សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន $១,៣ ពាន់លាន ពីការនាំចេញសំបកកង់រថយន្ត កើនជាង ៥០% នៅឆ្នាំ ២០២៥
កម្ពុជារកចំណូលបានជាង ១,៣៨ ពាន់លានដុល្លារ ពីការនាំចេញសំបកកង់រថយន្ត នៅក្នុងឆ្នាំ ២០២៥ កើនឡើង ៥៧,៨៦% ធៀបនឹងឆ្នាំ ២០២៤ ដែលសម្រេចបាន ៨៧៤ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

អ្នកជំនាញអះអាងថា កំណើននៃការនាំចេញសំបកកង់រថយន្ត ជំរុញឱ្យការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូមានស្ថិរភាពល្អ ទោះបីជាប្រឈមនឹងបញ្ហាស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅលើពិភពលោក។
ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញផលិតផលសំបកកង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ ១,៣៨ ពាន់លានដុល្លារ កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ ២០២៤។
នៅក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤។

ចំណូលបានពីការនាំចេញជ័រកៅស៊ូទទួលបាន ៥៦២ លានដុល្លារ ធ្លាក់ចុះជាង ៦% ធៀបនឹងឆ្នាំ ២០២៤ ដោយសារកំណើនតម្រូវការក្នុងស្រុកខ្ពស់។ បរិមាណប្រើប្រាស់ក្នុងស្រុក មានចំនួនជាង ១២ ម៉ឺនតោន កើនឡើង១៤៦% ធៀបនឹងឆ្នាំ ២០២៤។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។
នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានអះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនរបស់លោកប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពីឆ្នាំ ២០២៤។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូប្រាប់កម្ពុជាថ្មីថា ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច នយោបាយ នៅលើពិភពលោកជួបបញ្ហា ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា បន្តមានស្ថិរភាពល្អ ខណៈតម្លៃក៏បានខ្ពស់គួរសម។
លោក ម៉ែន សុភក្តិ បន្ថែមថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល មានការគាំពារទៅលើអ្នកវិនិយោគដែលមកផលិតជាផលិតផលសម្រេចនៅក្នុងស្រុក ទន្ទឹមនេះ កម្ពុជាមានវត្ថុធាតុដើមច្រើនអាចផ្គត់ផ្គង់ទៅរោងចក្រកែច្នៃដែលមកពីក្រៅប្រទេសបាននោះ ជាពិសេស ដូចជារោងចក្រកង់ឡានមាន ៦ ហើយកំពុងដំណើរការ ដែលកំពុងសកម្មក្នុងការប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកកមកកែច្នៃដើម្បីយកទៅប្រើប្រាស់ ខណៈរោងចក្រកែច្នៃក្នុងស្រុកក៏មានឱកាសកែច្នៃ និងលក់ក្នុងស្រុកដែរ»។
លោក ម៉ែន សុភក្ដិអះអាងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុប ជិត ៤៥ ម៉ឺនហិកតា (៤៤៥ ០៥១) ដែលពីមុនជ័រកៅស៊ូមានការនាំចេញទាំងស្រុង ខណៈបច្ចុប្បន្ន យើងអាចកែច្នៃហើយលក់ក្នុងស្រុក ដែលនៅពេលខាងមុខ រោងចក្រទាំងអស់នោះកែច្នៃហើយសម្រាប់តែតម្រូវការក្នុងស្រុកសឹងតែមិនគ្រប់ ខណៈប្រជាជនដែលមានលទ្ធភាពហាក់ចាប់អារម្មណ៍ផ្លាស់ប្ដូរដំណាំផ្សេងងាកមកដាំដុះកៅស៊ូវិញកាន់តែច្រើន៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


