ព័ត៌មានជាតិ
សមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុនឹងរួមគ្នាសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់ ពលករដែលត្រលប់មកពីថៃវិញ
តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងសម្រួលបន្ទុកហិរញ្ញវត្ថុដល់ពលករខ្មែរត្រឡប់ពីថៃ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។

បើយោងតាមសេចក្តីថ្លែងការណ៍រួមនេះ ការអំពាវនាវនេះ បានបង្ហាញឱ្យឃើញពីជម្រៅទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃក្នុងភាពជាអ្នកដឹកនាំគំរូ របស់សម្តេចដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ ផ្តល់ភាពកក់ក្តៅ និងគិតគូរអំពីជីវភាពរស់នៅ របស់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ។
«គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរនឹង ពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត»។
«សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នេះ។
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា និងជាប្រធានអគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៥នេះថា ក្នុងករណីមានតម្រូវការជាក់ស្តែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើ សុំផ្តល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណ បណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះ ស្រាយដ៏សមរម្យ។

លោកបានថ្លែងថា៖«យើងគាំទ្រចំពោះការអំពាវនាវរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ព្រោះយើងក៏មានបទពិសោធន៍ធ្លាប់ជួយសម្របសម្រួលកន្លងមកដល់ពលកររបស់យើង។ យើងធ្វើការសម្រួលនីតិវិធីនានាដើម្បីសម្រួលដល់ពួកគាត់។ ការណ៍នេះយើងនឹងកាត់បន្ថយប្រាក់ចំណេញរបស់យើងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ករភាពងាយស្រួលដល់ពលករដែលចង់រៀបចំឥណទានឡើងវិញ ឬការសម្រួលបន្ទុកផ្សេងៗក្នុងការបង់ប្រាក់ជាដើម»។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្នមានពលករកម្ពុជា ប្រមាណ១លាន៣សែន៨ម៉ឺននាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ។ ក្នុងនោះ ថៃ បានក្លាយជាប្រទេសដែលស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលបច្ចុប្បន្នមានរហូតដល់ជាង១លាន២សែននាក់ និងបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញ ជាមធ្យមប្រមាណា២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


