ព័ត៌មានអន្ដរជាតិ
ចិនប្រាប់ធនាគារឱ្យកាត់បន្ថយការកាន់កាប់មូលបត្របំណុលអាមេរិក ដោយសារហានិភ័យទីផ្សារ
ចិនបានណែនាំដល់បណ្ដាធនាគារនានា ឱ្យកាត់បន្ថយការកាន់កាប់មូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិក ដោយសារតែក្ដីបារម្ភពីហានិភ័យនៃការប្រែប្រួលទីផ្សារ ចំពេលការកាន់កាប់របស់ចិនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៨ ឆ្នាំ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទ។

Bloomberg បានស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ ដែលបានអះអាងថា មន្ត្រីនិយ័តករចិន បានជំរុញឱ្យធនាគារនានាកំណត់ការទិញមូលបត្របំណុលពីក្រសួងរតនាគារអាមេរិក និងបានណែនាំដល់ធនាគារណាដែលកាន់កាប់មូលបត្របំណុលច្រើនស្រាប់ ឱ្យចាប់ផ្តើមលក់បន្តិចម្តងៗ។
មែនទែនទៅ ការណែនាំនេះអនុវត្តចំពោះតែផលប័ត្រវិនិយោគរបស់ធនាគារប៉ុណ្ណោះ ហើយមិនប៉ះពាល់ដល់មូលបត្របំណុលដែលរដ្ឋាភិបាលចិនកាន់កាប់ដោយផ្ទាល់នោះទេ។
ការណែនាំនេះ ត្រូវបានបញ្ជូនទៅកាន់ធនាគារធំៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ដែលវាឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នរបស់ចិនថា ការកាន់កាប់មូលបត្របំណុលពីរតនាគារអាមេរិកច្រើនពេក អាចធ្វើឱ្យធនាគារងាយរងគ្រោះដោយសារការប្រែប្រួលទីផ្សារ។
កង្វល់ជុំវិញបញ្ហានេះ គឺជាផ្នែកមួយនៃការជជែកវែកញែកជាសកលក្នុងចំណោមវិនិយោគិន ថាតើមូលបត្រអាមេរិក និងប្រាក់ដុល្លារនៅតែមានសុវត្ថិភាព និងទាក់ទាញដូចពីមុនឬអត់។
យ៉ាងណាមិញ ប្រភពបានប្រាប់ Bloomberg ថា ការណែនាំរបស់និយ័តករចិនមានគោលបំណងធ្វើពិពិធកម្មហានិភ័យហិរញ្ញវត្ថុ ជាជាងការបង្ហាញពីបញ្ហាភូមិសាស្ត្រនយោបាយ ឬការបាត់បង់ទំនុកចិត្តលើទីផ្សារអាមេរិក។ និយ័តករចិនមិនបានដាក់គោលដៅលក់ជាក់លាក់ ឬកំណត់កាលវិភាគនោះទេ។ ខណៈទំនាក់ទំនងរវាងអាមេរិក និងចិននៅតែមានភាពតានតឹង ទីផ្សារហាក់មានស្ថេរភាពជាងមុន ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នចូលជាធរមានកាលពីឆ្នាំមុន។
ទិន្នន័យថ្មីៗបង្ហាញថា ធនាគារចិននានាកាន់កាប់ទ្រព្យសកម្មប្រហែល ២៩៨ ប៊ីលានដុល្លារអាមេរិក ប៉ុន្តែគេមិនច្បាស់ថា ក្នុងចំណោមនោះ មានប៉ុន្មានបានមកពីការវិនិយោគលើមូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិកនោះទេ។ ធនាគារកណ្តាលចិន ក៏មិនទាន់បានធ្វើអត្ថាធិប្បាយយ៉ាងណាដែរលើបញ្ហានេះ។
តួលេខផ្លូវការពីរដ្ឋាភិបាលអាមេរិកឯណោះវិញ បានបង្ហាញថា ការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាមេរិករបស់បរទេស បានកើនឡើងដល់កំណត់ត្រាខ្ពស់បំផុត ៩,៤ ទ្រីលានដុល្លារ ក្នុងខែវិច្ឆិកា ដែលខ្ពស់ជាងមួយឆ្នាំមុនដល់ទៅជាង ៥០០ ប៊ីលានដុល្លារ។
ក្តីបារម្ភរបស់ចិនកើតឡើងនៅពេលដែលវិនិយោគិនសកល បានចោទសួរកាន់តែច្រើនអំពីសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអាចប៉ះពាល់ដល់ប្រាក់ដុល្លារអាមេរិក និងឯករាជ្យភាពរបស់ធនាគារកណ្តាលសហព័ន្ធអាមេរិក។ ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ចិនបានកាត់បន្ថយការកាន់កាប់មូលបត្របំណុលរដ្ឋាភិបាលអាមេរិកជាលំដាប់ ដែលធ្វើឱ្យជប៉ុន និងចក្រភពអង់គ្លេសវ៉ាដាច់លើការកាន់កាប់។ ការកាន់កាប់របស់ចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៨ ស្ទើរតែជិតពាក់កណ្តាលនៃកម្រិតកំពូលនៃការកាន់កាប់នៅឆ្នាំ ២០១៣។
ក្រៅពីចិន អ្នកវិភាគនៅធនាគារ Deutsche Bank ឯណោះវិញ បានព្រមានថា វិនិយោគិនអឺរ៉ុបអាចកាត់បន្ថយការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផលប៉ះពាល់ពីពន្ធរបស់ ត្រាំ។ ទោះបែបនេះក្ដី លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ទីផ្សារមូលបត្របំណុលអាមេរិកបានបង្ហាញលទ្ធផលល្អបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបានឃើញតម្រូវការបរទេសខ្ពស់បំផុត ជាពិសេសនៅពេលដែលធនាគារកណ្តាលចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


