កីឡា
អារម្មណ៍រំជើបរំជួល Odawara ប្តេជ្ញាយកពានជូនលោកគ្រូ Monuz ចុងក្រោយ
ខ្សែការពារ Takashi Odawara បានបង្ហាញអារម្មណ៍រំជើបរំជួលចំពោះការចាកចេញរបស់លោក Pep Monuz ពីតួនាទីជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ប៉ុន្តែរូបគេបានប្តេជ្ញាស្វែងរកពានរង្វាន់ចុងក្រោយជូនលោកគ្រូ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ កីឡាករ Takashi Odawara បាននិយាយថា ៖«ថ្ងៃស្អែកគឺជាពេលវេលាដ៏រំភើបរីករាយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពីព្រោះយើងមានការប្រកួតជាច្រើននៅក្នុងរដូវកាលនេះ។ ជារដូវកាលមួយដ៏មមាញឹក ប៉ុន្តែយើងបានរួមគ្នាបង្ហាញសមត្ថភាពដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយសម្រាប់ការប្រកួតថ្ងៃស្អែក ហើយយើងនឹងលើកពាន»។

កីឡាករបានបន្តថា ៖«ដូចយើងដឹងហើយ ការប្រកួតនេះគឺជាពេលវេលាចុងក្រោយរបស់លោកគ្រូ Pep។ ខ្ញុំបានគិតថា លោកបានផ្តល់ឲ្យក្លិបច្រើនណាស់នៅក្នុងពីររដូវកាល។ ជាអារម្មណ៍ផ្ទាល់ខ្លួន ខ្ញុំពិតជាកោតសរសើរលោកខ្លាំងណាស់។ លោកបានផ្តល់ច្រើនណាស់ដល់ការប្រកួតនៅលើទីលាន ហើយខ្ញុំក៏ជឿថា កីឡាករផ្សេងៗទៀតក៏មានអារម្មណ៍ដូចខ្ញុំដែរ។ ដូច្នេះសម្រាប់ថ្ងៃស្អែក ខ្ញុំនឹងយកពានមួយនេះសម្រាប់ក្លិប ប៉ុន្តែជាពានពិសេសសម្រាប់ជូនលោកគ្រូ Pep ដែរ»។

ក្រោយចប់ការនិយាយដោយមានសំដីមួយៗ និងសំឡេងហាក់រំជើបរំជួល លោក Pep Monuz បានយល់ពីអារម្មណ៍ដោយបានយកដៃស្ទាបអង្អែលក្បាលរបស់កីឡាករ Odawara។

ក្នុងរយៈពេលពីររដូវកាលនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានរួមចំណែកយ៉ាងធំធេងឲ្យក្លិប ព្រះខ័នរាជស្វាយរៀង ទទួលបានជោគជ័យទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ។ លោកបានជួយក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជាពីររដូវកាលជាប់គ្នា (២០២៣-២៤ និង២០២៤-២៥, ឈ្នះពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់២០២៤, ឈ្នះពានសម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ និងទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់អាស៊ី AFC Challenge League រដូវកាល២០២៤-២៥។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកបានដឹកនាំព្រះខ័នរាជស្វាយរៀងចំនួន ៨៨ប្រកួត គឺឈ្នះ ៦៧ប្រកួត ស្មើ៨ប្រកួត និងចាញ់១៣ប្រកួត។ ក្នុងចំណោមការប្រកួតទាំងអស់នេះមានភាពរំជើបរំជួល រំភើបរីករាយ និងអស្ចារ្យជាច្រើនរវាងក្រុមការងារគ្រូបង្វឹក ក្រុមកីឡាករ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រ៕


អត្ថបទ៖ វីរបុត្រ

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក