វប្បធម៌ ជំនឿ
វត្តអារាមគួររៀបចំជូនភោជនាហារលើសនារដូវភ្ជុំ ជូនចាស់ ជនពិការ និងជនទីទ័លក្រ
អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងបានណែនាំគ្រប់វត្តអារាមនីមួយៗដែលទទួលបានទេយ្យទាន រួមមាន ភោជនាហារ នំ ចំណី លើសពីសេចក្តីត្រូវការ គួរតែចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ ជនទីទ័លក្រ និងជនរងគ្រោះដោយហេតុផ្សេងៗទៀត។

បណ្ឌិត សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃសៅរ៍ ១រោច ដល់ថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

លោកបណ្ឌិត មានប្រសាសន៍បន្តថា នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងបានណែនាំគ្រប់វត្តអារាមនីមួយៗដែល ទទួលបានទេយ្យទាន រួមមាន ភោជនាហារ នំ ចំណីជាដើម លើសពីសេចក្តីត្រូវការ គួរតែចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ ជនទីទ័លក្រ និងជនរងគ្រោះដោយហេតុផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និង ប្រពៃណីព្រះពុទ្ធសាសនា ក្រសួងក៏បានធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនា រាជធានី/ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រភេនព្រះសង្ឃ ជូនពុទ្ធបវិស័ទ ប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងរៀបចំបង្សុកូលឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរស ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតបូជនីយដ្ឋាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើង ដើម្បីឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរស និងញាតិមិត្ដសាច់សាលោហិត ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងវិញទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ ជីដូនជីតាបងប្អូន ញាតិមិត្ត សាច់សាលោហិត ដែលកំពុងមានជីវិតរស់នៅ អាចឈ្វេងយល់ពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នា បង្ហាញមនោសញ្ចេតនាគោរពស្រលាញ់ ការដឹងគុណ តបគុណ ព្រមទាំងបានបង្កើននូវសាមគ្គីភាព ដ៏ទូលំទូលាយផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ