ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង ៧,៦ ពាន់លានដុល្លារពីការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក
ប្រទេសកម្ពុជាប្រមូលប្រាក់បានជាង ៧,៦ ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអាមេរិកនៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ កើនជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈអាមេរិកនៅតែជាប្រទេសនាំមុខគេដែលទទួលទិញទំនិញពីកម្ពុជា គឺចំនួនជិត ១/៣ នៃទឹកប្រាក់នាំចេញសរុប។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

បើយោងតាម GDCE ចាប់ពីខែមករាកុម្ភៈ ដល់ខែកញ្ញាឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ កើនជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានជាង ៧ ពាន់លានដុល្លារ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ចំនួន ៧,៦ ពាន់លានដុល្លារ កើន ១០,៣ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ១៩៣ លានដុល្លារ កើន ៦,៧ ភាគរយ។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានឱ្យដឹងថា សម្ទុះការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសបណ្តាប្រទេសតំបន់អឺរ៉ុប អាមេរិក និងកាណាដាបានងើបឡើងវិញចាប់តាំងពីដើមឆ្នាំមកនេះ។
លោកថាអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងកសិផលមួយចំនួន។ ជាមួយប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញ GSP ដែលអាមេរិកផ្តល់ឱ្យកម្ពុជាក៏ជាផ្នែកសំខាន់ដែលជួយឱ្យទំនិញកម្ពុជាកាន់តែច្រើន ត្រូវបាននាំទៅកាន់ទីនោះ។
លោកថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានខែមកនេះ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលមានភាពល្អប្រសើរជាងឆ្នាំមុន ព្រោះតម្រូវការនៅទីផ្សារគោលដៅរបស់យើងមានកំណើន»។
លោក ហុង វណ្ណៈ សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ទោះបីពេលនេះកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អដូចមុនពេលមានវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិក គឺបង្ហាញភាពវិជ្ជមានឡើងវិញជាបន្តបន្ទាប់ចាប់តាំងពីចុងឆ្នាំ ២០២៣។

លោកបញ្ជាក់ថា៖ «ការងើបឡើងវិញនៃតម្រូវការផលិតផលវាយនភណ្ឌនៅអាមេរិក ព្រមទាំងការកើនឡើងសមត្ថភាពផលិតកម្មនៅកម្ពុជានឹងជួយធ្វើឱ្យកម្ពុជាមានឱកាសទទួលប្រាក់ចំណូលកាន់តែច្រើនពីពាណិជ្ជកម្មទ្វេភាគីនេះ។ អាមេរិក គឺជាទីផ្សារទទួលទិញផលិតផលវាយនភណ្ឌចម្បងរបស់កម្ពុជា»។
នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ពាន់ លានដុល្លារ ពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់លានដុល្លារ ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។ នេះបើយោងតាមទិន្នន័យរបស់GDCE។៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


