Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​​ប្តូរ​​​​​​ប្រធាន​គណៈកម្មការ​ព្រំ​ដែន​ចម្រុះ​(JBC)​​ ថៃ ជំនួស​ លោក Prasas Prasasvinitchai

បានផុស

នៅ

​រដ្ឋាភិបាល​​ថៃ​​​​ទំនង​​ផ្លាស់ប្តូរ​​​ប្រធាន​​គណៈកម្មការ​​​ព្រំដែនចម្រុះ​​​​ (JBC)​ របស់ខ្លួន​នៅ​ថ្ងៃ​​ទី​២​ខែ​តុលា​ ​ជំនួស​លោក ​Prasas Prasasvinitchai ​ដែល​ផុតអាណត្តិ និង​ដែល​​បាន​​ធ្វើជាសហប្រធាន​ដឹកនាំ​​កិច្ច​ប្រជុំ​ចុងក្រោយ​​លើកទី៦ នៃគណៈកម្មការ​ព្រំ​ដែន​ចម្រុះថៃ-កម្ពុជា ស្តីពីការបោះបង្គោលព្រំដែនគោក (JBC) កាល​ថ្ងៃទី​​១៤​​ខែមិថុនា​២០២៥ នៅរាជធានី​​ភ្នំពេញ។​

​លោក ​Prasas Prasasvinitchai ​ប្រធានគណៈកម្មការ​ព្រំដែន​ចម្រុះថៃ ដែល​ផុតអាណត្តិ។ ​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​​ប្រកាស​របស់​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន​ ចានវិរៈគុល (​​Anutin Charnvirakul) ​នៅថ្ងៃទី​​១ខែតុលា​នេះ បន្ទាប់​ពី​​អ្នកសារ​ព័ត៌មានថៃ​ បាន​​សួរសំណួរ​​​​អំពី​​​​​​ការ​ចប់​អាណត្តិ​របស់​ Prasas Prasasvinitchai និង​​​​បេក្ខជន​ដែល​ត្រូវ​មក​ចូលជំនួស​​​​​ប្រធាន​បច្ចុប្បន្ន​​​​។ ​

​​យោង​សារ​ព័ត៌មានថៃ​ Khaosod លោក អានុទីន បានឆ្លើយតបថា​​​ ​​ក្រុមប្រឹក្សា​​​សន្តិសុខ​​​ជាតិ​​ (NSC) ​​នឹង​​រៀបចំ​កិច្ច​ប្រជុំ​​នៅ​​ថ្ងៃ​ទី២​តុលា​ ដើម្បី​​ពិភាក្សា​លើ​​​​បញ្ហា​នេះ​ ហើយ​​​បេក្ខជនថ្មី​ដែល​ត្រូវ​ជំនួស​លោក Prasas Prasasvinitchai ក៏​ត្រូវ​បាន​​​​បញ្ជាក់​រួច​រាល់​ដែរ ប៉ុន្តែ​លោក អានុទីន មិនអាច​​​បង្ហើប​​​អត្តសញ្ញា​ណ​​អ្នក​ថ្មី​នោះទេ ដោយ​ត្រូវរង់ចាំ​រហូតដល់​ចប់​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​​​២​តុលា​។

លោក​ Prasas Prasasvinitchai ​មាន​ប្រវត្តិ​​ស៊ីជម្រៅ​​​​ពាក់​ព័ន្ធ​នឹង​​អាជីព​​​​​ការ​ទូត​នៅ​​កម្ពុជា​ក្នុងរយៈពេល​​​ជាង​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ជាពិសេស ​​ក្រោយ​ពេលដែល​​​រដ្ឋាភិបាល​​ថៃ​ដឹកនាំ​ ដោយ​អតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva​​ ដែល​កើត​ចេញ​ពី​​មេដឹកនាំ​ក្រុម​អាវ​លឿងប្រឆាំង​​​​នយោបាយ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ​​​​​។

អតីតនាយករដ្ឋមន្ត្រី​ថៃ​​ លោក​ Abhisit Vejjajiva​​ ដែល​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​​ថៃ​ ចន្លោះឆ្នាំ​​២០០៨ ដល់ឆ្នាំ​២០១១ ​បាន​តែង​តាំង​ លោក​ Prasas Prasasvinitchai ​​ជា​​ឯកអគ្គរាជទូតថៃប្រចាំនៅភ្នំពេញនៅ​ក្នុងឆ្នាំ​​​២០០៩ ​​ក្នុង​អំឡុង​ពេលដែល​ការទូត​កម្ពុជា​និង​ថៃ​​មាន​ភាព​តានតឹងជា​ខ្លាំង និង​ជា​ពេលវេលា​ដែល​មាន​កា​រផ្ទុះ​អាវុធ​បង្ហូរ​ឈាម​​​​ជា​ហូរហែ​​​។

​ក្រោយ​ការ​តែងតាំង និង​កាន់​តួនាទី​​ជា​​ប្រមុខ​ការទូត​​​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិនបាន​ប៉ុន្មាន លោក​ Prasas Prasasvinitchai ត្រូវ​បានរដ្ឋាភិបាល​ថៃ​​​កោះហៅ​​ទៅកាន់​​ប្រទេសថៃ​វិញ​នៅ​ចុងឆ្នាំ​២០០៩ ដែលជាការ​តវ៉ា​​របស់​រដ្ឋាភិបាល​របស់​ លោក​ Abhisit Vejjajiva​​ ចំពោះ​នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច​ ហ៊ុន សែន ដែល​កាល​នោះបានតែង​តាំង​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ (Thaksin Shinawatra) ដែល​របួត​អំណាច​​ដោយ​រដ្ឋ​ប្រហារ និង​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​​ ​ជា​ទីប្រឹក្សា​​​ផ្ទាល់​​​ផ្នែក​សេដ្ឋកិច្ច​។

​ប៉ុន្តែ​​ក្រោយ​រយៈពេល​៩ខែ​នៃ​​​ការ​ដក​ទូត​ចេញទៅ​វិញទៅមក កម្ពុជា​និង​ថៃ​បានរក​ច្រក​ចេញ​​ឃើញបន្ថយ​ភាព​តានតឹង​ផ្នែក​ការទូត​ បន្ទាប់​ពី​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បាន​លា​ឈប់​ពី​តំណែង​ជា​ទីប្រឹក្សា​ផ្ទាល់​​​របស់​សម្តេច ​រដ្ឋមន្ត្រី​ ហ៊ុន សែន លោក Prasas Prasasvinitchai ​ក៏​ត្រូវ​បាន​​​​​ទទួល​​ការតែងតាំង​​ឱ្យ​​វិល​មក​​​​ស្តារ​​ទំនាក់​ទំនង​ការ​​​​​​ទូ​ត​ជាមួយ​កម្ពុជា​​​​កាល​ខែ​សីហា​​​ឆ្នាំ​២០១០។​

​កាល​ពេលនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​សុំ​លាលែង​ពី​តំណែង​ដោយ​​លើក​ហេតុផល​ថា លោក​ជួប​ការ​លំបាក​ផ្ទាល់​ខ្លួន ដើម្បី​បំពេញ​តួនាទី​របស់​លោក​ឲ្យ​បាន​ពេញ​លេញ ទើប​លោក​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​មុខ​តំណែង​របស់​លោក​នៅ​កម្ពុជា។

​​ឯកអគ្គរាជទូត​ថៃ​រូប​នេះ ត្រូវ​បាន​​​​​មជ្ឈដ្ឋាន​​អ្នក​នយោបាយ​ថៃ ​ជា​ពិសេសក្រសួង​ការ​បរទេស​ថៃ​ ទទួលស្គាល់​ថា ជា​អ្នក​ការ​ទូត​មាន​ចំណេះ​​​ដឹង​​ជ្រៅ​ជ្រះ​ពីកម្ពុជា​​​ក្នុងកិច្ច​ចរចា​​បោះបង្គោល​ព្រំដែន​។​ ​យោង​តាមការ​ផ្សាយ​របស់​ The Nation កាល​ខែ​កញ្ញា​ឆ្នាំ​​២០១១​​ លោក Prasas Prasasvinitchai ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​មាន​ចំណេះ​ដឹង​ជា​ពិសេស​អំពី​ការ​បោះ​បង្គោល​ព្រំដែន។

​ឯកសារ​ក្រសួង​ការ​​​បរទេស​ថៃ បា​ន​ឲ្យ​ដឹងថា លោក Prasas Prasasvinitchai បាន​ធ្វើជា​សហប្រធានគណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (ភាគីថៃ) បានដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការចម្រុះថៃ-កម្ពុជា ស្តីពីការបោះបង្គោលព្រំដែនគោក (JBC) ជាមួយ ឯកឧត្តម​ ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​នៅរាជធានីភ្នំពេញ។

​ក្នុងកិច្ច​ប្រជុំ​នោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃគណៈកម្មការចម្រុះថៃ-កម្ពុជាស្តីពីការបោះបង្គោលព្រំដែនគោក (JBC) ដែល​ជាយន្តការសំខាន់ក្នុងការចរចាបញ្ហាព្រំដែនរវាងភាគីទាំងពីរ និងធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោក។ លើសពីនេះ កិច្ចប្រជុំនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពតានតឹង និងដាក់មូលដ្ឋានសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាព៕​

រ៉ាន់ រើយ​

លោក Prasas Prasasvinitchai ចាប់ដៃ​ជាមួយឯកឧត្តម ឡាំ ជា​​ មុន​ការពិភាក្សា​កាលថ្ងៃទី​១៤ខែ​មិថុនា​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម