ព័ត៌មានជាតិ
តំណាងវិស័យឯកជនជំរុញធុរជនហុងកុងវិនិយោគលើវិស័យសក្តានុពលធំៗ៤នៅកម្ពុជា
ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) អ្នកឧញ៉ា គិត ម៉េង បានលើកទឹកចិត្តដល់វិនិយោគិនហុងកុងក្នុងការចាប់យកឪកាសវិនិយោគនៅលើវិស័យដ៏មានសក្តានុពលធំៗចំនួន៤នៅកម្ពុជារួមមានវិស័យកាត់ដេរផលិតសម្លៀកបំពាក់ និងស្បែកជើង; ឱសថ; អចលនទ្រព្យ និង សំណង់; និងការលក់រាយ និងភោជនីយដ្ឋាន។

ការថ្លែងបែបនេះធ្វើឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-ហុងកុងកាលពីថ្ងៃទី៣១ខែកក្កដា ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ចន ខេស៊ីឡី (John KC Lee) ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ និង ធុរជនកម្ពុជា-ហុងកុង សរុប៣៥០នាក់ និងបានលើកយកមកពិភាក្សា និងរំលេចនូវទិដ្ឋភាពវិនិយោគកម្ពុជានិងសក្តានុពលនៃធុរកិច្ចទ្វេភាគី។
ធុរជនហុងកុងនិងកម្ពុជា ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មកពីវិស័យធនាគារបច្ចេកវិទ្យា ព័ត៌មានវិទ្យា អចលនទ្រព្យ ភស្តុភារ និងដឹកជញ្ជូន បដិសណ្ឋារកិច្ច អប់រំ ទីផ្សារភាគហ៊ុន ម្ហូបអាហារ អាកាសចរណ៍ វិនិយោគនិងសេវាកម្មហិរញ្ញវត្ថុ ភាពយន្ត និង ថាមពល។
អ្នកឧញ៉ា គិត ម៉េង ទំនាក់ទំនងមិត្តភាពដ៏រឹងមាំយូរអង្វែងរវាងកម្ពុជានិងចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគកម្ពុជាហុងកុង ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីក្របខណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់រួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន។

«កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយរបស់ហុងកុង ហើយការវិនិយោគរបស់ហុងកុងនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ស្ថិតក្នុងបរិបទនេះ ធុរជនហុងកុងអាចធ្វើការសិក្សានិងស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនៅកម្ពុជាដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង»។ នេះបើយោងតាមអ្នកឧញ៉ា។
ក្នុងជំនួបពិភាក្សាការងារ ដែលបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក John KC LEE បានចាត់ទុកថា នេះជាកាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់ធុរជន និងវិនិយោគិននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។
លោក John KC LEE ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង បានជម្រាបជូនសម្តេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ឆ្លៀតនៅក្នុងជំនួបនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក៏បានចូលរួមជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ គឺ៖ ទី១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទី២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើយោងតាមអ្នកឧញ៉ា គិត ម៉េងទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងកម្ពុជានិងហុងកុង ដែលទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាលំដាប់ និងមានទំហំច្រើនជាង ១ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣រហូតមក។
អ្នកឧកញ៉ាប្រធាន ជំរុញលើកទឹកចិត្ត ក្រុមហ៊ុនហុងកុង និងកម្ពុជា ស្វែងរកដៃគូ និងវិនិយោគបន្ថែមនៅកម្ពុជា ដែលជាមជ្ឈមណ្ឌលផលិតកម្មផ្តោតលើការនាំចេញជាយុទ្ធសាស្ត្រ និងមានការប្តេជ្ញាខ្ពស់ក្នុងការ៖ ផ្ដល់បរិយាកាសអំណោយផលដល់អាជីវកម្ម គោលនយោបាយលើកទឹកចិត្តវិនិយោគ គោរពវិធានច្បាប់ និង គាំទ្រការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

នៅក្នុងជំនួបធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងចូលរួមលើកកម្ពស់ពាណិជ្ជកម្មនិង ជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង ជាពិសេស លើក្របខណ្ឌកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ លើសពីនោះទៅទៀត សភាពាណិជ្ជកម្មកម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មហុងកុង ដើម្បីជុំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងកម្ពុជា និងហុងកុង ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


