Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រងទុក្ខផ្ទួនៗ ឆេះអគារពាណិជ្ជកម្មនៅកណ្តាលក្រុងបាងកក ចំពេលព្យុះក៏កំពុងវាយប្រហារខ្លាំង

បានផុស

នៅ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះអគារកម្ពស់៣ជាន់មួយនៅកណ្តាលក្រុងបាងកក ខណៈភ្លាមៗមិនទាន់ដឹងថាមានមនុស្សរងគ្រោះប៉ុន្មាននាក់ឬខូចខាតអ្វីខ្លះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Khaosod)

តាមសេចក្តីរាយការណ៍របស់ Khaosod, អគ្គិភ័យឆាបឆេះអគារពាណិជ្ជកម្ម នៅម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ ក្នុងខ័ណ្ឌ Khlong San ធ្វើឲ្យអ្នកនៅក្នុងនោះ រត់ចែកជើងគ្នា។

សាក្សីនៅកន្លែងកើតហេតុប្រាប់ថា ពួកគេឃើញភ្លើងឆេះចេញពីជាន់ទី៣ ខណៈអាជ្ញាធរដាក់ការសង្ស័យទៅលើការទុស្សេខ្សែភ្លើង ជាដើមចមបង្កអគ្គិភ័យ។

(រូបថត៖ Khaosod)

អគ្គិភ័យនេះកើតឡើងស្របពេលថៃ កំពុងរងការវាយប្រហារយ៉ាងដំណំដោយព្យុះ Kajiki បង្កជាគ្រោះទឹកជំនន់ បំណាក់ដី ភ្លៀងផ្គរនិងរន្ទះ ទូទាំងប្រទេស។

ហេតុការណ៍ដ៏រន្ធត់គឺនៅខេត្តឈៀងម៉ៃ ដែលទីនោះផ្ទះពលរដ្ឋ៥ខ្នងត្រូវដីភ្នំបាក់សង្កត់ ខណៈមនុស្ស២នាក់ក៏បាត់បង់ជីវិតរីឯជាង១០នាក់ទៀតរងរបួស។

(រូបថត៖ Khaosod)

មិនត្រឹមប៉ុណ្ណឹង ព្យុះ Kajiki ក៏គំរាមកំហែងទីក្រុងប៉ាតាយ៉ា ជាមួយភ្លៀងធ្លាក់ជញ្ជ្រំនិងខ្យល់បក់ខ្លាំងផងដែរ ខណៈខេត្តភាគខាងជើង និងភាគឦសាន កំពុងរងគ្រោះធ្ងន់ធ្ងរដោយសារបំណាក់ដីនិងទឹកជំនន់។

នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្ត Chiang Rai, Nan, Nong Khai, Nakhon Phanom, Ranong និងខេត្តផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ចំណែកទីក្រុងបាងកក និងតំបន់នៅជិតៗ ក៏ត្រូវជួបព្យុះផ្គររន្ទះបន្តអូសបន្លាយជាច្រើនថ្ងៃទៀតដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បំណាក់ដីនិងទឹកជំនន់ ធ្វើឲ្យបាក់ស្ពានជាប់គាំងទេសចរក្នុងល្អាងភ្នំ ខេត្ត Mae Hong Son ប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម