Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រទេស​​​ក្រិក​បិទតំបន់ទេសចរណ៍ល្បីល្បាញ ដោយសារ​​​​អាកាស​ធាតុ​​​ក្តៅ​​ខ្លាំង​លើស​៤០អង្សាសេ

បានផុស

នៅ

ប្រទេសក្រិកបានបិទ «Acropolis» ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ នៅទីក្រុងអាថែននិងផ្អាកការធ្វើការងារក្រៅផ្ទះ ដោយសារមានរលកកម្ដៅខ្លាំងរហូតដល់លើស​៤០អង្សាសេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី០៩ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទិដ្ឋភាពAcropolis ត្រូវបានបិទ (រូបភាព៖ AP)

តំបន់ទេសចរណ៍បន្ទាយបុរាណ Acropolis នឹង​ត្រូវ​បិទរហូតដល់ម៉ោង ៥ល្ងាច ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរ និងកម្មករ​ពីកម្ដៅដ៏​ខ្លាំង ខណៈ​​​សីតុណ្ហភាព​បែបនេះ​ជា​រលក​កម្ដៅ​ដ៏​ធំ​ទីពីរហើយ​ក្នុង​ប្រទេស​ក្រិក​ចាប់​តាំង​ពី​ចុង​ខែ​មិថុនា​មក ដោយ​​សីតុណ្ហភាព​រំពឹង​ថា​នឹង​ឡើង​ដល់​កំពូល​នៅ​កម្រិត ៤២អង្សាសេនៅ​តំបន់មួយចំនួន។

ជាមួយគ្នានេះរដ្ឋាភិបាល​ក្រិក​ក៏បាន​អនុវត្ត​ការ​ផ្អាក​ការងារ​ពី​ថ្ងៃត្រង់​ដល់​ម៉ោង​៥​ល្ងាច​ក្នុង​តំបន់​មួយ​ចំនួនផងដែរ ​ដែល​ប៉ះពាល់​ដល់​ការងារ​ក្រៅ​ផ្ទះ​ដូចជា​ការងារសំណង់ និង​ការ​ងារ​ដឹកជញ្ជូន​អាហារ។ លើសពីនេះគ្រោះថ្នាក់ទាក់ទងនឹងភ្លើងនៅតែ​មានកម្រិតខ្ពស់ ដោយអាជ្ញាធរបានដោះស្រាយភ្លើងឆេះព្រៃរាប់សិបកន្លែងជារៀងរាល់ថ្ងៃ និងចេញការជូនដំណឹងនៅទូទាំងទីក្រុងអាថែន និងតំបន់ផ្សេងៗទៀត។

ទេសចរដើរកម្សាន្តក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង (រូបភាព៖ AP)

ក្រៅពី​ក្រិក ប្រទេស​ផ្សេង​ៗទៀត​ក្នុង​តំបន់​អឺរ៉ុប​​ក៏កំពុងប្រឈមនឹងបញ្ហារលកកម្ដៅខ្លាំងនិងបញ្ហាអាកាសធាតុផ្សេងទៀតផងដែរ ដោយប្រទេសប្រទេសស៊ែប៊ី​បានរាយការណ៍ថា មានភ្លើងឆេះព្រៃចំនួន៦២០ទីតាំង​​ ចំពេលមានកម្ដៅនិងខ្យល់បក់ខ្លាំង។

ចំណែកប្រទេសក្រូអាស៊ីវិញ បានប្រឈមនឹងព្យុះបណ្ដាលមនុស្សរងរបួស មានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី។ ចំណែក​ប្រទេសហុងគ្រី និងស្លូវ៉ាគីឯណោះវិញ ខ្យល់ព្យុះកំបុតត្បូងបានបោកបក់បំផ្លាញអគារ ដាច់ខ្សែភ្លើង និងផ្អាកសេវាកម្មដឹកជញ្ជូនផងដែរ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម