សេដ្ឋកិច្ច
លោក ឌិត ទីណា ប្រកាសរកក្រុមហ៊ុនផលិត និងនាំចូលជីតម្លៃថោកដើម្បីជួយកសិករកម្ពុជា
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានប្រកាសរកក្រុមហ៊ុនដែលមានសមត្ថភាពអាចផលិតជី ឬនាំចូលជីដែលមានតម្លៃថោក ដើម្បីជួយកសិករកម្ពុជា។

ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី ០៦ ខែ ធ្នូ លោក ឌិត ទីណា គាំទ្រចំពោះក្រុមហ៊ុនផលិត ឬអាចនាំចូលជីមានគុណភាពល្អតម្លៃថោកជួយដល់កសិករ ក្នុងវិស័យកសិកម្ម លោកស្វាគមន៍ និងអនុញ្ញាតឱ្យធ្វើភ្លាម។ លោកបន្តដូច្នេះថា«បើមានអ្នកណានាំចូលជីតម្លៃថោកបានល្អ ខ្ញុំប្រគល់ឱ្យអ្នកនឹងយកជីមកលក់ឱ្យប្រជាកសិករភ្លាម…ធ្វើឱ្យត្រឹមត្រូវជីមានគុណភាពគ្រប់គ្រាន់ ប្រគល់ជូនហើយ»។

ប៉ុន្តែលោកថា ក្នុងស្ថានភាពបច្ចុប្បន្ន ក្រុមហ៊ុននានាពិនិត្យឃើញថា ការនាំចូលក្នុងកាលៈទេសៈនេះ មិនចំណេញ ក្រុមហ៊ុនមិននាំចូលនោះទេ។ លោកបន្ថែមថា វិបត្តិរវាងរុស្ស៊ី អ៊ុយក្រែន បានបង្កឱ្យប្រេងឡើងថ្លៃ ពោលគឺប្រេងដែលជាវត្ថុធាតុដើមយកមកធ្វើជាជីក៏ឡើងថ្លៃដូចគ្នា ដូច្នេះក្រុមហ៊ុននាំចូលថ្មីៗមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនជីដែលមានស្រាប់នៅក្នុងស្រុកបានឡើយ។ មានន័យថា ក្រសួងបានសិក្សាពិនិត្យលើបញ្ហានេះ រួចរាល់អស់ហើយ។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា« ខ្ញុំរកអស់ហើយ ប៉ុន្តែបើមានក្រុមហ៊ុនណា ដឹងថា ទិញជីពីណាបានថោក ខ្ញុំអនុញ្ញាតឱ្យធ្វើភ្លាម»។
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក ឌិត ទីណា ក៏បានស្នើដល់ភាគីឥណ្ឌាសិក្សាលទ្ធភាពលើការនាំចូលជីដែលមានគុណភាពល្អ និងតម្លៃថោកសមរម្យ ដើម្បីបម្រើនៅក្នុងវិស័យកសិកម្ម ជួយដល់កសិករកម្ពុជាផងដែរ។
ការលើកឡើងរបស់លោក ឌិត ទីណា ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលតែងតែចង់ឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម ជួយអន្តរាគមន៍បញ្ចុះតម្លៃជីគីមី ប្រេង និងថ្នាំសម្លាប់សត្វល្អិតជាដើម។ ប្រជាកសិករ បានលើកឡើងថា ជីមានតម្លៃថ្លៃ គឺនាំឱ្យពួកគេប្រកបរបរកសិកម្ម មិនទទួលបានប្រាក់ចំណេញ ថែមទាំងចូលដើមទៀតផង។
ទោះយ៉ាងណា ក្នុងរយៈពេលជាង ៥០ថ្ងៃនៃការចូលកាន់តំណែងរបស់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម បានជួយដោះស្រាយបញ្ហាជាប់គាំជាច្រើនក្នុងវិស័យកសិកម្ម ដោយក្នុងនោះមានដូចជា ការសហការជាមួយរោងម៉ាស៊ីនកិនស្រូវទិញស្រូវកសិករក្នុងតម្លៃសមរម្យ ការជួយរកទីផ្សារជូនប្រជាកសិករ និងចុះជួបកសិករតាមមូលដ្ឋានជាប្រចាំ ដោយលោកអះអាងថា ពុំមានថ្ងៃសៅរ៍ ឬអាទិត្យនោះឡើយ។
លើសពីនេះទៀត លោក ឌិត ទីណា មានផែនការយុទ្ធសាស្រ្តកំណែទម្រង់វិស័យកសិកម្មទាំងមូលផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


