Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី អំពាវនាវជាសកលប្រយុទ្ធនឹងការបំផុលប្លាស្ទិក ដើម្បីមនុស្សជំនាន់ក្រោយ

បានផុស

នៅ

អញ្ជើញចូលរួម សន្និសីទ អ.ស.ប. ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាសកលចូលរួមប្រយុទ្ធនឹងការបំពុលដោយប្លាស្ទិក ដើម្បីអនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង។​ ការអំពាវនាវនេះ ស្របពេលសម្តេចធិបតី អញ្ជើញចូលរួមសន្និសីទ ដែលធ្វើឡើងក្រោមប្រធានបទ “ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» ចាប់ពីថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អញ្ជើញថ្លែងចេញពីវេទិកាអន្តរជាតិ សម្តេចធិបតី បានសម្តែងនូវការគាំទ្រយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ឯកភាពលើសេចក្តីប្រកាសនយោបាយសន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើ វិទ្យាសាស្ត្រ
នវានុវត្តន៍ និងសមធម៌។

បន្ថែមលើនេះ សម្តេចធិបតី បានអំពាវនាវជាសកលដើម្បីប្រយុទ្ធនឹងការបំពុលដោយប្លាស្ទិក តាមរយៈការប្រកាសគាំទ្រ «សេចក្តីអំពាវនាវទីក្រុងនីស» ដែលផ្តួចផ្តើមដោយសមាជិកភាគច្រើននៃ គណៈកម្មាធិការចរចាអន្តររដ្ឋាភិបាលពាក់ព័ន្ធការបំពុលដោយប្លាស្ទិក ។ សម្តេចបញ្ជាក់ថា៖«កិច្ចខិតខំប្រឹងប្រែងនេះនឹងជំរុញឱ្យភាគី ពាក់ព័ន្ធទាំងអស់ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចអនុម័តនូវសន្ធិសញ្ញាប្លាស្ទិកមួយ ប្រកបដោយមហិច្ឆិតា ភាពជាសកល ប្រសិទ្ធភាព និងដែលចងកាតព្វកិច្ចនៅសម័យប្រជុំបន្ទាប់របស់ INC នាពេលខាងមុខនេះ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបញ្ចប់នូវការបំពុលដោយប្លាស្ទិក សម្រាប់អនាគតមនុស្សជំនាន់ក្រោយ និងផែនដីរបស់យើង»។

ចំពោះការបញ្ជាក់ពីការប្តេជ្ញាចិត្តលើពហុភាគីរបស់កម្ពុជា សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជា តែងចូលរួមបោះឆ្នោតគាំទ្រយ៉ាងទៀងទាត់លើសេចក្តីសម្រេចចិត្តស្តីពី “មហាសមុទ្រ និងច្បាប់សមុទ្រ” ដែល ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអ.ស.ប.។

សម្តេចធិបតី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងឱកាសក្នុងការទទួលបានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាសមុទ្រ និងធនធានសម្រាប់ការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងការអភិរក្សសមុទ្រ ដោយធានាថាស“មិនទុកចោលប្រទេសណាមួយឡើយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្ររបស់យើង”។

ក្នុងអំឡុងពេលនៃសន្និសីទនេះ កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (កិច្ចព្រមព្រៀង BBNJ)។កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជាចំពោះ ការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក រួមមាន ការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទិក ការថយចុះយ៉ាង ឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួសហេតុពីធនធានសមុទ្រ ព្រមទាំងបាន អំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ លើមុំចំនួនបី គឺ ភាពស្អាត, ភាពបៃតង និងនិរន្តរភាព ដែលនឹងរួមចំណែកយ៉ាងសំខាន់ និងការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ររបស់កម្ពុជា។ សម្តេចបន្តថា៖«កម្ពុជាប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារមហាសមុទ្រ រួមមាន ការពង្រីកតំបន់ ការពារដែនសមុទ្រ ការពង្រឹងបទបញ្ញត្តិពាក់ព័ន្ធវិស័យជលផលប្រកបដោយនិរន្តរភាព សកម្មភាពប្រឆាំងនឹងការបំពុលសមុទ្រ ជាពិសេស ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃប្លាស្ទិក»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម