Connect with us

ព័ត៌មានជាតិ

លោក​នេត្រ ភក្ត្រា ៖ ការ​ចូលរួមមូលនិធិ​គីណាល់​ពី​សប្បុរសជន និង​បណ្តា​ក្រុមហ៊ុន​នានា គឺ​ជា​គាំទ្រ​ខឿន​ការពារជាតិ​របស់​ប្រជាជនឱ្យកាន់តែរឹងមាំ

បានផុស

នៅ

ភ្នំពេញ ៖ លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែង​បញ្ជាក់​ថា ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ជា​សម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ ពី​បណ្តា​សប្បុរសជន និង​ក្រុម​ហ៊ុន​នានាក្នុងវិស័យឯកជន សម្រាប់​ចែក​ជូន​ដល់​កង​ទ័ព​ជួរ​មុខ គឺ​ជា​ការ​ផ្សារភ្ជាប់​រវាង​អ្នក​នៅជួរមុខ និងអ្នកនៅជួរ​ក្រោយ​និង​ជា​ការ​ដឹង​គុណ​ចំពោះ​ការ​លះបង់​របស់កងទ័ពក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា ឱ្យ​បាន​គង់វង្ស​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យេីង​ទាំងអស់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ថ្លែង​របស់ លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង​ឱកាស​ទទួល​អំណោយ​ថ្នាំ​ពេទ្យ​ពី មូល​និធិ​គីណាល់ យក​មក​ប្រគល់​ជូន​ដោយ លោក តិច ស៊ីម៉ូ នាយក​គ្រប់គ្រង​ពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថ ប៉េប៉េអឹម ជា​តំណាង​ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធាន​មូល​និធិ​គីណាល់ និង​ជា​ប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

អំណោយរបស់មូលនិធិគីណាល់ ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះមាន ឱសថប៉េប៉េអឹម និងប៉េប៉េអឹមត្រេត ចំនួនប្រាំពីរមុខរួមមាន ឱសថ KINAL សម្រាប់បំបាត់ការឈឺចុកចាប់, RHINEX ថ្នាំបំបាត់ផ្តាសាយ , CALSEPTINE ថ្នាំបៀមបំបាត់ការឈឺក , CALTOU ថ្នាំបំបាត់ក្អកស្ងួត, DIARYL ថ្នាំបំបាត់ការរាករូស, B-VIT FORT ជាបណ្តុំវីតាមីន B1 B6 B12,និងVITASCORBOLBOOST ជាវីតាមីនជំនួយកម្លាំង សរុបចំនួន ៣៣៩១ ប្រអប់/ដប ។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវការអរគុណដល់មូលនិធិគីណាល់ ដែលបានផ្តល់ថ្នាំពេទ្យដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅផ្តល់ជូនកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ,។

លោក តិច ស៊ីម៉ូ តំណាងមូលនិធិគីណាល់ និងសហគ្រាសផលិតឱសថ ប៉េប៉េអឹម បានគូសបញ្ជាក់ថា ការផ្តល់នូវថ្នាំពេទ្យព្យាបាលជំងឺជូនទៅបងៗកងទ័ពនៅតំបន់ជួរមុខ គឺជាការចូលរួមចំណែកគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងឈរនៅជើងនៅជួរមុខតំបន់ប្រាសាទព្រះវិហារ ពិសេសបង្ហាញពីការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតី លះបង់ របស់កងទ័ពប្រកបដោយឆន្ទៈមោះមុត បំផុត ក្នុងកិច្ចការពារជាតិ មាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម