សេដ្ឋកិច្ច
វិស័យឧស្សាហកម្មកម្ពុជា ទាក់ទាញទុនវិនិយោគជាង ២៥ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥
គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ រោងចក្រ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទុនវិនិយោគសរុបមានចំនួន ២៥,១៦ ពាន់លានដុល្លារ កើនឡើង ៤,៧១ ពាន់លានដុល្លារ ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០ ពាន់លានដុល្លារ ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រសាសន៍ថា វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈរូបលោកបានណែនាំឱ្យរោងចក្រ សហគ្រាសអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម។
លោករដ្ឋមន្ត្រីមានប្រសាសន៍នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម ក្នុងគោលដៅពង្រឹងសុវត្ថិភាពឧស្សាហកម្ម។
លោក ហែម វណ្ណឌី បានលើកឡើងថា “គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។”

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖ “ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។”
ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។

ប្រកាសនេះកំណត់ប្លង់បច្ចេកទេសរោងចក្រដែលមានឯកសណ្ឋានភាព គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើតសាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្មជាដើម។
ក្រសួងឧស្សាហកម្មក៏ទើបចេញប្រកាសថ្មីមួយស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងការពារបរិស្ថាន នៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម។
លោករដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ-សហគ្រាសទាំងអស់ ចូលរួមអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចបង្កការខាតបង់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះអាជីវកម្ម ព្រមទាំងបញ្ចៀសការរងពិន័យពីស្ថាប័នមានសមត្ថកិច្ចជាយថាហេតុ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


