សេដ្ឋកិច្ច
ADB អនុម័តប្រាក់កម្ចីជាង ៥២ លានដុល្លារ ពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២ លានដុល្លារសម្រាប់ គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា។
គម្រោងនេះនឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។

ប្រទេសកម្ពុជា បានបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី ៨,៦៨ តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២០ ដល់ ១៧,៨៥ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០២៤។
វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យគឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាតនិងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពល កកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។»

បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង។
គម្រោងនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី ២៣០ គីឡូវ៉ុលប្រវែង ៥៥ គីឡូម៉ែត្រ រវាងខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួន ៩ នៅទូទាំងប្រទេស។
ការវិនិយោគទាំងនេះ នឹងពង្រឹងសមត្ថភាពបញ្ជូនថាមពលដើម្បីផ្តល់ថាមពលកកើតឡើងវិញទៅកាន់ទីតាំងដែលមានតម្រូវការទូទាំងប្រទេស បង្កើនភាពជឿជាក់ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើន។
ដោយស្របតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី (២០២២–២០៤០) និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (២០២២–២០៣០) គម្រោងនេះនឹងជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងដំណើរការបញ្ជូន និង បង្កើនសុវត្ថិភាពថាមពល។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។
ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


