Connect with us

កីឡា

ថ្ងៃ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​ដំណើរ​ទៅ​​ម៉ាឡេស៊ី​ ត្រៀម​ប្រកួត​ថ្ងៃស្អែក

បានផុស

នៅ

ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស ម៉ាឡេស៊ី នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែកក្កដា​នេះ ដើម្បី​​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ដុំ​ចំនួន​ ២ ប្រកួត​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mattew McConkey គ្រូ​បង្គោល​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បានប្រាប់​«កម្ពុជា​ថ្មី»​ថា ការ​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ Terengganu នៅ​ថ្ងៃ​អង្គារ៍ ទី​១៥ ខែ​កក្កដា និង​ប្រកួត​ជា​មួយ​ក្រុម Negeri Sembilan ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៥។

លោក​បាន​លើក​ឡើង​ថា ៖«ពីរ​ប្រកួត​នេះ​ល្អ។ វា​ជាអ្វី​ម្យ៉ាង​ដែល​ខ្ញុំ​ចង់​ឲ្យ​ក្លិប​ធ្វើ។ យើង​មិន​អាច​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ត្រៀម​រដូវ​កាល​ដូច​ឆ្នាំ​មុន​ទេ ពី​ព្រោះ​យើង​ជាប់​​​នៅ​​ពាន​រង្វាន់ Shopee Cup រួច​ហើយ។ ប៉ុន្តែ​ខ្ញុំគិត​ថា ពីរ​ប្រកួត​នេះ​ក៏​ល្អ​សម្រាប់​យើង​ ជា​ពិសេស​យើង​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ប្រកួត​ជា​មួយ​ក្រុម​ផ្សេងដើម្បី​តេស្ត​កីឡាករ​នៅ​ក្នុង​បរិយាកាស​ផ្សេង​គ្នា»។

សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ចាប់​ផ្តើម ក្លិប​ព្រះ​ខ័ន​រាជស្វាយរៀង ទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​សម្រាប់​ការ​ធ្វើ​ដំណើរ​គឺ​ក្រុម​ហ៊ុន​​អាកាសចរណ៍ AirAsia។

ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​មិន​ស្ទើរ​ទេ។ ក្រោយ​ចប់​រដូវ​កាល​ភ្លាម លោក Pep Munoz បាន​ប្រកាស​ចាក​ចេញ ហើយ​តែង​តាំង​គ្រូ​ជំនួយ​ជា​ Mattew McConkey ជា​គ្រូ​បង្គោលថ្មី។ អ្នក​គាំទ្រ​សោក​ស្តាយ​ចំពោះ​ខ្សែ​បម្រើ​ការពារ Breno Caetano និង​ Gabi ដែល​​ត្រូវ​បាន​ចែក​ផ្លូវ​គ្នា ប៉ុន្តែ​​ការ​នាំ​ចូល​កីឡាករ​ក្នុង​ស្រុក​​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​មែន​ដោយ​យក​បាន​កីឡាករ​ដើមកំណើតជប៉ុន​ សញ្ជាតិ​ខ្មែរ Yudai Ogawa, ខ្សែប្រយុទ្ធ សៀង ចន្ធា និង ខ្សែការពារ សឿត បារាំង។

ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នាំ​ចូល​ខ្សែ​ប្រយុទ្ធ​​បរទេស​សញ្ជាតិ​ហ្គាណា Kwame Peprah និង​​ប្រេស៊ីល Patrick Souza Monteiro បន្ថែម​លើខ្សែ​ប្រយុទ្ធ​មាន​ស្រាប់ Cristian និង Bounkong៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម