Connect with us

ព័ត៌មានអន្ដរជាតិ

កម្ដៅសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន ផ្ទុះឡើងជាថ្មី ក្រោយ​ ត្រាំ គំរាមដាក់ពន្ធថ្មីលើចិន

បានផុស

នៅ

កម្ដៅសង្រ្គាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន​ បាន​ផ្ទុះឡើងជាថ្មីកាលពីថ្ងៃសុក្រ ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ក្រោយ​រដ្ឋាភិបាលក្រុងប៉េកាំងប្រកាសការរឹតត្បឹតថ្មីលើការនាំចេញពាក់ព័ន្ធនឹង​រ៉ែកម្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក ត្រាំ បាន​និយាយថា ចិន​កាន់តែ «អរិភាព» ទៅៗ ដោយ​ «ពួកគេចង់ផ្ញើសំបុត្រទៅគ្រប់ប្រទេសទូទាំងពិភពលោកថា ពួកគេចង់រឹងត្បឹតការនាំចេញទៅគ្រប់ផ្នែកទាំងអស់នៃផលិតកម្ម ដែលពាក់ព័ន្ធនឹងរ៉ែកម្រ»។

លោក​បាន​អះអាងដោយ​មិនបញ្ជាក់ឱ្យច្បាស់ថា «ចំណាត់ការពាណិជ្ជកម្មប្រកដដោយអរិភាព» របស់ចិន ​បាន​បង្កការខាងសម្បារពីប្រទេសជាថ្រើនទូទាំងពិភពលោក ប៉ុន្តែ «គ្មានផ្លូវដែលចិន​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាប់ជំរិតពិភព​លោកនោះទេ»។

លោក ត្រាំ បាន​គំរាមលុបចោលជំនួបជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែល​នឹង​រៀបចំឡើងចុងខែនេះ នៅប្រទេសកូរ៉េខាងត្បូង ដោយ​និយាយថា ដោយសារតែចំណាត់ការរបស់ចិន «វាគ្មាន​ហេតុអ្វីដែលត្រូវជួបនោះទេ»។ លោកគំរាមទៀតថានឹង​ «ដាក់ពន្ធទ្រង់ទ្រាយធំលើគ្រប់ផលិតផលចិន​ដែលនាំចូលទៅសហរដ្ឋអាមេរិក» ខណៈមាន​វិធានការតបតផ្សេងទៀត ដែលកំពុងពិចារណាយ៉ាងហ្មត់ចត់។

ក្នុងការបង្ហោះដាច់ដោយឡែកនៅលើបណ្ដាញសង្គម Truth Social ដដែល លោក ត្រាំ បាន​ប្រកាសពីការដាក់ពន្ធ ១០០ ភាគរយ លើទំនិញចិន ដោយ​បន្ថែមពីលើអត្រាពន្ធដែលមាន​ស្រាប់ និងចូលជាធរមាន​ចាប់ពីថ្ងៃទី ១ វិច្ឆិកា តទៅ ពោលគឺចំថ្ងៃដែល​វិធានការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ចិនថ្មី ចូលជាធរមាន។

ជាមួយ​គ្នានោះ ចាប់ពីថ្ងៃ ១ វិច្ឆិកា ដូចគ្នា លោក ត្រាំ បន្តថា៖ «យើងនឹង​ដាក់ការរឹតត្បឹតការនាំចេញ​​លើគ្រប់ស៊ុសវែរទាំងអស់»។

មិនមាន​ការបញ្ជាក់ណាមួយ​ថាវិធានការស៊ុសវែរ នឹង​ត្រូវដាក់​លើគ្រប់ប្រទេសទាំងអស់ ឬក៏ចិនតែឯង នោះទេ។ ប៉ុន្តែកន្លងមក សហរដ្ឋអាមេរិក​បាន​រឹតត្បឹតការនាំចេញបច្ចេកវិទ្យាទំនើបៗ រួមទាំងបន្ទះឈីបសំខាន់ៗ ទៅកាន់ចិន ក្រោមហេតុផលសន្តិសុខជាតិ និងដើម្បីទប់ស្កាត់ទំនើបកម្មយោធារបស់ប្រទេសនេះ​។

គួររំឭកថា ប្រទេសចិន​បានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែល​គេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងរថយន្តអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះ កាលពីដើមឆ្នាំនេះ ក្រោយ​លោក ត្រាំ បាន​ប្រកាសដាក់ពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសចិន​។ ចំណាត់ការរបស់ចិនបាន​បង្កការរំខានផលិតកម្មជាច្រើន ដែលពឹងផ្អែកលើរ៉ែកម្រពីចិន ទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

មែនទែនទៅ ចិន​ក្ដោបក្ដាប់ ៧០ ភាគរយ នៃការទាញយក និង ៩០ ភាគរយ នៃការចម្រាញ់រ៉ែកម្រទូទាំងពិភព​លោក ខណៈរ៉ែកម្របានក្លាយជាប្រធានបទស្នូលមួយ​ក្នុងការចរចាពាណិជ្ជកម្មអាមេរិក-ចិន ដែល​មិន​ទាន់សម្រេចបាន​ជាដុំកំភួនលើការព្រមព្រៀងរយៈពេលវែងណាមួយ​។

ជាថ្មីម្ដងទៀតកាលពីថ្ងៃព្រហស្បតិ៍ ចិន​បាន​ដាក់ការរឹតត្បឹតថ្មីលើការនាំចេញណាមួយ ដែលពាក់ព័ន្ធ​បច្ចេកវិទ្យា​ប្រើប្រាស់ក្នុងវិស័យរ៉ែកម្រចិន​ រួមទាំងបច្ចេកវិទ្យាទាញយក និងកែច្នៃជាដើម។ បទប្បញ្ញត្តិដែលប្រកាសដោយក្រសួងពាណិជ្ជកម្មតម្រូវឱ្យក្រុមហ៊ុនបរទេស ឬអ្នកនាំចេញ មាន​អាជ្ញាប័ណ្ណពិសេសសម្រាប់​ការនាំចេញវត្ថុផ្សេងៗប្រើ​រ៉ែកម្រពីប្រទេសចិន ចាប់ពី ០,១ ភាគរយ ឡើងទៅ។

ក្រៅតែពីនេះ ចិន​ក៏ដាក់បញ្ជូលរ៉ែកម្រ ៥ មុខ ទៀត ទៅក្នុងបញ្ជីរឹតត្បឹតដែលខ្លួនដាក់ចេញនៅខែមេសាផងដែរ ដោយ​រួមមាន​ Holmium, Erbium, Thulium, Europium និង Ytterbium។ ពីខែមេសា ចិន​បាន​ដាក់ការរឹតត្បឹតការនាំចេញលើរ៉ែកម្រ ៧ មុខ រួចហើយ រួមមាន​ Samarium, Gadolinium, Terbium, Dysprosium, Lutetium, Scandium និង Yttrium។ រ៉ែកម្រលើពិភព​លោកមាន​តែ ១៧ មុខប៉ុណ្ណោះ ហើយពេលនេះ ចិន​កម្រិតការនាំចេញ ១២ មុខ ហើយ។

ការប្រកាសពន្ធថ្មីរបស់លោក ត្រាំ និងវិធានការរឹតត្បឹតថ្មីរបស់ចិន គឺជាការបន្តនៃភាពតានតឹងពាណិជ្ជកម្មសកល ដែលផ្ទុះឡើងជាថ្មី ក្រោយ​លោក​ ត្រាំ បាន​ប្រកាសពន្ធលើចិន​ និងពន្ធបដិការនៅមុន និង​ដើមខែមេសា ក្រោយ​លោកឡើងកាន់អំណាចនៅចុងខែមករា។

ចិន និងអាមេរិក បានធ្លាក់ចុះទៅក្នុងសង្រ្គាម​ពន្ធគយ ដោយ​អាមេរិកដំឡើងពន្ធលើចិនជាបន្តបន្តបន្ទាប់ ១៤៥ ភាគរយ ហើយចិន​វាយបកវិញដោយដាក់ពន្ធជាបន្តបន្ទាប់ដល់ ១២៥ ភាគរយ។ ភាគីទាំង២ ព្រមព្រៀងគ្នានៅថ្ងៃទី ១២ ឧសភា លើការបន្ថយពន្ធ ១១៥ ភាគរយ រៀងៗខ្លួន ហើយ​អនុវត្តអត្រាពន្ធទាបនោះជាបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ ហើយព្រមព្រៀងគ្នា ៩០ ថ្ងៃបន្ថែមទៀត នៅពេលការព្រមព្រៀងចាស់ផុតកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម