សេដ្ឋកិច្ច
ការនាំចេញដំឡូងមីស្រស់សម្រេចបានជាង ៣ លានតោន ធ្លាក់ចុះជិត ១០% ខណៈចំណិតដំឡូងមីក្រៀមកើនឡើងខ្ពស់
កម្ពុជានាំចេញដំឡូងមីស្រស់ សម្រេចបានជាង ៣ លានតោន នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ៩,៨២% ធៀបនឹងឆ្នាំ ២០២៤ ដោយសារកសិករបំប្លែងពីដំឡូងមីស្រស់ ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីរក្សាទុកបានយូរ និងបានតម្លៃខ្ពស់។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ ២០២៥ បរិមាណនាំចេញដំឡូងមីស្រស់មានចំនួន ៣ ១០៥ ៥០០ តោន ធ្លាក់ចុះ ៩,៨២% រីឯចំណិតដំឡូងមីក្រៀមបានកើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន។ ទីផ្សារដំឡូងមីកម្ពុជា មានប្រទេសវៀតណាម ចិន និងការប្រើប្រាស់ក្នុងស្រុក។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងរបាយការណ៍ថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារកសិករបំប្លែងពីដំឡូងមីស្រស់ ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីរក្សាទុកបានយូរ និងមានតម្លៃខ្ពស់ ខណៈការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៦២,២២% និងម្សៅដំឡូងមីកើនឡើងចំនួន ៧៥,២៣% បើធៀបនឹងឆ្នាំ ២០២៤។
កសិកររស់នៅស្រុកបាណន់ ខេត្តបាត់ដំបង លោក ឈៀង ភ័ណ្ឌ បានឲ្យដឹងថា លោកបានប្រមូលផលដំឡូងមីតាំងពីដើមខែ១ ឆ្នាំ២០២៦ ហើយលោកក៏បានលក់អស់ដែរ។

លោក ឈៀង ភ័ណ្ឌបានបញ្ជាក់ថា ឆ្នាំនេះបានចំណូលគ្រាន់បើជាងឆ្នាំទៅ ដោយសារតែមើមដាក់ម្សៅបានល្អ ហើយក៏ជាតម្រូវការទីផ្សារផងដែរ ខណៈតម្លៃកើនជាងឆ្នាំមុន ហើយលោកកំពុងធ្វើដីហាលដើម្បីធ្វើការដាំបន្តទៀត។
តម្លៃទីផ្សារដែលឈ្មួញទទួលទិញតាមស្រុកមានដូចជា ស្រុកសំឡូត មើមស្រស់តម្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម និងមើមស្ងួតលក់បាន ៥៨០ រៀលក្នុង ១ គីឡូក្រាម។ ស្រុកគាស់ក្រឡ មើមស្រស់តម្លៃ ១៨០ រៀល ក្នុង ១គីឡូក្រាម មិនមានលក់មើមស្ងួតនោះទេ។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ តម្លៃដំឡូងមីស្រស់បន្តស្ថិតក្នុងកម្រិតទាប ១៥០ រៀល ទៅ ២៥០ រៀលក្នុងមួយគីឡូក្រាម ខណៈកសិករភាគច្រើនធ្វើក្រៀម លក់ឱ្យសៃឡូបានតម្លៃពី ៥៨០ រៀល ទៅ ៦២០ រៀល ក្នុងមួយគីឡូក្រាម។

រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការអនុវត្តគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ ទទួលបានលទ្ធផលវិជ្ជមាន ទាំងផលិតកម្ម ការកែច្នៃ និងការនាំចេញ ដែលអាចរក្សាបានឧត្តមភាពប្រកួតប្រជែង។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទាញចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


