សេដ្ឋកិច្ច
កសិករដាំបន្លែក្នុងក្រុងសែនមនោរម្យ រអ៊ូពីការធ្លាក់ចុះទីផ្សារ ដោយសារកំណើននៃបន្លែនាំចូល
កសិករដាំបន្លែនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថាមួយរយៈចុងក្រោយនេះ ទីផ្សារនៃបន្លែធម្មជាតិក្នុងស្រុក ហាក់ធ្លាក់ចុះ ដោយសារការវាយលុកខ្លាំងពីបន្លែនាំចូលពីប្រទេសជិតខាង យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក ផិន ផន ជាកសិករដាំបន្លែនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ និងជាអនុប្រធានសហគមន៍កសិកម្មបន្លែសាមគ្គីមនោរម្យ បានប្រាប់កម្ពុជាថ្មីថា លោកបានប្រកបមុខរបរកសិកម្មដាំបន្លែនេះតាំងពីឆ្នាំ២០០៦ មកម្លេះ ហើយនៅឆ្នាំ២០១៦ លោកបានចូលជាសមាជិកសហគមន៍បន្លែកសិកម្ម ឬបន្លែសុវត្ថិភាព ដែលមានឈ្មោះថា “សាមគ្គីមនោរម្យ”។ បន្លែដែលលោកបានដាំនាពេលកន្លងមក មានដូចជា សណ្តែកកួរ ស្ពៃក្ដោប ឆៃថាវ ស្ពៃបូកគោ ការ៉ុត ត្រប់ និងខាត់ណា ប៉ុន្តែដើម្បីតម្រូវទីផ្សារ លោកបានបន្ថែមដំណាំបួនមុខទៀតនាឆ្នាំចុងក្រោយនេះ រួមមានមើមយ៉េន ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម។

លោកបន្តថា ចាប់តាំងពីលោកចូលជាសមាជិកសហគមន៍ និងដោយមានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកបានផ្គត់ផ្គង់បន្លែ ទៅឲ្យក្រុមហ៊ុន មាសបៃតង នៅរាជធានីភ្នំពេញ ហើយអាចរកចំណូលបានគួរសមដើម្បីផ្គត់ផ្គង់ជីវភាព។
យ៉ាងណាក្ដី ងាកមកទីផ្សារនៅក្រុងសែនមនោរម្យវិញ ហាក់មិនសូវមានហាងឆេងប៉ុន្មាននោះទេ នាពេលបច្ចុប្បន្ននេះ ដោយសារជួបបញ្ហាប្រឈម បន្លែវាយលុកពីប្រទេសជិតខាង។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ មេត្តាជួយគាំទ្របន្លែដែលដាំដោយកសិករក្នុងខេត្ត ក៏ដូចជាបន្លែធម្មជាតិរបស់បងប្អូនជនជាតិដើមភាគតិច ដែលមិនប្រើប្រាស់សារធាតុគីមី ដើម្បីសុខភាពល្អ។ សម្រាប់បងប្អូនដែលរស់នៅរាជធានីភ្នំពេញ ចង់បរិភោគបន្លែធម្មជាតិពីខេត្តមណ្ឌលគិរី អាចរកបាននៅក្រុមហ៊ុន មាសបៃតង ឬកុម្ម៉ង់ផ្ទាល់ពីសហគម៍តាមរយៈលេខទូរសព្ទ ០៨៨ ៤៤២០ ៨៧៧។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរបរកសិកម្មដាំបន្លែក្នុងក្រុងសែនមនោរម្យមានផ្ទៃដីចំនួនជិត ២០ហិចតា ប៉ុន្តែសហគមន៍កសិកម្មដាំបន្លែសុវត្ថិភាព សាមគ្គីមនោរម្យ មានសមាជិកចំនួន ១៤ គ្រួសារប៉ុណ្ណោះ។ ពាក់ព័ន្ធទីផ្សារបន្លែនៅក្នុងក្រុងសែនមនោរម្យវិញ លោកបញ្ជាក់ថា កន្លងមកមន្ទីរបានចុះណែនាំដល់អាជីវករលក់បន្តនៅលើទីផ្សារ មេត្តាបញ្ជាក់ប្រាប់អតិថិជនឲ្យបានច្បាស់ អំពីបន្លែរបស់ខ្លួនថាជាបន្លែសហគមន៍ បន្លែជនជាតិដើមភាគតិច ឬបន្លែនាំចូល។ ក្នុងនាមមន្ទីរកសិកម្មខេត្ត នឹងប្រឹងប្រែងរកដៃគូសហការ ក៏ដូចជារកទីផ្សារជូនប្រជាកសិករក្នុងសហគមន៍ ក៏ដូចប្រជាកសិករទូទាំងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់ទៀត ដើម្បីឲ្យមានទីផ្សារល្អ សម្រួលដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ រៀម សុខហេង





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


