Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីការចូលរួមដ៏សកម្មរបស់ ស.ស.យ.ក ដើម្បីគាំទ្រការប្រឡងបាក់ឌុប

បានផុស

នៅ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម ហ៊ុន ម៉ានី បានលើកបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មរបស់ ស.ស.យ.ក ក្នុងការគាំទ្រដល់ការប្រឡងសញ្ញាបត្របាក់ឌុបជាប់ជាប្រចាំរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ផ្នែកមួយនៃការចូលរួមរបស់ ស.ស.យ.ក គឺដើម្បីបង្ហាញនូវការគាំទ្រ និងភាពជឿជាក់ទៅលើការដឹកនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមស្មារតីកំណែទម្រង់ «អ្នកចេះ គឺជាប់»។

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រធាន ស.ស.យ.ក ក៏បានលើកឡើងពីសកម្មភាពមួយចំនួនទៀតរបស់ក្រុមការងារ ក៏ដូចជាសមាជិក ស.ស.យ.ក បានចូលរួមគាំទ្រក្នុងដំណើរការប្រឡងបាក់ឌុប រាប់ចាប់តាំងពីការរៀបចំ និងផ្ដល់វគ្គបង្រៀនបំប៉នបន្ថែមដល់សិស្សត្រៀមមុនប្រឡង ដើម្បីជួយសម្រួចសមត្ថភាពបេក្ខជនដែលត្រូវប្រឡងអាចឈានដល់ការប្រឡងឱ្យបានទទួលជោគជ័យ។

សម្រាប់ក្នុងដំណាក់ការប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមផ្តល់សេវាមើលថែលើមធ្យោបាយធ្វើដំណើរពេលមកប្រឡងរបស់បេក្ខជននៅគ្រប់មណ្ឌលទាំងអស់ ពោលគឺយាមកង់ ម៉ូតូ ធ្វើយ៉ាងណាកុំឱ្យបេក្ខជនចូលប្រឡងមានការព្រួយបារម្ភពីមធ្យោបាយរបស់ខ្លួន។ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញយ៉ាងដូច្នេះ ហើយលើសពីនេះ ឯកឧត្តម បញ្ជាក់ថា ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានៅតាមរាជធានី ខេត្ត ក៏បានរៀបចំន្លែងស្នាក់នៅ រួមទាំងការហូបចុកសម្រាប់សិស្សមកពីតំបន់ឆ្ងាយផងដែរ ដោយឥតគិតថវិកា។

ជាការកត់សម្គាល់ គិតចាប់ពីឆ្នាំ២០១៤មក ជារៀងរាល់ឆ្នាំ ស.ស.យ.ក តែងតែចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្របសម្រួលដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាឱ្យការប្រឡងបានប្រព្រឹត្តទៅដោយ​រលូន និងទទួល​បានជោគជ័យ​​។ សមាជិក សមាជិកា​របស់ ស.ស.យ.ក នៅទូទាំងប្រទេស ​ក៏​បាននិង​កំពុង​ចូលរួម​ជួយ​សម្របសម្រួល​ដល់​បេក្ខជន​ប្រឡង​ ដែលមាន​សកម្មភាព​ផ្សេងៗ​ដូចជា រៀបចំ​កន្លែង​ផ្ញើ​កង់​ ម៉ូតូ ឥតគិតថ្លៃ ជួយ​រៀបចំ​ទីកន្លែងស្នាក់​នៅ ចែកទឹកសុទ្ធ និងភេសជ្ជៈ​ជាដើម​៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម