ព័ត៌មានជាតិ
គិតត្រឹមខែមិថុនានេះ កម្ពុជាត្រូវការកម្លាំងពលកម្ម ២៥ម៉ឺននាក់ទៀត សម្រាប់បម្រើឱ្យវិស័យសំខាន់ៗ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ថ្លែងប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នកម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់ ដើម្បីបម្រើទៅដល់វិស័យសំខាន់ៗ រួមមានវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម។

តម្រូវការពលកម្មដែលមានការកើនឡើង ស្របពេលដែលកម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើន ក្នុងនោះ រយៈពេល ៥ ខែ ឆ្នាំ ២០២៥ គម្រោងវិនិយោគចំនួន ២៩០ គម្រោងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុវត្តម័តក្នុងទុនវិនិយោគ ៤ ២០០ លានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ កើនឡើង ១៣៧ គម្រោង ស្មើនឹង ៩០ % ខណៈទុនវិនិយោគកើនឡើង ១,៤ ពាន់លានដុល្លារ ស្មើនឹង ៥២%។
បើតាមអ្នកនាំពាក្យក្រសួងការងារ ៖« ក្នុងនោះវិស័យឧស្សាហកម្មត្រូវការកម្លាំងច្រើនជាងគេបំផុត ដើម្បីជួយដល់កម្លាំងពលកម្មរបស់កម្ពុជា ហើយក្រសួងការងារបានត្រៀមយន្តការជាច្រើន ទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក៏ដូចជាជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់បងប្អូនពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ និងមានបំណងធ្វើការនៅក្នុងស្រុក»។

ខណៈជម្លោះព្រំដែនកម្ពុជា-ថៃ មានភាពតានតឹងបង្ខំចិត្តឱ្យពលករខ្មែរវិលចូលស្រុក, ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន មេសា បានអំពាវនាវដល់ពលករទាំងអស់ ពេលដែលឆ្លងកាត់ព្រំដែនចូលដល់ប្រទេសកម្ពុជា សូមកុំទាន់ប្រញាប់ទៅណា អាចឆ្លៀតចូលមណ្ឌលសំចតដែលជាកន្លែងទទួលពលករ ដើម្បីទទួលបានដំណឹងសំខាន់ៗស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋខ្មែរ។
លោកថ្លែងប្រាប់ថា៖«ក្នុងនោះយើងបានដាក់ មណ្ឌលសំចតនៅតាមច្រកព្រំដែន ក៏ដូចជាកន្លែងទទួលពលករនៅច្រកនានា យើងមានសេវាសំខាន់ៗ ដើម្បីផ្តល់ជូនកម្មករ។ ការផ្សព្វផ្សាយឱកាសការងារ ថានៅខេត្តណា មានឱកាសការងារប្រភេទណា ដើម្បីផ្គូរផ្គងជាមួយជំនាញរបស់ពលករខ្មែរ ឱ្យតែគាត់ឯកភាពធ្វើការ គឺយើងប្រគល់ CV របស់គាត់ទៅឱ្យដៃគូដើម្បីចូលធ្វើការតែម្តង»។
លើសពីនេះ ក្រុមការងារក៏បានផ្សព្វផ្សាយពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលមានសាលាទាំងអស់ ៣៧ សាលា មានជំនាញជាង ៤០ លើវិស័យសំខាន់ៗចំនួន ១០ ដោយក្រសួងការងារ បានរៀបចំរួចជាស្រេចដើម្បីផ្តល់ចំណេះដឹងដល់ពលករដោយឥតគិតថ្លៃ។

ក្រៅពីនេះ ពេលដែលពលករវិលចូលស្រុក ក្រុមការងារបានពន្យល់ណែនាំគាត់ពីអត្ថប្រយោជន៍ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. ពោលពេលដែលគាត់ក្លាយជានិយោជិក ឬចង់បង្កើតមុខរបរដោយខ្លួនឯងជាបុគ្គលស្វ័យនិយោជន៍ គាត់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមទាំងសេវាថែទាំសុខភាព និងគ្រោះថ្នាក់ការងារ។
បើតាមអ្នកនាំពាក្យដដែល ក្នុងរយៈកាលថ្មីៗនេះ មានពលករជាច្រើននាក់ដែលទើបវិលចូលស្រុកវិញ ទទួលបានឱកាសការងារនៅហ្នឹងកន្លែង ក្រោមការសម្របសម្រួលពីក្រសួង។ គិតត្រឹមបំណាច់ឆ្នាំ ២០២៤ ពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃមានចំនួនជាង ១, ២ លាននាក់។
កាលពីថ្ងៃទី ២៤ ខែមិថុនា ក្រុមយោធាថៃ បានប្រកាសបិទច្រកព្រំដែនគោកទាំងអស់ជាមួយកម្ពុជាដោយឯកតោភាគី ដែលការសម្រេចចិត្តបែបនេះធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ ភ្ញៀវទេសចរ និងបង្ខំចិត្តពលករខ្មែរត្រឡប់ចូលស្រុកកំណើតវិញ។ ជាក់ស្តែង អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី នៅយប់ដែលថៃប្រកាសនោះ បានត្រៀមលក្ខណៈទទួលពលករខ្មែរ និងត្រៀមរថយន្តក្រុងដឹកពលករបន្តទៅតាមបណ្តាលខេត្តរៀងៗខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


