Connect with us

ព័ត៌មានអន្ដរជាតិ

OpenAI គ្រោង​ដាក់​ការិយាល័យនៅសិង្ហបុរី ដើម្បី​ពង្រឹង​​ប្រតិបត្តិការ​ក្នុង​តំបន់

បានផុស

នៅ

​​ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ដែល​ជា​ក្រុមហ៊ុនមេរបស់​ ChatGPT ដែល​ជា​វេទិកា​ឆ្លើយឆ្លងសារ​ស្វ័យប្រវត្តិ​ដោយប្រើ​បញ្ញាសិប្បនិម្មិតបង្កើត​ (Generative AI) ​​នឹងបើកការិយាល័យនៅអាស៊ីទី២​របស់ខ្លួន​ ក្នុងប្រទេសសិង្ហបុរី​នៅ​ឆ្នាំ ២០២៤ នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Straits Times នា​ថ្ងៃ​ពុធ​នេះ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​នៅ​សិង្ហបុរី ដែលជាសាខាអន្តរជាតិទី៤​របស់ក្រុមហ៊ុន នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមទាំងការងារជាមួយកម្មវិធីបញ្ញាសិប្បនិម្មិតជាតិ ​ AI Singapore លើគំរូ AI ជំនាន់ថ្មីៗ ដែល​រចនាឡើង​ដើម្បីយល់ និងឆ្លុះបញ្ចាំងពីវប្បធម៌ និងភាសា​ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការពង្រីក​ខ្លួន​ OpenAI នៅ​សិង្ហបុរី​ ​បង្ហាញពីផែនការរយៈពេលវែងរបស់​ក្រុ​មហ៊ុន AI យក្ស​អាមេរិក​មួយ​នេះ​ ក្នុង​​ទាញយកសក្តានុពលផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនរបស់​សិង្ហបុរី និងធ្វើឱ្យ​​ប្រតិបត្តិការ​​របស់​ខ្លួន​កាន់តែស៊ីជម្រៅ​ក្នុងតំបន់ ដោយដើរតួជាមជ្ឈមណ្ឌលសម្រាប់ដៃគូអាស៊ីប៉ាស៊ីហ្វិក (Apac) របស់ខ្លួន។

នាយកប្រតិបត្តិរបស់​ OpenAI លោក​ Sam Altman បាននិយាយ​​ក្នុងសេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «សិង្ហបុរី ដែល​មាន​ប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃការដឹកនាំផ្នែកបច្ចេកវិទ្យា​ បានលេចចេញជាអ្នក​នាំមុខគេ​ក្នុងវិស័យ​ AI ដោយ​មាន​សក្តានុពល​ដោះស្រាយបញ្ហាលំបាកបំផុតមួយចំនួនរបស់សង្គម និងជំរុញវិបុលភាពសេដ្ឋកិច្ច​របស់​ខ្លួន​»។ លោក​បន្ត​ថា​៖ «យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយរដ្ឋាភិបាល និងប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងរីកចម្រើនរបស់ប្រទេសនេះ នៅពេលដែលយើងពង្រីកចូលទៅក្នុងតំបន់ Apac»។

គួរ​គូស​បញ្ជាក់​ថា​ ក្រុមហ៊ុន​ OpenAI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយ​បច្ចុប្បន្ន​មានការិយាល័យនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ឌុលលីន (អៀរឡង់) និងតូក្យូ (ជប៉ុន)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម