សេដ្ឋកិច្ច
ទូតចិន៖ កម្ពុជា ជាគោលដៅនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិនទាំងធុរកិច្ច និងទេសចរ
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ចិនបានចាប់ផ្តើមបើកប្រទេសឡើងវិញ ហើយកម្ពុជា ជាគោលដៅ នៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន ទាំងផ្នែកធុរកិច្ច និងទេសចរណ៍។ លោកថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣។

ឆ្លើយតបនឹងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើងតាមរយៈទេសចរចិន ក្រោយពីរដ្ឋាភិបាលចិន បានបើកប្រទេសឡើងវិញ។ សម្តេចតេជោ បានថ្លែងដោយយោងតាមរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា នៅឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាននាក់។ ភ្ជាប់ជាមួយចំណុចនេះ សម្តេចរំពឹងថា ក្រោយចិនបើកប្រទេសវិញ តែទេសចរចិនមួយនឹងទទួលបានជាង ២លាននាក់ ដោយមិនគិតទេសចរប្រទេសដទៃទៀត។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «អ្នក(ប្រទេស) ដែលតឹងតែងជាមួយចិន ក៏តឹងតែងទៅចុះ កម្ពុជាមិនតម្រូវលក្ខខណ្ឌអ្វីឡើយ ចិនអាចមកទស្សនាកម្ពុជាធម្មតា»។ ក្នុងន័យនេះ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសដទៃ តម្រូវឲ្យអ្នកទេសចរចិន ធ្វើនេះ ធ្វើនោះ គឺជារឿងរបស់ពួកគេ តែសម្រាប់ប្រទេសកម្ពុជា អញ្ជើញប្រជាជនចិន អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា។
ការបើកប្រទេសឡើងវិញរបស់ចិន នឹងក្លាយជាឱកាសល្អសម្រាប់វិនិយោគិនកម្ពុជា និងចិនបានជួបគ្នាដោយផ្ទាល់ ដើម្បីពិភាក្សាការធ្វើធុរកិច្ច។ ការភ្ជាប់ទំនាក់ទំនងរវាងអ្នកធុរកិច្ចនៃប្រទេសទាំងពីរនេះ នឹងជំរុញកិច្ចព្រមព្រៀងទ្វេភាគី ឱ្យមានប្រសិទ្ធភាព លើការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ពិសេសផលិតផលកសិកម្ម ដែលចិន ជាទីផ្សារធំរបស់កម្ពុជា។
រំហូរនៃវិនិយោគបរទេសមកកម្ពុជា ភាគច្រើនចេញមកពីតំបន់អាស៊ី ជាពិសេសប្រទេសចិន ដែលមានចំនួនជិត៥០ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុប ធ្វើឱ្យប្រទេសនេះឈរនៅលំដាប់ទី១។ ការវិនិយោគរបស់ចិន ផ្តោតជាចម្បងទៅលើវិស័យផលិតកម្ម, ហិរញ្ញវត្ថុ, សំណង់, អចលនទ្រព្យ និងលំនៅដ្ឋាន។ នេះបើតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១ ផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ពុជា មានទំនាក់ទំនងល្អ និងមានកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិនតាំងពីឆ្នាំ ២០១០មក ដោយកម្ពុជា ចិន មានរំហូរវិនិយោគជាមួយគ្នាជាច្រើន។ លោក បន្តថា តាមរយៈកិច្ចព្រមព្រៀងផ្សេងៗ ជាបន្តបន្ទាប់មក ធ្វើឱ្យរំហូរវិនិយោគចិនច្រើនណាស់មកកម្ពុជា ជាមួយនឹងទេសចរចិនលំដាប់ឈានមុខ។ ចំពោះការប្រកាសបើកប្រទេសទូលាយឡើងវិញរបស់ចិននេះ ជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការវិនិយោគ ពិសេសអភិវឌ្ឍអគារដែលជាប់គាំមួយចំនួន ដូចជា នៅខេត្តព្រះសីហនុ និងការវិនិយោគផ្សេងទៀត ស្របពេលដែលកម្ពុជា មានកិច្ចព្រមព្រៀង FTA ជាមួយប្រទេសចិនទៀតផង។ លោកបន្ថែមដូច្នេះ« នេះជាការសាទរមួយយ៉ាងខ្លាំង ដែលសម្តេចតេជោ បានប្រកាសស្វាគមន៍ វិនិយោគ និងទេសចរចិន ដែលសមស្របនឹងគោលនយោបាយបើកចំហររបស់ប្រទេសចិន»។

លោកបណ្ឌិត មើលឃើញថា វិនិយោគិនចិន នឹងចូលមកបន្តវិនិយោគទាំងគម្រោងចាស់ និងគម្រោងថ្មីៗបន្តទៀត ដែលនេះជាការផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ជំរុញឱ្យមានសកម្មភាពគ្រប់ផ្នែក រួមចំណែកដល់វិស័យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើននៅឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


