Connect with us

ព័ត៌មានជាតិ

CMAC រកឃើញភស្តុតាងបន្ថែម ថៃប្រើកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលច្បាប់អន្តរជាតិហាមឃាត់

បានផុស

នៅ

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) លោក ហេង រតនា បានឱ្យដឹងថា ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ​ ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មម​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន៥៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា​ បង្ហោះសារនៅបណ្តាញសង្គម នាថ្ងៃទី ១២ ខែសីហានេះ ដោយបញ្ជាក់ថា កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា​ គ្រាប់បែកចង្កោមទាំងនោះ​ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ​ ឬលើដី​ ឬក្នុងដី​ ឬក្នុងទឹកជាដើម។ លោកសង្កត់ធ្ងន់ថា៖«កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើកនេះនៅភូមិសាស្ត្រមួយចំនួន​ និងកំពុងតែមមាញឹកចុះស្រាវជ្រាវ​ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា​ និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ»។

សូមបញ្ជាក់ថា​ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។

កាលពីថ្ងៃទី​១០ ខែសីហា មន្រ្តីជំនាញកម្ពុជា បានដឹកនាំមន្ត្រីអនុពន្ធ័យោធា​ចំនួន១៤រូប​ ជាតំណាងមកពីប្រទេសចំនួន៩​ រួមមានអូស្ត្រាលី​ កាណាដា​ អង់គ្លេស​ ចិន​ ជប៉ុន​ កូរ៉េខាងត្បូង​ បារាំង​ ឡាវ និងវៀតណាម​ បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង ដែលថៃប្រើប្រាស់ក្នុងសមរភូមិសង្គ្រាម។ គ្រាប់បែកMK-84នេះ​ មានទម្ងន់ជិតមួយតោន​ មានបណ្តោយប្រមាណ៣.៥ម៉ែត្រ​ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ​ ផលិតនៅឆ្នាំ១៩៩៦។

សូមបញ្ជាក់ថានៅចំនុចទីតាំងតែមួយនេះ​ ថៃបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់​ហើយផ្ទុះចំនួន៤គ្រាប់​ រីឯ៦គ្រាប់មិនផ្ទុះ​ដោយរួមទាំងគ្រាប់បែកMK-84​ ដែលបានឃើញនេះផងដែរ។

បើផ្អែកតាមព័ត៌មានកំណត់ត្រា​សឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ​ ការទម្លាក់គ្រាប់បែកពីយន្តហោះ​មានចំនួន១.៥៤៩គ្រាប់។​ អង្គភាពCMAC កំពុងដំណើរការស្រាវជ្រាវ​ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក​ និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ​ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង​ ស្រុកបន្ទាយអំពិល​នៃខេត្តឧត្តរមានជ័យ​ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ​ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម​ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់​ ឬអាជ្ញាធរមូលដ្ឋាន​ ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត​ ដើម្បីជួយដោះស្រាយជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម