ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរឹតបន្តឹងការគ្រប់គ្រងនីកែល ខណៈអាមេរិក និងចិន ប្រជែងគ្នាលើរ៉ែកម្រ
ឥណ្ឌូណេស៊ីដែលជាប្រទេសផ្គត់ផ្គង់រ៉ែនីកែលដ៏ធំបំផុតលើពិភពលោក កំពុងរឹងបន្តឹងលើការគ្រប់គ្រងនីកែល ទោះបីជាតម្រូវការសកលងាកចេញពីការពឹងផ្អែកខ្លាំងលើរ៉ែលោហៈប្រភេទនេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ (១៨ កុម្ភៈ)។

ការបោះជំហានរបស់ឥណ្ឌូណេស៊ី អាចជះឥទ្ធិពលដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) សកល ខណៈដែលសហរដ្ឋអាមេរិក និងចិនប្រកួតប្រជែងគ្នាលើការគ្រប់គ្រងរ៉ែកម្រសំខាន់ៗ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ S&P Global Market Intelligence ឥណ្ឌូណេស៊ីរួមចំណែកប្រមាណ ៦០% នៃការផ្គត់ផ្គង់នីកែលលើពិភពលោកក្នុងឆ្នាំ ២០២៤ ដោយកើនឡើងពីត្រឹម ៣១,៥% នៅឆ្នាំ ២០២០ ដោយធ្វើឱ្យប្រទេសនេះក្លាយជាចំណុចស្នូលនៃទីផ្សារ។ ការកើនឡើងនេះ កើតឡើងក្រោយអតីតប្រធានាធិបតី ចូកូ វីដូដូ បានហាមឃាត់ការនាំចេញរ៉ែនីកែលឆៅ ដែលជំរុញឱ្យចិនដាក់ការវិនិយោគដ៏ធំក្នុងប្រទេសនេះសម្រាប់ការចម្រាញ់ និងរំលាយនីកែល។
ពីមុនមក រដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ឃឹមថា នីកែលនឹងគាំទ្រដល់ឧស្សាហកម្ម EV រាប់ចាប់តាំងពីការជីកយកនីកែល រហូតដល់ការផលិតអាគុយ និងរថយន្ត EV ទាំងមូល។ យ៉ាងណាមិញ អ្នកជំនាញលើកឡើងថា ការបញ្ជាក់បែបនេះ គឺគ្រាន់តែដើម្បីបិទបាំងការកាប់បំផ្លាញព្រៃឈើ និងការពង្រីកការជីកយករ៉ែប៉ុណ្ណោះ ទោះបីជាហានិភ័យអាកាសធាតុកើនឡើងក្ដី។
នៅឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីបានចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ធនធានធម្មជាតិខុសច្បាប់ ដោយនិយាយថា អាជ្ញាប័ណ្ណជីកយករ៉ែ និងចម្ការជាច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងអំពើពុករលួយ ឬមិនត្រូវបានអនុម័តឱ្យបានត្រឹមត្រូវ។ អាជ្ញាធរនិយាយថា ពួកគេបានរឹបអូសដីជីករ៉ែខុសច្បាប់ជាង ៤ លានហិកតា ចេញពិន័យជាប្រាក់ចំនួន ១,៧ ប៊ីលានដុល្លារ ហើយអាចនឹងរឹបអូសដីបន្ថែមទៀតនៅឆ្នាំនេះ។
យ៉ាងណាមិញ អ្នកជំនាញព្រមានថា ការបង្រ្កាបរបស់អាជ្ញាធរឥណ្ឌូណេស៊ី ធ្វើឡើងដោយសារតែតម្រូវការនីកែលអាចនឹងចុះខ្សោយ ចំពេលដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនជាច្រើនកំពុងប្តូរទៅប្រើអាគុយរថយន្តដែលប្រើប្រាស់នីកែលតិចជាងមុន។
អ្នកជំនាញមើលឃើញថា ចិនជាអ្នកវិនិយោគបរទេសដ៏សំខាន់ក្នុងវិស័យនីកែលរបស់ឥណ្ឌូណេស៊ី ហើយប្រើប្រាស់លោហៈនេះសម្រាប់ឧស្សាហកម្មដែកថែប និងថាមពលស្អាត។
ចិនបាននាំចូលនីកែលពីឥណ្ឌូណេស៊ីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែការវិនិយោគ និងការនាំចូលពីឥណ្ឌូណេស៊ីទៅចិនបានកើនឡើងខ្លាំង ចន្លោះឆ្នាំ ២០២០-២០២៣ ពោលគឺក្រោយការហាមឃាត់របស់លោក ចូកូ។
យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចថាមពល និងការវិភាគហិរញ្ញវត្ថុ ទុនបម្រុងនីកែលធំជាងគេគឺនៅលើកោះ Sulawesi ដែលផលិតនីកែលជាងពាក់កណ្តាលនៃតម្រូវការពិភពលោក។ ដោយឡែក វិទ្យាស្ថានធនធានពិភពលោកបានឱ្យដឹងថា ការជីកយករ៉ែរួមទាំងនីកែល បានបណ្តាលឱ្យបាត់បង់ព្រៃឈើប្រហែល ៣៧០ ០០០ ហិកតា ចន្លោះឆ្នាំ ២០០១ និង ២០២០ ហើយការប្រើប្រាស់ធ្យូងធ្មដើម្បីរំលាយនីកែល ក៏ប៉ះពាល់ដល់ការប្ដេជ្ញាចិត្តរបស់ឥណ្ឌូណេស៊ីលើគោលដៅអាកាសធាតុ។
ផែនការរបស់ឥណ្ឌូណេស៊ីក្នុងការកសាងឧស្សាហកម្ម EV ដ៏រឹងមាំដោយផ្អែកលើនីកែល ក៏មិនទាន់ទទួលបានជោគជ័យពេញលេញនៅឡើយទេ។
នៅខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution បានបើករោងចក្រផលិតអាគុយ EV ដំបូងគេនៅឥណ្ឌូណេស៊ី ប៉ុន្តែក្រោយមកនៅខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន LG បានដកខ្លួនចេញពីគម្រោងវិនិយោគដែលមានតម្លៃ ៨,៤ ប៊ីលានដុល្លារមួយនេះ។
ក្រុមហ៊ុន BYD និងក្រុមហ៊ុន CATL ឯណោះវិញ ក៏កំពុងសាងសង់រោងចក្រផលិតអាគុយ EV នៅឥណ្ឌូណេស៊ីផងដែរ។ ប៉ុន្តែ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសនេះ នៅតែមានទំហំតូចនៅឡើយ។ ក្នុងឆ្នាំ ២០២៤ ឥណ្ឌូណេស៊ីលក់ EV ប្រមាណ ៤៣ ០០០ គ្រឿង ដែលស្មើត្រឹមតែ ៥% នៃការលក់រថយន្តក្នុងសរុបប៉ុណ្ណោះ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន កំពុងប្តូរទៅប្រើថ្មលីចូមជាតិដែកផូស្វាត ដែលប្រើប្រាស់នីកែលតិចជាងមុន។
អ្នកជំនាញនិយាយថា ការគ្រប់គ្រងរបស់រដ្ឋកាន់តែខ្លាំងលើនីកែល អាចកាត់បន្ថយឥទ្ធិពលរបស់ចិននៅក្នុងផ្នែកខ្លះនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នីកែលរបស់ឥណ្ឌូណេស៊ី។ ប៉ុន្តែវាក៏បង្ហាញឱ្យឃើញផងដែរថា ប្រទេសនេះស្ថិតក្នុងស្ថានភាពលំបាកនៃការប្រកួតប្រជែងរបស់អាមេរិក និងចិនលើបញ្ហារ៉ែសំខាន់ ក៏ដូចជារ៉ែកម្រ។
អ្នកវិភាគម្នាក់បាននិយាយថា អនាគតនៃឧស្សាហកម្មនីកែលរបស់ប្រទេសឥណ្ឌូណេស៊ីគឺមិនប្រាកដប្រជាទេ ហើយភាពមិនប្រាកដប្រជាធ្វើឱ្យវិនិយោគិនមានការប្រុងប្រយ័ត្ន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


