Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ដាក់លក្ខខណ្ឌចំនួន៣ និងផ្តល់កូនសោទៅថៃបើចង់បើកច្រកព្រំដែនឡើងវិញ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរជាថ្មីថា បើថៃចង់បើកច្រកព្រំដែនទ្វេភាគីឱ្យវិលទៅរកប្រក្រតីឡើងវិញ លុះត្រាតែថៃធ្វើតាមលក្ខខណ្ឌចំនួនបីដែលកម្ពុជាផ្តល់ជូន ពីព្រោះថៃខ្លួនឯងជាអ្នកបិទច្រកព្រំដែនជាឯកតោភាគីមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញថ្លៃក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបើកច្រកព្រំដែនគឺជារឿងសាមញ្ញបំផុត ឱ្យតែថៃគោរពតាមលក្ខខណ្ឌចំនួនបី។ សម្តេចបញ្ជាក់ថា៖«រឿងសាមញ្ញបំផុតរឿងបើកច្រកព្រំដែននេះ សូមធ្វើតែបីលក្ខខណ្ឌទេ ហើយសោប្រគល់ទៅឱ្យភាគីថៃរួចហើយ បើកចុះមិនបាច់អង្គុយចរចាទេ យើងផ្តល់សម្បទានឱ្យ»។

លក្ខខណ្ឌចំនួនបី ដែលកម្ពុជាចង់បាននោះគឺ  ទី១ ថៃត្រូវប្រកាសបើកមុនជាឯកតោភាគី ហើយត្រូវបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឱ្យដូចស្ថានភាពមុនថ្ងៃទី ៧ ខែឧសភា ។ ទី២ ថៃត្រូវបើកគ្រប់ច្រកទាំងអស់ ពោលមិនមែនបើកច្រកនេះ ហើយបិទច្រើកនោះទេ ហើយចំណចុទី​៣នោះ បើកឱ្យដូចមុនស្ថានភាពថ្ងៃ ៧ មានន័យថាបើកពីម៉ោង ៦ព្រឹកទៅ ម៉ោង ១០ យប់ ។

ការផ្ញើសារជាសាធារណៈនេះ បន្ទាប់ពីភាគីថៃម្តងហើយម្តងទៀត​ បបួលកម្ពុជាចរចាដើម្បីបើកច្រកព្រំដែន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានប្រកាសហើយថា ថៃជាអ្នកបិទព្រំដែនជាឯកតោភាគីមុន ដូច្នេះថៃត្រូវប្រកាសបើកព្រំដែនឯកតោភាគីមុន មិនចាំបាច់ចរចានោះទេ។ បើតាមសម្តេចធិបតី ក្រោយថៃបើកច្រកព្រំដែនវិញ បន្ទាប់មក កម្ពុជាប្រើពេលយ៉ាងយូរបំផុត ៥ម៉ោង ដើម្បីសម្រួលព្រំដែនឱ្យដូចធម្មតាវិញ។

យ៉ាងណាមិញ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ជុំវិញការបិទច្រកព្រំដែននេះកម្ពុជាមិនចង់នោះទេ ព្រោះប៉ះពាល់ដល់ប្រជាពលរដ្ឋ និងពាណិជ្ជករ ប៉ុន្តែកម្ពុជាត្រូវបង្ខំចិត្តធ្វើដោយសារភាគីថៃបំពានកិច្ចព្រមព្រៀងមកលើកម្ពុជាមុន។ សម្តេចធិបតីបញ្ជាក់យ៉ាងដូច្នេះថា៖«ការបិទច្រកព្រំដែន កម្ពុជាមិនចង់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ តែយើងចង់បានធ្វើអ្វីមួយឱ្យដាច់ស្រេច កុំសាំញាំ។ ថ្ងៃនេះគាត់បបួលបើកច្រកនេះ ឧទាហរណ៍បើកច្រកប៉ោយប៉ែត ទុកច្រកផ្សេង ស្អែកទៅបើក​ច្រកនោះ ដូរម៉ោងនោះ យើងអត់លេងទៀតទេបញ្ហានេះ»​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម