Connect with us

ព័ត៌មានជាតិ

ព្រលាន​យន្តហោះ​តារាសាគរ​ បន្ត​មាន​ការ​តភ្ជាប់​ជើង​​ហោះហើរ​​ក្នុងស្រុក​ជា​ប្រចាំ​​ជា​រៀងរាល់​សប្តាហ៍

បានផុស

នៅ

មន្រ្តី​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ព្រលាន​យន្តហោះ​តារាសាគរ​នៅ​តែ​មាន​ការ​តភ្ជាប់​ជើង​ហោះហើរ​ក្នុងស្រុក​ជា​ប្រចាំ​ជា​រៀងរាល់​សប្តាហ៍ ក្រោយ​ពេល​បើក​សម្ពោធ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​លើកដំបូង​កាល​ពី​ចុង​ឆ្នាំ ២០២៤។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បាន​ប្រាប់​ឲ្យ​ដឹង​​​ថា ​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways មាន​ប្រតិបត្តិការ​ជើង​ហោះហើរ​​មក​ព្រលាន​យន្តហោះ​តារា​សាគរ ដោយ​ធ្វើ​ឡើង​១ជើងក្នុង១សប្តាហ៍​​នៅ​រៀងរាល់ថ្ងៃ​សុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បាន​គូស​បញ្ជាក់​ថា តាមរយៈ​អាកាសយានដ្ឋាន​តារាសាគរ បាន​ដើរ​តួនាទីយ៉ាង​​សំខាន់ក្នុង​ការ​​តភ្ជាប់​ខេត្ត​កោះកុង​ទៅ​កាន់​អាកាសយានដ្ឋាន​ដទៃ​ទៀត​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ស្រប​ពេល​ដែល​ក្រុមហ៊ុនបាន​​​ដាក់​ផែនការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ពន្ធ​គាំទ្រ​បន្ថែម​ទៀត ដើម្បីត្រៀមខ្លួន​ទទូលជើង​ហោះហើរ​ថ្មីៗ​នៅពេល​ខាងមុខ។

ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ Union Development Group (UDG) ក្នុង​ទុន​វិនិយោគ​ប្រមាណ ២០០ លាន​ដុល្លារ អាកាស​យានដ្ឋាន​តារាសាគរត្រូវ​បាន​​អភិវឌ្ឍជាមួយ​​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង ៣ ២០០ ម៉ែត្រ ​ទទឹង​ ៦០ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួល​យន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម។

ថ្លែង​ក្នុង​ឱកាស​ចូលរួម​ពិធី​សម្ពោធ​បើក​ទទួល​ការ​ហោះហើរ​ក្នុង​ស្រុក​លើក​ដំបូង​មក​កាន់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារាសាគរ ​កាល​ពី​ចុង​ឆ្នាំ ២០២៤ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិលបាន​ថ្លែងថា តាមរយៈការ​បើក​ឲ្យ​ដំណើរាការ​​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ នឹង​ជួយ​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ រួម​ទាំង​ការ​អភិវឌ្ឍ​​វិស័យ​ទេសចរណ៍​សម្រាប់​ខេត្ត​តំបន់​ឆ្នេរ​របស់​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម