ីស្រាអែលនិងបំផ្លាញប្រជាជនជ្វីហ្វ។ ខ្ញុំ​មិន​អាច​យល់​ថា​តើ​ការ​ពិត​ដ៏​សាមញ្ញ​នេះ​គេច​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​បារាំង អង់គ្លេស កាណាដា និង​អ្នក​ដទៃ​យ៉ាង​ណា​នោះ​ទេ។ ខ្ញុំសូមប្រាប់លោក Macron, Carney និង Starmer ថា នៅពេលឃាតករសម្លាប់រង្គាល អ្នករំលោភសម្លាប់ទារក និងអ្នកចាប់ជំរិត អរគុណអ្នក នោះអ្នកនៅខាងអយុត្តិធម៌ហើយ។ អ្នកនៅខាងខុសទាំងមនុស្សជាតិនិងប្រវត្តិសាស្រ្ត»។

(រូបថត៖ Getty)

សូមជម្រាបថា ប្រតិកម្មរបស់លោក Netanyahu កើតឡើងស្របពេល រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន Majed Abu Ramadan ចេញរបាយការណ៍ថា កុមារនិងមនុស្សចាស់ចំនួន២៩នាក់ ត្រូវបាត់បង់ជីវិត ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្គាហ្សា។

ទន្ទឹមនោះ អង្គការសហប្រជាជាតិនិងអង្គការជំនួយនានា រួមទាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផងដែរនោះ បានព្រមានថា ទោះមានរថយន្តដឹកជំនួយមួយចំនួន បានចូលដល់តំបន់ហ្គាហ្សាក៏ដោយ ប៉ុន្តែវានៅខ្វះខាត​ច្រើន​ណាស់​ ទាល់តែមានរថយន្តដឹកជំនួយ៥០០គ្រឿងក្នុងមួយថ្ងៃឯណោះ ទើបអាច​បង្ការ​គ្រោះទុរ្ភិក្សនៅទីនោះបាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណេតាន់យ៉ាហ៊ូ៖ ការ​គំរាមរបស់​​អង់គ្លេស-បារាំង-កាណាដា ដូចជា​ការ​ឲ្យ​​កាដូ​ដ៏​ធំដល់​ក្រុម​ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម