ព័ត៌មានអន្ដរជាតិ
ជួយត្រាំត្រឹម៤ខែ Elon Musk លាលែងពីតំណែង ក្រោយការស្នើច្បាប់ថវិកាថ្មី ខុសពីអ្វីដែលលោកប្រឹងកាត់ចំណាយ
លោក Elon Musk បានលាលែងពីតំណែងជាផ្លូវការ ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយបញ្ចប់កិច្ចខិតខំប្រឹងប្រែងដ៏ចម្រូងចម្រាស ដើម្បីបង្រួមទំហំចំណាយរបស់រដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៩ខែឧសភានេះ។

លោក Musk ដែលបានដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋសហព័ន្ធលើកម្មវិធីនានារបស់រដ្ឋបាលសហរដ្ឋអាមេរិក។ ការចាកចេញរបស់មហាសេដ្ឋីកំពូលរូបនេះ ត្រូវបានប្រកាសតាមរយៈការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក។
លោក Musk បានចូលរួមជាមួយរដ្ឋបាលលោក ត្រាំ ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆតាសន្សំប្រាក់ ២ទ្រីលានដុល្លារ តែលោកត្រូវបានបង្ខំឱ្យកាត់បន្ថយគោលដៅនោះមកត្រឹមតែ ១៥០ពាន់លានដុល្លារប៉ុណ្ណោះ។ លោកបានតស៊ូក្នុងបរិយាកាសនយោបាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងទាំងនៅក្នុងរដ្ឋបាល និងពីសមាជិកសភា ហើយតែងតែប៉ះទង្គិចជាមួយមន្ត្រីជាន់ខ្ពស់។
ការសម្រេចចិត្តរបស់លោកក្នុងការចាកចេញបានកើតឡើងភ្លាមៗ បន្ទាប់ពីលោកបានរិះគន់ជាសាធារណៈចំពោះសេចក្ដីព្រៀងច្បាប់ចំណាយដ៏សំខាន់ដែលគាំទ្រដោយលោក ត្រាំ។ លោកបានហៅសេចក្តីព្រៀងច្បាប់នោះថាជា «សេចក្ដីព្រៀងច្បាប់ចំណាយដ៏ធំ» ដែលបង្កើនឱនភាពការចំណាយសហព័ន្ធនិងផ្ទុយនឹងបេសកកម្មរបស់លោក។
ថ្វីបើមានការខិតខំប្រឹងប្រែងរបស់លោកក៏ដោយ ក៏សេចក្តីព្រាងច្បាប់នេះបានចូលដល់ដៃសភា ដែលបង្កឱ្យមានការជជែកដេញដោលនៅក្នុងព្រឹទ្ធសភា។ ការរិះគន់របស់លោក ក៏មានការគាំទ្រក្នុងចំណោមសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានយល់ស្របនឹងការព្រួយបារម្ភរបស់លោក។
ទោះបីជាជោគជ័យមានកម្រិតក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ លោក Musk បាននាំឱ្យមានការស្នើសុំកាត់បន្ថយចំនួន ១.១ពាន់លានដុល្លារសម្រាប់ការផ្សាយជាសាធារណៈ និង ៨.៣ ពាន់លានដុល្លារជាជំនួយបរទេស។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមានការសង្ស័យពីផលប៉ះពាល់ ដោយសារតែការិយាល័យថវិកាសភាព្រមានថាសេចក្ដីព្រៀងច្បាប់នេះអាចបន្ថែម ៤ពាន់ពាន់លានដុល្លារដល់បំណុលរបស់ប្រទេស។
លើសពីនេះ លោក Musk បានសារភាពពីការខកចិត្តរបស់លោកជាមួយនឹងការិយាធិបតេយ្យរបស់រដ្ឋាភិបាល ហើយបាននិយាយថា លោកនឹងកាត់បន្ថយការចូលរួមផ្នែកនយោបាយ។ លោកបានប្រាប់កាសែត Washington Post ថា «ស្ថានភាពការិយាធិបតេយ្យរបស់រដ្ឋសហព័ន្ធគឺអាក្រក់ជាងអ្វីដែលខ្ញុំបានដឹង»។ លោកក៏បាននិយាយថា លោកមានគម្រោងកាត់បន្ថយការចំណាយផ្នែកនយោបាយដោយបញ្ជាក់ថា៖«ខ្ញុំគិតថាខ្ញុំបានធ្វើបានគ្រប់គ្រាន់ហើយ»។
គួរបញ្ជាក់ថា មុនពេលចូលកាន់តួនាទីរដ្ឋាភិបាលរបស់គាត់ លោក Musk ធ្លាប់ជាអ្នកគាំទ្រលោក ត្រាំ ដ៏លេចធ្លោ ដោយបានបរិច្ចាគ ២៥០ លានដុល្លារដល់យុទ្ធនាការរបស់លោក ត្រាំ ។ ចំណែកលោក ត្រាំ បានសរសើរ Musk ថាជា «ជនជាតិអាមេរិកដ៏អស្ចារ្យ» ថែមទាំងបង្ហាញការគាំទ្រដល់ក្រុមហ៊ុនអគ្គិសនី Tesla របស់លោក Musk ទៀតផង។
ឥឡូវនេះ Musk គ្រោងនឹងផ្តោតលើក្រុមហ៊ុនរបស់គាត់ឡើងវិញគឺ Tesla និង SpaceX ខណៈពេលដែលវាបោះជំហានថយក្រោយបន្ទាប់ពីការចូលរួមផ្នែកនយោបាយរបស់លោក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


