Connect with us

ព័ត៌មានជាតិ

សាស្រ្តាចារ្យ និងសិស្សនិសិ្សតមានមោទនភាព ដែល​រាជរដ្ឋាភិបាលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

សាស្រ្តាចារ្យ និងសិស្សនិសិ្សតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានថ្លែងស្រុះគ្នាថា មានមោទនភាព និងពេញចិត្តដែលរាជរដ្ឋាភិបាលបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទី វិសាលសិទ្ធិ គ្រូបច្ចេកទេសជំនាញអេឡិចត្រូនិចនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងដោយមោទនភាពថា ការចុះបញ្ជីនេះ គឺជាជោគជ័យថ្មីមួយរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគួរត្រេកអរដែលពិភពលោកបានទទួលស្គាល់សោកនាដកម្មនៅកម្ពុជាកាលពីអតីតកាល និងសន្តិភាពនាពេលបច្ចុប្បន្ន។

លោក ទី វិសាលសិទ្ធិ សង្កត់ធ្ងន់ថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ និងជាយុវជនម្នាក់នៃប្រទេសកម្ពុជា ខ្ញុំបាទពិតជាមានមោទកភាពណាស់ ដែលកម្ពុជាបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។

លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានប្រសាសន៍ថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្រ្តមួយ ដែលជួយឱ្យយើងយល់ដឹងអំពីអតីតកាលដ៏ឈឺចាប់នៃប្រទេសកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្នទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែងដែលគេនឹកឃើញអំពីអតីតកាលទេ វាក៏ក្លាយជាទីកន្លែងបង្ហាញពីការផ្លាស់ប្តូរ និងការចងចាំ ដែលមានអត្ថន័យសម្រាប់សង្គម និងបានបង្ហាញពីយុត្តិធម៌ និងសន្តិភាពផងដែរ។

លោក យ៉ោក សុទ្ធី បញ្ជាក់ថា «ខ្ញុំគិតថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមជាសញ្ញាណនៃការឈឺចាប់ទេ តែវាជាការរីកចម្រើននៃយុត្តិធម៌ នៃការចងចាំ នៃការួបរួមជាតិ និងសន្តិភាព។ វាជាបេតិកភណ្ឌរួមនៃមនុស្សជាតិទាំងមូល ដែលមានតម្លៃសំខាន់មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗ ហើយក៏ជាប្រវត្តិសាស្រ្តផងដែរ និងជាការទទួលស្គាល់របស់អន្តរជាតិ ដ៏មានអត្ថប្រយោជន៍ដ៏ជ្រាលជ្រៅបំផុត»។

ជាមួយគ្នានេះ ក្រៅពីមោទនភាព និងសេចក្តីត្រេកអរ កញ្ញា រីន រចនា អាយុ ២០ឆ្នាំ ដែលជានិសិ្សតនៃវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីជាប្រមុខ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបានប្រែក្លាយទីតាំងឧក្រិដ្ឋកម្មទៅជាកន្លែងផ្សះផ្សា និងសន្តិភាពដោយការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រនៃការចងចាំដល់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម