Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាសអន្តរជាតិ ហក់ឡើងលើស ៣ ៦០០ ដុល្លារ/អោន លើកដំបូងក្នុងប្រវត្តិសាស្រ្ត

បានផុស

នៅ

តម្លៃមាសអន្តរជាតិ​បាន​ហក់ឡើងដល់កំណត់ត្រាខ្ពស់បំផុតថ្មីក្នុងប្រវត្តិសាស្រ្ត ដោយជួញដូរ​លើស ៣ ៦០០ ដុល្លារ/អោន នារសៀលថ្ងៃចន្ទនេះ ដោយសារតែកង្វល់សេដ្ឋកិច្ចអាមេរិក និងក្ដីរំពឹងពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសជួញដូរដោយ​ផ្ទាល់ បានកើនឡើង ២៤,៣១ ដុល្លារ ឬ ០,៦៨ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ ៣ ៦១១,០៧ ដុល្លារ/អោន គិតត្រឹមម៉ោង ៥ ល្ងាចនៅក្រុងហុងកុង (ម៉ោង ៥ ព្រឹកនៅក្រុងញូវយ៉ក និង ៤ រសៀលនៅកម្ពុជា)។ ​

នេះគឺជាកំណត់ត្រាខ្ពស់ថ្មី ខណៈដែលតម្លៃមាសបំបែកកំណត់ត្រាជាបន្តបន្ទាប់រាប់តាំងពីសប្ដាហ៍មុនមក។ អ្នកជំនាញលើកឡើងថា កង្វល់ស្ដីពីសេដ្ឋកិច្ចនៅអាមេរិក​ដែលបង្ហាញដោយទិន្នន័យការងារ និងលទ្ធភាព​ដែល​ Fed កាត់បន្ថយអត្រាការប្រាក់ក្នុងអត្រាចន្លោះ ០,២៥-០,៥០ ភាគរយ នៅប៉ុន្មានថ្ងៃខាងមុខ កំពុង​ជួយជំរុញតម្លៃមាសបច្ចុប្បន្ន។

ទិន្នន័យពីការិយាល័យស្ថិតិ​ការងាររបស់រដ្ឋាភិបាល​បង្ហាញថា កំណើនការងារនៅសហរដ្ឋអាមេរិកបាន​ចុះធ្លាក់ចុះនៅខែសីហា ដែលខ្សោយបំផុតតាំងពីខែមេសា ខណៈអត្រាគ្មានការងារធ្វើវិញ បានកើនឡើងដល់កម្រិតខ្ពស់ជិត ៤ ឆ្នាំ ក្នុងអត្រា ៤,៣ ភាគរយ ដែលនេះជាលក្ខខណ្ឌអាចធ្វើឱ្យ Fed កាត់អត្រាការប្រាក់។ ​

គួរគូសបញ្ជាក់ថា ​តម្លៃមាសបាន​កើនឡើងជិត ៤០ ភាគរយ រួចទៅហើយរាប់តាំងពីដើមឆ្នាំមក ក្រោយ​ពីកើនឡើងប្រមាណ ២៧ ភាគរយ នៅឆ្នាំ ២០២៤ ដែលនេះជំរុញដោយ​កម្សោយប្រាក់ដុល្លារ ការទិញរបស់ធនាគារកណ្តាល ​និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល ជាពិសេសក្រោមបរិបទពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ឯករាជ្យភាព​របស់ Fed ក្រោមសម្ពាធរបស់ ត្រាំ ក៏រួចចំណែកដល់កំណើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម