Connect with us

សេដ្ឋកិច្ច

កសិករដាំឆៃថាវ សម្រុកប្រមូលផល នៅចំពេលឈ្មួញចុះទិញដល់ចម្ការ

បានផុស

នៅ

កសិករដាំឆៃថាវ នៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងមមាញឹកក្នុងការប្រមូលផលឆៃថាវ ដើម្បីលក់ឱ្យឈ្មួញដែលរង់ចាំទិញដល់ចម្ការ ទោះបីជាតម្លៃទីផ្សារមានការធ្លាក់ចុះបន្តិច ប៉ុន្តែដំណាំប្រភេទនេះនៅតែជាជម្រើសអាទិភាពសម្រាប់កសិករ ក្រោយបញ្ចប់រដូវធ្វើស្រែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋបានឱ្យដឹងថា ឆៃថាវ ជាបន្លែដែលងាយស្រួលដាំដុះ និងថែទាំបំផុត ដោយប្រើរយៈពេលត្រឹមតែ ៦ សប្ដាហ៍ អាចប្រមូលផលបាន។ មូលហេតុដែលពួកគាត់ជ្រើសរើសដាំឆៃថាវ គឺដោយសារទីផ្សារទូលាយ អាចយកទៅធ្វើម្ហូបស្រស់ៗ ធ្វើជ្រក់ ឬកែច្នៃជាឆៃប៉ូវ។

បច្ចុប្បន្ន មានក្រុមឈ្មួញចុះមកប្រមូលទិញដល់ចម្ការផ្ទាល់ មិនពិបាកដឹកជញ្ជូនទៅឆ្ងាយ។ ចំពោះតម្លៃកាលពីមុន ឆៃថាវអាចលក់បានតម្លៃ ៨០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែបច្ចុប្បន្នចុះមកត្រឹម ៥០០ រៀល ក្នុងមួយគីឡូក្រាម ដោយសារមានកសិករដាំច្រើនក្នុងពេលតែមួយ។ ទោះជាយ៉ាងនេះក្ដី ពួកគាត់នៅតែបន្តដាំ ព្រោះវាឆាប់បានផល និងងាយស្រួលលក់។

ពលរដ្ឋបានប្រាប់ឱ្យដឹងថា ដើម្បីទទួលបានមើមឆៃថាវ មានគុណភាពល្អ គឺត្រូវភ្ជួររាស់ដីឱ្យម៉ដ្ឋល្អ រួចលើករង រោយជី និងដាក់គ្រាប់តាមរងនីមួយៗ ឱ្យមានចន្លោះសមស្រប។

ជាពិសេសត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ក្នុងរយៈពេល ៧ ថ្ងៃដំបូង រួចបន្តដាក់ជី និងបាញ់ថ្នាំសម្លាប់សត្វល្អិតឱ្យបាន ៤​ដង រហូតដល់ពេលប្រមូលផល។

ទោះបីជាការដាំដុះដំណើរការទៅដោយរលូន ប៉ុន្តែពួកគាត់នៅតែមានក្ដីបារម្ភលើបញ្ហាតម្លៃ។ ពួកគាត់បានសំណូម​ពរ​ឱ្យ​អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ជួយជំរុញការស្វែងរកទីផ្សារឱ្យកាន់តែទូលាយជាងមុន និងជួយទប់លំនឹងតម្លៃឱ្យបាន​សមរម្យ ដើម្បីជួយបង្កើនចំណូលគ្រួសារ និងលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម