ព័ត៌មានជាតិ
សិង្ហបុរីសង្ឃឹមថាកម្ពុជា-ថៃ បន្តអនុវត្តបទឈប់បាញ់ ខណៈបទឈប់បាញ់នៅតែ«ផុយស្រួយ»
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសិង្ហបុរី បានជជែកគ្នាយ៉ាងស៊ីជម្រៅលើការវិវត្តចុងក្រោយនៃស្ថានភាពជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ខណៈបទឈប់បាញ់នៅតែផុយស្រួយ។ តាមរយៈជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមីនា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្សណាន់ បានដាក់ក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងបន្តអនុវត្តលើបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពបញ្ចៀសការផ្ទុះអាវុធឡើងវិញ និងដោះស្រាយបញ្ហាដោយសន្តិវិធី។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការ ក្រោយពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាដូច្នេះថា៖«យើងសង្ឃឹមថាសមាជិកអាស៊ានទាំងពីរអាចបន្តអនុវត្តលើបទឈប់បាញ់បច្ចុប្បន្ន និងដោះស្រាយភាពខុសគ្នារបស់ពួកគេដោយសន្តិវិធីតាមរយៈការសន្ទនា និងការចរចា។ »។

គួរកត់សម្គាល់ថា សិង្ហបុរី ប្រទេសដែលមានឥទ្ធិពលនយោបាយដ៏ខ្លាំងនៅក្នុងតំបន់អាស៊ាន តែងតែបង្ហាញជំហរប្រយ័ត្នប្រយែងក្នុងការអត្ថាធិប្បាយលើបញ្ហាជម្លោះរវាងកម្ពុជា-ថៃ ចាប់តាំងពីមានករណីយោធាថៃបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ ក្នុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំបីក្នុងទឹកដី និងដែនអធិបតេយ្យកម្ពុជា។ ក្នុងនាមជាសមាជិកអាស៊ាន សិង្ហបុរី តែងតែអំពាវនាវឱ្យកម្ពុជា-ថៃ អត់ធ្មត់ឱ្យបានខ្ពស់បំផុត និងបន្តកិច្ចសន្ទនា ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិបែបនេះ យ៉ាងហោចណាស់៥ដងមកហើយ។

កម្ពុជា-ថៃ ឯកភាពឱ្យមានបទឈប់បាញ់ត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីភាគីថៃបើកការវាយប្រហារទ្រង់ទ្រាយធំឈ្លានពាន បង្ខំឱ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនឆ្លើយតបដោយអាវុធ ផ្ទុះចេញជាជម្លោះប្រដាប់អាវុធរយៈពេល២១ថ្ងៃ បណ្ដាលឱ្យពលរដ្ឋខ្មែរភៀសសឹកជាង៦៤ម៉ឺននាក់ និងបាត់បង់ជីវិតជាង៣០នាក់ របួសជិត១០០នាក់។

ត្បិតមានបទឈប់បាញ់ ប៉ុន្តែភាគីកម្ពុជា អះអាងថា ភាគីថៃ បានបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋខ្មែរ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រាយបន្លាលួស ដាក់ទូកុងតឺន័រ ចូលជ្រៅមកក្នុងទឹកដីកម្ពុជា កាន់កាប់លើទីតាំងយ៉ាងហោចណាស់ចំនួន១៤ ក្នុងខេត្តចំនួន៤ ដូចជាខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ។

កាលពីពាក់កណ្ដាលខែកុម្ភៈ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតែមានភាព«ផុយស្រួយ» ពីព្រោះកងទ័ពថៃ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា រាយបន្លាលួស ដាក់ទូកុងទឺន័រចូលជ្រៅក្នុងទឹកដីកម្ពុជា លើសពីអ្វីដែលភាគីថៃធ្លាប់ទាមទារជាឯកតោភាគីលើខ្សែបន្ទាត់ព្រំដែនទៅទៀត។ សម្ដេច ហ៊ុន ម៉ាណែត ថា «កម្ពុជា មិនចោទប្រកាន់ថៃទេ ប៉ុន្តែវាគឺជាសេចក្ដីថ្លែងការណ៍ពិតដែលកំពុងកើតនៅលើដីជាក់ស្ដែង»។

ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន កម្ពុជា តែងតែអំពាវនាវឱ្យថៃ ចូលមកដោះស្រាយបញ្ហាព្រំដែនតាមរយៈកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងស្នើឱ្យចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែងយ៉ាងហោចណាស់៥លើក ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow អះអាងថា ថៃនឹងចូលកិច្ចប្រជុំនេះ ប៉ុន្តែត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលថៃថ្មី ចូលកាន់អំណាចសិន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


