Connect with us

ព័ត៌មានជាតិ

៩ខែឆ្នាំនេះ រដ្ឋចំណាយថវិកាជាង៩៤លានដុល្លារ ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ

បានផុស

នៅ

នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជាង៩៤លានដុល្លារ ជូនដល់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨តុលានេះថា គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៥ នេះ ប.ស.ស.បានបើកផ្តល់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់ស្រ្តីជាម្តាយចំនួន ៦៧៦ ៤៧៧នាក់ កូនចំនួន ៧១០ ៦៨៤នាក់ គិតជាទឹកប្រាក់ចំនូន ៣៧៨ពាន់ ៤៧៩លានរៀល ឬប្រមាណ ៩៤,៦លានដុល្លាអាមេរិក។

លោកបណ្ឌិត បានបន្តថា ប៉ុន្តែបើគិតចាប់តាំងពីកម្មវិធីនេះបានអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ គិតមកដល់ឆមាសទី១ ឆ្នាំ២០២៥នេះ មានស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ៦៥៧ ៣១៩ នាក់ កូនចំនួន ៦៩០ ៧៩៣ នាក់ ដោយចំណាយថវិកាអស់ប្រមាណជា ៣៥០ ពាន់ ៤៤៧ លានរៀល ស្មើនឹងប្រមាណ ៨៧,៦ លានដុល្លារ។

លោកបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ទាំងមុនសម្រាល ពេលសម្រាល និងក្រោយសម្រាល ក្នុងនោះ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក ដោយ ១លើក ទទួលបានថវិកា ៨ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ទទួលបានថវិកា ៨០ម៉ឺនរៀល កូនភ្លោះ ២ទទួលបាន ១លាន ២ សែនរៀល និងកូនភ្លោះ ៣ទទួលបាន ១លាន ៦សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លានរៀល ទៀតផងដែរ។

លោកបណ្ឌិត បានបន្តឱ្យដឹងទៀតថា ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លើក ដោយ ១លើក ទទួលបាន ៨ម៉ឺនរៀល ក្នុងនោះ ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ។

លោកបណ្ឌិត បានបញ្ជាក់ថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម