Connect with us

វប្បធម៌ ជំនឿ

សមាគមអ្នកនិពន្ធខ្មែរ បង្ហាញ ស្ថានភាពវិជ្ជមាន ខណៈសិក្ខាកាមមានគ្រប់វ័យ

បានផុស

នៅ

ស្របពេលសង្គមជាតិ មានការវិវឌ្ឍ វិស័យតែងនិពន្ធកម្ពុជា ក៏មាន វិវឌ្ឍនាការ គួរឱ្យចាប់អារម្មណ៍ ដោយសារស្នាដៃ ទំនុកច្រៀង ប្រលោមលោក ភាពយន្តជាច្រើនមានលើទីផ្សារ និងបណ្ដាញសង្គម។ ខណៈ រាជរដ្ឋាភិបាល ទើបបានចេញអនុក្រឹត កំណត់យក ថ្ងៃទី៧ ខែធ្នូ សម្រាប់រៀបចំ ទិវាជាតិអ្នកនិពន្ធ សមាគមអ្នកនិពន្ធខ្មែរ បង្ហាញស្ថានភាពវិជ្ជមាន នៃស្នាដៃតែងនិពន្ធ រួមទាំងសិក្ខាកាមចូលវគ្គបណ្ដោះបណ្ដោលតែងនិពន្ធមានក្បួនខ្នាតត្រឹមត្រូវ មកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់វ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ប៉ុល ពិសី អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា តាមការសង្កេត បច្ចុប្បន្ននេះ អ្នកនិពន្ធបានកើតឡើងច្រើនជាលំដាប់ ទាំងយុវវ័យ វ័យកណ្តាល រហូតដល់វ័យចាស់។ ឆ្លងតាមការបើកបង្រៀនវគ្គបណ្តុះបណ្តាលអ្នកនិពន្ធ របស់ សមាគមអ្នកនិពន្ធខ្មែរ ដែលមកដល់ពេលនេះមានចំនួន ៣៥ វគ្គហើយ ឃើញថា​ សិក្ខាកាមមានចម្រុះវ័យទាំងអស់មកពីគ្រប់ជំនាញ។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់បន្ថែមថា៖ “នេះស្តែងបញ្ជាក់ឱ្យឃើញថា​ អ្នកនិពន្ធមិនបានប្រកាន់ថា ចាស់ ក្មេង ឬជំនាញទេ សំខាន់គឺ បេះដូង និងឆន្ទៈ ដែលជំរុញឱ្យចូលខ្លួនមកទទួលយកចំណេះដឹងថ្មីៗពីមេរៀន នៃការតែងនិពន្ធ។ ដោយឡែក សម្រាប់ការបញ្ចេញស្នាដៃវិញ ក៏ឃើញមានអ្នកនិពន្ធថ្មីៗបានខិតខំពង្រឹងគុណភាពនៃសំណេររបស់ខ្លួន ទៅតាមទស្សនៈយល់ឃើញរៀងៗខ្លួន”។

អនុប្រធាន សមាគមអ្នកនិពន្ធខ្មែរ រូបនេះ បានបង្ហាញ ក្ដីរំភើប និងកោតសរសើរចំពោះសិក្ខាកាមអ្នកនិពន្ធវ័យចាស់ខ្លះៗ ដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ បានប្រឹងប្រែងបញ្ចេញស្នាដៃរបស់ខ្លួន ហើយក៏បានទទួលនូវការអបអរសាទរពីមិត្តអ្នកអានផងដែរ។

អ្នកស្រី ប៉ុល ពិសី បញ្ជាក់ថា៖ “អ្វីដែលជាមោទកភាពរបស់ សមាគមអ្នកនិពន្ធខ្មែរ ក្នុងការចូលរួមបណ្តុះពន្លកអ្នកនិពន្ធថ្មីៗគឺ ជ័យលាភីក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់អក្សរសិល្បិ៍ តាមបណ្តាស្ថាប័ន ក្រសួង មន្ទីរនានា ទូទាំងប្រទេសនៅរៀងរាល់ឆ្នាំនោះ គឺភាគច្រើនសុទ្ធសឹងជាសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពី សមាគមអ្នកនិពន្ធខ្មែរ តាមវគ្គនីមួយៗ។

អ្នកស្រី ប៉ុល ពិសី បានឱ្យដឹងបន្ថែមថា ក្រៅពីអ្នកនិពន្ធថ្មីៗដែលជាសមាជិក នៃ សមាគមអ្នកនិពន្ធខ្មែរ ក៏មានអ្នកនិពន្ធឯករាជ្យមួយចំនួនទៀតដែលកំពុងសម្រិតសម្រាំងស្នាដៃរបស់ខ្លួនឱ្យមានការវិវឌ្ឍឈានឡើងផងដែរ។​

គួរបញ្ជាក់ថា អ្នកស្រី ប៉ុល ពិសី មាន​ស្រុកកំណើត នៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​មាន​ទេពកោសល្យ​រៀន​តែង​និពន្ធ​​តាំងពីអាយុ ៨ឆ្នាំ ដោយទទួលបាន​ការ​បណ្តុះបណ្តាល​ពី​លោកឪពុក ឈ្មោះ ចាប រិ​ទ្ធ ជា​គ្រូបង្រៀនកវី និង​ជា​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​អំឡុង​ទសវត្ស​ទី​៦០​។ អ្នកស្រី បានសាងស្នាដៃជាច្រើនដូចជា​ ប្រលោមលោកខ្នាត​វែង និង​ខ្នាត​ខ្លី កំណាព្យប្រលោម ​អត្ថបទ​ភាពយន្ត អត្ថបទ​ល្ខោននិយាយ ទំនុកច្រៀង សៀវភៅ​រឿង​អប់រំ​កុមារ ប្រវត្តិ​ខ្សែជីវិត​បុគ្គល និង​សៀវភៅ​រឿង​គូរ​រូបភាព ជាដើម។

អ្នកស្រី ប៉ុល ពិសី បានទទួល​ពានរង្វាន់​ជាច្រើនដូចជា​ ពានរង្វាន់​លេខ​២ ប្រលោមលោក​ខ្លី​រឿង “​មាសទឹកដប់​” ពី​កម្មវិធី​មហោស្រព​តែង​និពន្ធ​មហាជន​ទូទាំង​រាជធានី​ភ្នំពេញ ឆ្នាំ​១៩៨៧​។ ​ពានរង្វាន់​លេខ៤ ​ប្រលោម​កំណាព្យ​រឿង​ “​មាសទឹកដប់​” ​ពី​មហោស្រព​តែង​និពន្ធ​ទូទាំងប្រទេស​របស់ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ឆ្នាំ​១៩៩១។ ​ពានរង្វាន់​លេខ១ ​ស្ទូ​ន ប្រលោម​កំណាព្យ​រឿង “ល្ខោន​ជីវិត​” ពី​កម្មវិធី​ពានរង្វាន់​ព្រះសីហនុ​រាជ​លើក​ទី​១ រៀបចំ​ដោយ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ ឆ្នាំ​១៩៩៥។

ពានរង្វាន់​លេខ២ ប្រលោមលោក​ខ្លី​រឿង “​ផ្កា​កេសរ​កូ​ល​” នៃ​កម្មវិធី​ពានរង្វាន់​របស់​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ឆ្នាំ​១៩៩៦​។ ​ពានរង្វាន់​លេខ២ ប្រលោម​កំណាព្យ​រឿង “អប្សរា​” ពី​កម្មវិធី​ពានរង្វាន់​ព្រះ​សុរាម្រិតរបស់ ​ក្រសួង​វប្បធម៌ ឆ្នាំ​២០០១។ ឈ្នះ​ពានរង្វាន់​មេគង្គ​ ប្រលោម​កំណាព្យ​រឿង “​អ្នក​ម្តាយ​” ឆ្នាំ​២០០៧​។ ​ពានរង្វាន់​កិត្តិយស​ព្រះ​បទុម​ត្ថេ​រ​សោម ​ប្រលោម​កំណាព្យ​រឿង ​”ម្ចាស់​ស្នេហ៍​” របស់​ក្រសួង​វប្បធម៌ ឆ្នាំ​២០១១​។ ​

ពានរង្វាន់​លេខ២​ ប្រលោម​កំណាព្យ​រឿង “ក្លិន​ផ្កា​ស្រូវ​” ពី​កម្មវិធីពានរង្វាន់​នាយិកា​សិទ្ធិ នៃ​ក្រសួង​វប្បធម៌ ឆ្នាំ​២០១២​។​ ​ពានរង្វាន់​លេខ៣ ស្ទួន ប្រលោមលោក​រឿង “ថ្ម​រាំ​” ពី​កម្មវិធី​ពានរង្វាន់​ រឹម ​គិ​ន ក្រសួង​វប្បធម៌ ​ឆ្នាំ​២០១៣។ ​ពានរង្វាន់​អ្នកនិពន្ធ​ទំនុកច្រៀង​ឆ្នើមរបស់​ ក្រុមហ៊ុន​សប្បាយ ឆ្នាំ​២០១៣ និង​ពានរង្វាន់​កវីនិពន្ធ​អាស៊ី​អា​គ្នេ​យ៍ ប្រលោមលោក​រឿង​ “​ថ្ម​រាំ​” ពី​ប្រទេស​ថៃ ឆ្នាំ​២០១៨​ ជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម