វប្បធម៌ ជំនឿ
បុរាណវិទូខ្មែរបង្ហាញ កិច្ចពិធី សមរាត្រីនារដូវប្រាំង តាមទំនៀមព្រាហ្មណ៍ ដែលបានបាត់បង់
យើងស្គាល់ សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា “វិសុវ” (បើសរសេរតាមភាសាបច្ចុប្បន្ន ជា “ពិសុព”) ដែលប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃ និងយប់មានប្រវែងស្មើគ្នា។ ជាពិសេសចំពោះអង្គវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗមានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនា ស្អែកនេះ។

អាជ្ញាធរជាតិអប្សរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះថា គួរបញ្ជាកថា សមរាត្រី (Equinox) កើតឡើងចំនួន ២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិសេសនេះ នាវសន្តរដូវ ប្រហែលមានប្រារព្ធកិច្ចពិធីធំៗតាមទំនៀមព្រាហ្មណ៍នាសម័យអង្គរ។ ប៉ុន្តែពិធីទាំងនោះ មិនមានបន្តរៀបចំមកទល់សព្វថ្ងៃ នាំឱ្យយើងបាត់ដានឈឹង។ ដើម្បីជាការពិចារណា យើងសាកល្បងមើលទៅប្រភពដើមនៃអារ្យធម៌ខ្មែរ ដ្បិតយើងទទួលឥទ្ធិពលពីឥណ្ឌា ហើយប្រហែលតិច ឬច្រើនយើងប្រតិបត្តិតាមប្រពៃណីព្រាហ្មណ៍ខ្លះហើយ។

នាថ្ងៃវិសុវ/ពិសុព វសន្តរដូវ ទី១ ព្រាហ្មណ៍នៅទូទាំងប្រទេសឥណ្ឌានៅអំឡុងខែមីនា គេឃើញមានប្រារព្វពិធីបុណ្យមួយយ៉ាងធំ បើតាមគម្ពីបុរាណរបស់ឥណ្ឌា គេហៅថា Holi។ នៅក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បានច្រៀង រាំ យ៉ាងត្រេកអរ ដោយយកម្សៅពណ៌មកបាច និងលាបដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយដើម្បីអបអរសាទរជ័យជម្នះរបស់ព្រះនរាយណ៍ដែលបានតំណែងខ្លួនជាអាវតារមានទម្រង់ជានរសឹង្ហ ដែលបានសម្លាប់យក្សកំណាចដ៏ធំមួយ បានបំផ្លាញផែនដីមានឈ្មោះថា ហិរណ្យកស៊ីពុ ( Hiranyakashipu)។ ទី២ ព្រឹត្តិការណ៍សមរាត្រីនេះអាចជាប់ពាក់ព័ន្ធនឹងរឿងជ័យជំនះរបស់ព្រះនរាយណ៍ដែរ គឺព្រះគ្រឹស្ណដែលជាអាវតារមួយយ៉ាងសំខាន់របស់ព្រះអង្គដែលបានកំចាត់ ឬបំផ្លាញសភាវអាក្រក់។ ព្រាហ្មណ៍ ប្រារព្ធកិច្ចដើម្បីបង្ហាញថា សភាវល្អឈ្នះលើសភាវអាក្រក់ យុត្តិធម៌ឈ្នះលើអយុត្តិធម៌។

ទី៣ ថ្ងៃវិសុវ/ពិសុពនេះ ក្រៅពីជាប់ពាក់ព័ន្ធនឹងរឿងថ្ងៃមង្គលរបស់និកាយព្រះនរាយណ៍ ក៏ជាថ្ងៃមង្គលធំមួយរបស់និកាយព្រះឥសូរដែរ។ វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះឥសូរ និងមហេសីបានរួមបញ្ចូលគ្នាជាប្រាណតែមួយ ដែលមួយចំហៀងជាប្រាណបុរស និងមួយចំហៀងជាប្រាណស្រ្តី ដែលមានឈ្មោះថា “អឌ្ឍនារីស្វរ” (Ardhanarishvara)។ ខ្មែរបុរាណនិយមបដិមានេះខ្លាំង ដែលយើងមានបដិមានេះនៅមុនសម័យអង្គរ និងសម័យអង្គរ។ ទី៤ ចំពោះប្រពៃណីធ្វើយោគ (Yogic tradition) នៅថ្ងៃសមរាត្រីរដូវនេះ គឺជាថ្ងៃដ៏វិសេសសម្រាប់អ្នកប្រតិបត្តិយោគ (Yoga) ព្រោះជាពេលវេលាដ៏ល្អបំផុត ដើម្បីទទួលផលខ្ពង់ខ្ពស់ ពីការធ្វើយោគ ជាងវេលាណាៗទាំងអស់។
បើពិចារណាលើករណីពិធីខាងលើ នោះយើងឃើញមានទាក់ទងនឹងព្រះនរាយណ៍ជាពិសេស។ អង្គរវត្តសាងទ្បើងជាទេវឋានរបស់ព្រះនរាយណ៍ មានឈ្មោះដើមថា “ព្រះបរមវិស្ណុលោក”។ ថ្ងៃរះចំកំពូលកណ្តាលអង្គរវត្តនៅសមរាត្រីរដូវប្រាំងនេះ ប្រហែលជាមានទាក់ទងនឹងកិច្ចពិធីខាងលើ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


