Connect with us

សេដ្ឋកិច្ច

​សហរដ្ឋអាមេរិក​ នៅតែ​ជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​របស់​កម្ពុជា​

បានផុស

នៅ

សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាង​គេ​របស់​​កម្ពុជា​ដែល​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់ ១,២៨ ​ពាន់លានដុល្លារ ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ ២០២៦ កើន​ឡើង ​៤៧,៦% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ​បង្ហាញ​ថា ​នៅ​ក្នុង​ខែមករា ឆ្នាំ ២០២៦ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា-អាមេរិក សម្រេចបាន ១,៣២ ពាន់លានដុល្លារ កើនឡើង ៤៨% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានទំហំ ១,២៨ ​ពាន់លានដុល្លារ កើន ៤៧,៦% ចំណែកអាមេរិកនាំចូលមកវិញ មានតម្លៃជិត ៣៩ លានដុល្លារ កើន ៦៣,៥%។​

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើ​ប្រាស់មួយចំនួនទៀត។ ​ចំណែកឯ​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ ​

​​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ​កម្ពុជា​បាន​ចរចាយ៉ាងស្វិតស្វាញ​សម្រេច​បានការ​បញ្ចុះអត្រាពន្ធពី ​៤៩% ​មក ១៩%។ ​

លោក ប៉ែន សុវិជាតិ លើកឡើងថា៖ «​ការរក្សាបាននូវទីផ្សារអាមេរិក ដែលជាទីផ្សារធំមួយសម្រាប់ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើដំណើរ របស់កម្ពុជា។ ការរក្សាបាននេះ ធ្វើបានតាមរយៈការចរ​ចាពាណិជ្ជ​កម្ម​យ៉ាង​ស្វិតស្វាញប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅដល់ការ​សម្រេចបាន​អត្រាពន្ធ ១៩%»។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជា​ត្រូវ​បង្កើនពិពិធកម្មទីផ្សារដើម្បីត្រៀមខ្លួនពីហានិភ័យផ្សេងៗ ខណៈទំនិញកម្ពុជា​ភាគច្រើនពឹងផ្អែក​លើ​ទីផ្សារ​អាមេរិក។

​លោកបន្ថែមថា ​កម្ពុជា​ត្រូវអភិវឌ្ឍកម្លាំងពលកម្ម ​ដោយត្រូវបង្កើតជំនាញឱ្យបានច្រើន លើកទឹក​ចិត្តឱ្យ​យុវជនចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានជំនាញច្បាស់លាស់ក្នុង​ការចូល​បម្រើ​ការ​ងារ។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាមេរិក ​សម្រេចបាន ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤% ​ក្នុងនោះ ​កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ​១២,៧៣ ​ពាន់លានដុល្លារ កើនឡើង​២៨,៤៨% ​ចំណែក​អាមេរិកនាំចូលមកវិញ មានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម