Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អំពាវនាវកម្មករ-និយោជិត កុំជ្រួលច្របល់នឹងហេតុការណ៍ផ្ទុះអាវុធ នៅព្រំដែន និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​កម្មករ-និយោជិត កុំ​ឲ្យ​ជ្រួលច្របល់​នឹង​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ព្រំដែន ហើយ​ត្រូវ​ជឿជាក់​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ ក្នុង​ឱកាស លោក ហេង សួរ បាន​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ ២០០ នាក់ ដែល​មកពី​គ្រប់​និន្នាការ ដើម្បី​សំណេះសំណាល និង​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្ដីពី​ការ​ផ្ទុះ​អាវុធ​រវាង​កម្ពុជា និង​ថៃ នៅ​តាម​បន្ទាត់​ព្រំដែន កាលពី​រសៀល​ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ លោក ហេង សួរ មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​អាវុធ​រវាង​កម្ពុជា និង​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​កក្កដា បាន​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ​បាញ់​មក​លើ​កងទ័ព​កម្ពុជា​មុន។ យ៉ាងណា ស្ថានការណ៍ នៃ​ការ​ផ្ទុះ​អាវុធ​នេះ កម្ពុជា អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អ ដោយ​មិន​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​បណ្ដា​រោងចក្រ​នានា នៅ​តាម​ខេត្ត និង​តាម​តំបន់​ផ្សេងៗ នៃ​ប្រទេស​កម្ពុជា នោះ​ទេ។

ក្នុង​ន័យ​ខាង​លើ​នេះ លោក ហេង សួរ បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​កម្មករ-និយោជិត​ទាំងអស់ ត្រូវ​ជឿជាក់​ទុកចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​រក្សា​ភាព​នឹងន កុំ​ជ្រួលច្របល់ ស្លន់ស្លោ រហូត​ទិញ​ទំនិញ​ស្ដុក ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ។ នៅ​ក្នុង​កាលៈទេសៈ​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​កម្មករ​ទាំងអស់ ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ជួយ​គ្នា​តាម​លទ្ធភាព ដើម្បី​លើក​ទឹកចិត្ត​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​នៅ​ព្រំដែន។

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​តំណាង​សហជីព និង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​មិត្តភ័ក្ដិ​ជា​ជនបរទេស​ឲ្យ​បាន​យល់​ពី​ស្ថានភាព​នេះ​ផង​ដែរ ដោយ​ថា កម្ពុជា គ្មាន​មហិច្ឆតា​ឈ្លានពាន​ប្រទេស​ណា​នោះ​ទេ ហើយ​អ្វី​ដែល​បាន​កើត​ឡើង គឺជា​ការ​ការពារ​សិទ្ធិ និង​បូរណភាព​ដែនដី​របស់​កម្ពុជា​ប៉ុណ្ណោះ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម