Connect with us

ព័ត៌មានអន្ដរជាតិ

ការ​នាំ​ចេញ​អង្ករ​ថៃ​កើន​ឡើង​ ២៥ ភាគរយ​ក្នុង​ឆមាស​ទី​១​ ខណៈរដ្ឋាភិបាល​បង្កើន​ការ​រំពឹង​ទុកការ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​​ដល់​ជាង​ ៨ លាន​តោន

បានផុស

នៅ

ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​ ២០២៤ នេះ​ បាន​កើនឡើង​ប្រមាណ​ ២៥ ភាគរយ​ ខណៈរដ្ឋាភិបាល​បាន​បង្កើន​ការ​រំពឹង​ទុក​លើ​ការ​នាំចេញ​អង្ករ​សរុប​ប្រចាំឆ្នាំ ពី​ ៧,៥ លាន​តោន ​ក្នុង​ការ​ព្យាករ​កាល​ពី​លើក​មុន​ ​ដល់​ប្រមាណ ​​៨,២ លាន​តោន​ ដោយសារតម្រូវ​ការ​ខ្ពស់​​នៅ​ទីផ្សារ​នាំ​ចូល​ធំ​ៗ​ និង​ប្រាក់​បាត​ធ្លាក់​ចុះ​។ នេះ​បើ​តាម​ការ​​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា ក្នុងឆមាសទី១​ នៃឆ្នាំ ២០២៤ ការនាំចេញអង្ករ​របស់​ថៃ ដែល​ជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេទី២​របស់ពិភពលោក មានចំនួន ៥,០៨ លាន​តោន​ ក្នុង​តម្លៃ​ប្រមាណ​ ១១៧,៨ ប៊ីលាន​បាត​ ​​ដោយ​កើនឡើង ២៥,១ ភាគរយ​ បើ​គិត​​ពី​បរិមាណ​ និង​ ៥៥,៥ ភាគរយ​ បើ​គិត​ពី​តម្លៃ​ ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

​ក្រសួងបាន​បន្ត​ថា​ ​ការនាំចេញអង្កររបស់​ថៃ​ ត្រូវបាន​ជំរុញ​ដោយតម្រូវការពីទីផ្សារសំខាន់ៗ រួមទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ​ក៏ដូចជា​កត្តា​រួម​ផ្សំ​ដូច​ជា​​ភាព​កម្សោយ​នៃ​ប្រាក់បាត​។ ក្រសួង​គូស​បញ្ជាក់​ថា​៖ «​ប្រទេស​​នាំ​ចូល​អង្ករ​​នាំ​ចូល​អង្ករ​​ក្នុង​គោលបំណង​បរិភោគ​ ​និង​រក្សា​ទុក​ជា​ស្តុក​សម្រាប់​សន្តិសុខ​ស្បៀង​»​ ហើយ​ថា​ ​ហ្វីលីពីន និងឥណ្ឌូណេស៊ី​នឹង​បន្តនាំចូលអង្ករ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអតិផរណា និងគ្រោះរាំងស្ងួត។

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ លោក Ronnarong Phoolpipat បាន​ថ្លែង​ថា​ ការនាំចេញអង្ករនៅឆ្នាំនេះ ទំនងជាអាចឈានដល់ ៨,២ លានតោន ​សរុប​ជា​តម្លៃ ៤,៥ ប៊ី​លានដុល្លារអាមេរិក ឬប្រហែល ១៦២ ​ប៊ីលានបាត ដែលលើសពីការព្យាករ​កាលពីដើមឆ្នាំ ៧,៥ លានតោន។

​យ៉ាងណា​មិញ​ ​កំណើន​នៃ​ការ​ព្យាករ​ដដែល​ នឹងនៅតែទាបជាងចំនួន​នាំ​ចេញ​សរុបកាលពីឆ្នាំមុន​។ ក្នុង​ឆ្នាំ​ ២០២៣ ថៃ​នាំ​ចេញអង្ករ​ប្រមាណ​ ៨,៧៧ លាន​តោន​ ដែល​ហួស​គោលដៅ​ ៨ លាន​តោន​។

លោក Ronnarong បាន​ឱ្យដឹង​ផង​ដែរ​ ទិន្នផល​​ស្រូវសម្រាប់​ឆ្នាំ​ ២០២៤ រំពឹង​ថា​នឹង​កើន​ឡើង​ប្រមាណ​ ៥,៧៥ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​ ខណៈក្រសួង​ពាណិជ្ជកម្ម​រំពឹង​ថា​ ​​​ទិន្នផល​ស្រូវ​​នឹង​កើន​ខ្ពស់​​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ដោយសារ​ការ​ថយ​ចុះ​នៃ​ឥទ្ធិពល​នៃ​បាតុភូត​អាកាសធាតុ អែល នីណូ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក Ronnarong បាន​គូស​បញ្ជាក់​ថា​ កត្តាហានិភ័យជាច្រើននៅតែកើតមានលើការនាំចេញអង្កររបស់ថៃសម្រាប់ឆមាសទី២​នៃឆ្នាំនេះ ជាពិសេសពាក់​ព័ន្ធ​នឹង​លទ្ធភាពដែលឥណ្ឌា​​នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹងការនាំចេញអង្កររបស់ខ្លួន ក៏ដូច​ជា​ការបង្កើនផលិតកម្មអង្ករនៅ​វៀតណាម ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងកម្ពុជាជា​ដើម​ ដែល​កត្តា​ទាំង​នេះ​ អាចបង្កើនការផ្គត់ផ្គង់សកលដែលនាំឱ្យមាន​តម្លៃ​អង្ករ​នាំ​ចេញ​​ចុះ​ទាប​មក​វិញ​។ ហានិភ័យ​ផ្សេង​ទៀត​ រួម​មាន​ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង​ការ​ប្រែប្រួល​អត្រាតម្លៃ​ដឹកជញ្ជូនទំនិញដែលកំពុងបន្ត​ជា​ដើម​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម