ព័ត៌មានជាតិ
មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានឹងត្រូវបានដាក់ឱ្យដំណើការនៅដើមឆ្នាំក្រោយដើម្បីជំរុញផលិតផលក្នុងស្រុក
សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាគ្រោងនឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (Cambodian Trade Center—CTC) នៅដើមឆ្នាំក្រោយដើម្បីជំរុញការលក់ និងចែកចាយផលិតនៅទីផ្សារក្នុងស្រុក ព្រមទាំងពង្រីកការនាំចេញឱ្យកាន់តែទូលំទូលាយ ខណៈបណ្តាសហគ្រាសខ្នាតមីក្រូ និងតូចមានលទ្ធភាពច្រើនក្នុងការផលិតនូវផលិតផលដែលមានគុណភាពដែលអាចប្រកួតប្រជែងជាមួយផលិតនាំចូល។

លោកស្រី កែវ មុំ ប្រធាន សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីថា លោកស្រីបានដឹកនាំគណៈប្រតិភូជួបប្រជុំជាមួយលោក ហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំដើម្បីសុំការជួយគាំទ្រ និងស្វែងរកកិច្ចសហការនានាជាមួយនឹងក្រសួងពាណិជ្ជកម្ម ជាពិសេសបានស្នើសុំអនុសាសន៍ណែនាំ សម្រាប់ជាធាតុចូលលើគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា(CTC) ដោយបានបង្ហាញថាមជ្ឈមណ្ឌលនេះគ្រោងបង្កើតឡើងក្នុងបំណងជួយលើកស្ទួយផលិតផលដែលផលិតដោយសហគ្រាសក្នុងស្រុក ប្រមូលផ្តុំផលិតផលក្នុងស្រុក តាំងបង្ហាញផ្សព្វផ្សាយ និងចែកចាយផលិតផលទាំងនោះដល់អ្នកប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស។
លោកស្រីបានថ្លែងថា៖«ក្នុងនាមជាប្រធានសភាមុខរបរនិងមីក្រូសហគ្រាស គឺយើងដើរតួនាទីក្នុងការជួយដល់វិស័យខ្នាតមីក្រូ និងខ្នាតតូច ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ពួកគាត់ដោយសារតែអាជីវកម្មទាំងនោះនៅតែមានឧបសគ្គជាច្រើន ជាពិសេសគាត់អាចផលិតបាននូវផលិតផលដែលមានគុណភាព និងរសជាតិអាចប្រកួតប្រជែងបាន ប៉ុន្តែបញ្ហាធំរបស់ពួកគាត់គឺពួកគាត់មិនអាចធ្វើទីផ្សារលក់និងចែកចាយផលិតផលរបស់គាត់ឱ្យបានធំទូលាយ»។
«ហេតុដូច្នេះហើយបានជា ក្នុងនាមខ្ញុំជាប្រធានសភាមុខរបរដែលមានបទពិសោធផលិតនិងចែកចាយទាំងថ្នាក់ជាតិនិងអន្តរជាតិ ខ្ញុំមើលឃើញនូវបញ្ហានិងដំណោះស្រាយរបស់ពួកគាត់ ដូច្នេះយើងបានជាខ្ញុំចង់បង្កើតឱ្យមាន«មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា(CTC) នេះឡើយ។ សម្រាប់ការបង្កើតមជ្ឈមណ្ឌលនេះគឺកន្លងមកមិនមែនមានតែខ្ញុំទេដែលមានបំណង ប៉ុន្តែក៏មានបងប្អូនយើងជាច្រើនទៀតក៏ចង់បង្កើតឡើងដើម្បីជួយដល់ផលិតផលក្នុងស្រុកផងដែរ»។

លោកស្រីកែវ មុំបានថ្លែងពន្យល់ថា ការបង្កើតមជ្ឈមណ្ឌលនេះដើម្បីជួយជំរុញការលក់ និងចែកចាយនូវផលិតផលក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ក្នុងនោះគោលដៅទី១គឺយើងផ្តោតលើការលក់និងចែកចាយនៅក្នុងប្រទេសសិន ដោយសារតែការផលិតរបស់ពួកគាត់បរិមាណនៅមានកម្រិតដូច្នេះយើងពុំទាន់អាចពង្រឹងក្នុងការនាំចេញនោះទេ បើសិនជាយើងជំរុញការនាំចេញគឺបញ្ហាផ្តោតសំខាន់គឺការផលិតតាមស្តង់ដារ និងទីពីរធំបំផុតគឺបរិមាណនៃការផលិតរបស់ពួកគាត់។ « ដូច្នេះយើងផ្តោតលើការលក់និងចែកចាយនៅក្នុងស្រុកសិន និងយើងនឹងព្យាយាមដោះស្រាយនិងសម្របសម្រួលបញ្ហាផ្សេងៗធ្វើយ៉ាងដូចម្តេចដែលគាត់អាចចែកចាយទៅក្រៅប្រទេសបាន រួមទាំងស្តង់ដារ និងបរិមាណផងដែរដូច្នេះយើងក៏ត្រូវការពេលវេលាផងដែរ»។

លោកស្រីថា៖«បច្ចុប្បន្ន យើងនៅរៀបចំគម្រោងនិងផែនការមួយចំនួនទៀតដើម្បីឱ្យដឹងច្បាស់អំពីការវិនិយោគ និងការគៀគរទុនដើម្បីបើកដំណើការមជ្ឈមណ្ឌលនេះ ដោយសារយើងមិនអាចធ្វើអ្វីមួយដោយពុំមានផែនការច្បាស់លាស់ និងថវិការដើម្បីដំណើការនោះដែរ ហេតុដូច្នេះហើយ បានជានាពេលបច្ចុប្បន្នយើងកំពុងរៀបចំធ្វើផែនការលម្អិតក្នុងការគៀគរថវិកា ដូច្នេះយើងគិតថាយើងនឹងអាចដំណើការនៅដើមឆ្នាំក្រោយ»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករាដល់ដំណាច់ខែសីហា កម្ពុជាបានចំណាយនូវទឹកប្រាក់៤២៤,៦៨ លានដុល្លារលើការនាំចូលនូវចំណីអាហារនានាដោយកើនឡើង១៤,៣០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់សរុបចំនួន ៣៧១,៥៦លានដុល្លារ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី