សេចក្ដីជូនដំណឹង
សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ នៅអគារធនាគារ វីងថៅវ័រ សមាគមសិល្បករខ្មែរ និងនិយ័តករមូលបត្រកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីចុះហត្ថលេខានោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), អ្នកឧកញ្ញា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, សមាជិក-សមាជិកាមកពីសភាពាណិជ្ជកម្មកម្ពុជា និងព្រមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើននាក់ផងដែរ។

ក្នុងឱកាសដ៏មានន័យនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា ដែលបានជំរុញឱ្យមានការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា កិច្ចសហការនេះ គឺជាការបើកទំព័រថ្មីសម្រាប់សមាគមសិល្បករខ្មែរ ក្នុងការចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីទីផ្សារមូលបត្រ ទៅកាន់សាធារណជនជាប្រពៃណីថ្មី ដោយប្រើសិល្បៈជាមធ្យោបាយដ៏មានអនុភាព។
លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា៖«សិល្បៈមានឥទ្ធិពលជាសាកល និងជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព។ យើងជឿជាក់ថា តាមរយៈសិល្បៈ អាចជួយឱ្យប្រជាជនយល់ច្បាស់ និងចូលរួមយ៉ាងសកម្មក្នុងវិស័យមូលបត្រនេះ»។
លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា សមាគមសិល្បករខ្មែរ នឹងសហការយ៉ាងជិតស្និទ្ធជាមួយនិយ័តករមូលបត្រ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល និងសកម្មភាពផ្សព្វផ្សាយជាសាធារណៈ ឱ្យសិល្បករ និងសិល្បការិនីទទួលបានចំណេះដឹងពីវិស័យមូលបត្រយ៉ាងជ្រាលជ្រៅ មុនពេលចូលរួមផ្សព្វផ្សាយទៅកាន់សាធារណជន។
កិច្ចចុះអនុស្សរណៈនេះ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងកម្រិតខ្ពស់នៅឆ្នាំ 2050 ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក និយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការចុះ MOU នាថ្ងៃនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយពីវិស័យមូលបត្រតាមរយៈយន្តការសិល្បករ សិល្បការិនី ដើម្បីពង្រឹងទំនុកចិត្តទីផ្សារ ទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការឆបោកនានា ដែលកំពុងតែកើតមានឡើងនៅក្នុងទីផ្សារ ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមរយៈ MOU នេះផងដែរ ឯកឧត្តម ស៊ូ សុជាតិ ជឿជាក់ថា នឹងជួយគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្រ និងផ្តល់អត្ថប្រយោជន៍ដល់សាធារណជន និងវិនិយោគិន លើយន្តការដែលយើងកំពុងមានស្រាប់នៅលើទីផ្សារក្នុងការជំរុញការចូលរួមក្នុងទីផ្សារមូលបត្រឱ្យកាន់តែសកម្ម តាមរយៈការទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលការណ៍នេះ នឹងធ្វើឱ្យការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាកាន់តែមានសន្ទុះ ដែលរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចជាតិ និងជីវភាព ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ សង្កត់ធ្ងន់ថា ការចុះ MOU រវាង និយ័តករមូលបត្រកម្ពុជា និង សមាគមសិល្បករខ្មែរ មិនត្រឹមតែអាចពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍នោះទេ ព្រមទាំងជួយជំរុញការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដូចជា ចំណេះដឹងមូលដ្ឋាន និងបច្ចេកទេសនៃការវិនិយោគទៅដល់សាធារណជន និងវិនិយោគិន ជាពិសេសសមាជិក និងបុគ្គលិករបស់ ស.ស.ខ ក្នុងការជួយជំរុញការចូលរួមឱ្យកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រកម្ពុជា តាមរយៈការចូលរួមវិនិយោគក្នុងទីផ្សារមូលបត្រ ដើម្បីទទួលបាននូវចំណូលបន្ថែម។
ម្យ៉ាងវិញទៀត ឯកឧត្តម ស៊ូ សុជាតិ ជឿជាក់ថា តាមរយៈការចុះ MOU នេះនឹងជួយជំរុញសកម្មភាពជួញដូរនៅក្នុងទីផ្សារមូលបត្រឱ្យមានការកើនឡើង តាមរយៈយន្តការសិល្បករ សិល្បការិនី ដែលពួកគាត់មិនត្រឹមតែជាអ្នកផ្សព្វផ្សាយពីវិស័យសិល្បៈ និងវប្បធម៌របស់ខ្មែរដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈឥទ្ធិពលផ្សព្វផ្សាយរបស់ពួកគាត់នឹងធ្វើឱ្យសាធារណជនទូទៅបានស្គាល់ពីវិស័យមូលបត្របានទូលំទូលាយជាងមុន នឹងបង្កើនការចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យនេះកាន់តែច្រើនបន្ថែមទៀត៕








-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


