វប្បធម៌ ជំនឿ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញវត្ថុបុរាណដែលអ្នកជំនាន់ក្រោយមិនធ្លាប់ស្គាល់
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ ពីឆ្នាំ២០០៨ ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើនបានមកពីការធ្វើកំណាយស្រាវជ្រាវនានា ដែលអ្នកជំនាន់ក្រោយមិនដែលស្គាល់។ នេះតាមការឱ្យដឹងពី អាជ្ញាធរជាតិអប្សរា នៅរសៀលនេះ។

សារមន្ទីរបានបើកឱ្យសាធារណៈបានចូលទស្សនា និងអនុញ្ញាតឱ្យអ្នកសិក្សាស្រាវជ្រាវនានាចូលមកសិក្សាស្វែងយល់។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិភូក្រុមប្រឹក្សាកុមាយុវជន រាជធានីភ្នំពេញ ចំនួនប្រមាណ ២៥០នាក់ បានចូលមកទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពួកគាត់បានឃើញវត្ថុសិល្បៈជាច្រើន ដែលកន្លងមកស្ទើរមិនធ្លាប់បានឃើញទាល់តែសោះ។

លោក វ៉ន ដារ៉ូ នាយកសាលាទួលស្វាយព្រៃ ក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានដឹកនាំសិស្សានុសិស្សមកធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ បានបន្តមកសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងបានឃើញវត្ថុបុរាណមានតម្លៃជាច្រើនរាប់រយប្រភេទ មានទាំងព្រះពុទ្ធបដិមា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា។

លោក វ៉ន ដារ៉ូ មានប្រសាសន៍បន្តថា សារមន្ទីរនេះបានដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងការថែរក្សា និងអភិរក្សវត្ថុសិល្បៈមានតម្លៃនានា ដើម្បីតាំងបង្ហាញសម្រាប់សាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ លោកគ្រូ ចង់ឱ្យយុវជនជំនាន់ក្រោយ ចូលមកទស្សនានៅសារមន្ទីរបែបនេះ ព្រោះនឹងជំរុញទឹកចិត្តយុវជនឱ្យកាន់តែស្រឡាញ់វប្បធម៌របស់ជាតិខ្លួន។

យុវជន សីខៈទី មុនី អាយុ ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលលោកបានចូលមកទស្សនានៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ មកដល់ទីនេះ លោកបានឃើញវត្ថុសិល្បៈដ៏មានតម្លៃជាច្រើន ដែលខ្លួនមិនធ្លាប់បានឃើញកន្លងមក ព្រមជាមួយការធ្វើបទបង្ហាញពីមគ្គទេសក៍នៅក្នុងសារមន្ទីរផង ធ្វើឱ្យលោកបានយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃវត្ថុសិល្បៈទាំងនោះ។

យុវជនរូបនេះបានបង្ហាញការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុសិល្បៈទាំងអស់នេះ ព្រោះអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរ ចូលមកទស្សនា និងសិក្សាស្វែងយល់។

គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


