Connect with us

ព័ត៌មានជាតិ

សមាជិក ប.ស.ស ចូលនិវត្តន៍ជាង ៦ ៧០០ នាក់ ទទួលបានប្រាក់សោធន ឬ ប្រាក់រ៉ឺត្រែត

បានផុស

នៅ

គិត​មក​ត្រឹម​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស)​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​សមាជិក ប​.​ស​.​ស ចូលនិវត្តន៍​ជាង ​៦ ៧០០​ នាក់​ហើយ ទទួល​បាន​ប្រាក់​សោធន ​ឬ​ ប្រាក់​រ៉ឺ​ត្រែ​ត​ ពី​ ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​២៦ ​កញ្ញា​ នេះ​ថា ​គិត​ចាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន កាលពី​ចុង​ឆ្នាំ ២០២២ រហូតមកដល់​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២៥ នេះ​ ប​.​ស​.​ស បាន​បើក​ផ្តល់​តាវកាលិក​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ជូន​ដល់​សមាជិក​ជា​កម្មករ-និយោជិត វិស័យ​ឯកជន ដែល​បាន​ចូលនិវត្តន៍​សរុប​ចំនួន ៦ ៧៦៦ នាក់ ស្រី ២ ៧៦១ នាក់ និង​បាន​ចំណាយ​ថវិកា​សរុប​ជាង ១៣ ៦៣៣ លាន​រៀល ឬ​ ប្រមាណ ៣,៤ លាន​ដុល្លារ។

លោក​បណ្ឌិត បាន​បន្ត​ថា ប្រាក់​សោធន បាន​រួម​ចំណែក​ធានា​សន្តិសុខ និង​ស្ថិរភាព​ប្រាក់ចំណូល នៅ​ពេល​សមាជិក ប​.​ស​.​ស ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ​ដែរ ព្រមទាំង​ផ្តល់​របប​ថែទាំ​សុខភាព​ដល់​សោធនិក ដែល​ជា​សមាជិក ប​.​ស​.​ស នៅពេល​ចាស់​ទៅ។

លោក​អគ្គនាយករង ប​.​ស​.​ស បាន​បន្តទៀតថា ការ​បង់ប្រាក់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ពី​និយោជក និង កម្មករ​-​និយោជិត​នេះ តម្រូវ​ឱ្យ​បង់​ចំនួន ៤ ភាគរយ នៃ​ចំនួន​ប្រាក់ឈ្នួល​របស់​កម្មករ​-​និយោជិត ក្នុងនោះ និយោជក ត្រូវ​បង់ ២ ភាគរយ និង កម្មករ​-​និយោជិត បង់ ២ ភាគរយ។ នៅពេល​កម្មករ និង និយោជិត​ ដល់​អាយុ ៦០ ឆ្នាំ ដែល​ត្រូវ​ចូល​និវត្ត នឹង​ទទួល​បាន​ប្រាក់​សោធន​ដូច​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​តាម​ស្ថាប័នរដ្ឋ​ដែរ ទៅតាម​ប្រាក់ឈ្នួល​ដែល​ម្នាក់ៗ ទទួល​បាន។

លោក​អគ្គនាយករង ប​.​ស​.​ស បានបញ្ជាក់​ឱ្យដឹងថា ដើម្បី​អាច​ស្នើសុំ​ប្រាក់​សោធន​ជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬ ប្រាក់​រ៉ឺត្រែត) សមាជិក ប​.​ស​.​ស ត្រូវ​បំពេញ​លក្ខខណ្ឌ​កំណត់​មួយ​ចំនួន​រួមមាន ៖ (១)-បាន​ចុះបញ្ជី​នៅ ប​.​ស​.​ស ផ្នែក​ប្រាក់​សោធន (២)-បាន​បង់​ភាគទាន​មក ប​.​ស​.​ស បាន​យ៉ាងតិច ១២ ខែ និង (៣)-ត្រូវ​មាន​អាយុ​យ៉ាងតិច ៦០ ឆ្នាំ និង ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ មួយ​ចំនួន រួមមាន ៖ (១)-ប័ណ្ណ​សមាជិក ប​.​ស​.​ស ច្បាប់ដើម (២)- អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម​(​មាន​សុពលភាព​) ឬ​ លិខិតឆ្លងដែន (​ជនបរទេស​) (៣)-​សេចក្តីចម្លង​សំបុត្រអាពាហ៍ពិពាហ៍ និង​សេចក្តីចម្លង​បញ្ជាក់​សំបុត្រ​កំណើត​កូន​(​បើ​មាន​) និង (៤)-​ត្រូវ​មាន​លេខ​គណនី​ធនាគារ​អេស៊ីលីដា ឬ​ លេខ​គណនី​ធនាគារ​កាណាឌីយ៉ា។

គួរ​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល បាន​អនុវត្ត​របប​សន្តិសុខ​សង្គម​ចំនួន ៣ រួមមាន ទី១-របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ដែល​បាន​អនុវត្ត​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៨ សម្រាប់​វិស័យ​ឯកជន និង វិស័យ​សាធារណៈ អនុវត្ត​នៅ​ខែ​មករា ឆ្នាំ ២០២១។ ទី២-របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ដែល​បាន​អនុវត្ត​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៦ សម្រាប់​វិស័យ​ឯកជន និង វិស័យ​សាធារណៈ អនុវត្ត​នៅ​ខែមករា ឆ្នាំ ២០១៨ និង ទី៣-របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ចុង​ឆ្នាំ ២០២២៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម